ជីវិត&អាជីវកម្ម | July 11, 2019 | 158

គន្លឹះរក្សាសុបិនចង់បង្កើតពាណិជ្ជកម្មឱ្យនៅមានជីវិត

លោកអ្នកមានគំនិតចង់បង្កើតក្រុមហ៊ុនមួយ ហើយក៏ប្រមូលធនធាន និងបង្កើតពាណិជ្ជកម្មដើម្បីបំពេញតាមទស្សនវិស័យខាងដើមនោះ។ ប៉ុន្តែតាមពិតទៅ ការអនុវត្តតាមផែនការទាំងនេះជារឿងពិបាកណាស់។ សម្រាប់ពាណិជ្ជកម្មថ្មី ការប្រកួតប្រជែងមានលក្ខណៈស្រួចស្រាវណាស់។ បន្ថែមពីលើនេះ សហគ្រិនអាចនឹងបរាជ័យក្នុងការសម្រេចតាមទស្សនវិស័យរបស់គេ។ ហេតុអ្វី? ប្រហែលគេបាត់បង់គំនិតច្នៃប្រឌិត ឬរារាំងដោយសារតែអសមត្ថភាពដើម្បីបត់បែនតាមសភាពការណ៍។ បញ្ហាទាំងអស់នេះចង្អុលទៅរករឿងតែមួយ គឺសហគ្រិនបាត់បង់ភាពច្បាស់លាស់នៃកិច្ចការដែលគេគួរតែធ្វើ។


បើលោកអ្នកជាសហគ្រិនដែលបង្កើតពាណិជ្ជកម្មថ្មី ដើម្បីទទួលបានជោគជ័យ លោកអ្នកត្រូវដឹងឱ្យច្បាស់អំពីគោលបំណងរបស់លោកអ្នក និងមានភាពបត់បែនរហ័សនៅពេលចាំបាច់។ លោកអ្នកត្រូវតែយល់របៀបសម្រេចគោលដៅដែលបានកំណត់ទុក។ បើលោកអ្នកត្រៀមខ្លួនរួចហើយដើម្បីចាប់ផ្តើមដំណើរសហគ្រិនភាពហើយ សូមពិចារណាយុទ្ធសាស្រ្តខាងក្រោមនេះដើម្បីធានាថាលោកអ្នកអាចរក្សាបានទស្សនវិស័យគ្រប់ពេល ៖


១/ បណ្តុះថាពលមិនដាច់នៅក្នុងក្រុមការងារ
ដើម្បីក្លាយជាសហគ្រិនជោគជ័យ លោកអ្នកត្រូវមានប្រភពថាមពលដើម្បីប្រើប្រាស់ស្ទើរគ្រប់ពេល ពីព្រោះពាណិជ្ជកម្មរបស់លោកអ្នកនឹងត្រូវការលោកអ្នកជានិច្ច។ ក្រុមការងាររបស់លោកអ្នកក៏គួរតែមានថាមពលកម្រិតខ្ពស់ដែរ។ លោកអ្នកត្រូវការមនុស្សជុំវិញខ្លួនចាំផ្តល់ជំនាញដែលលោកអ្នកមិនមាន ដូច្នេះទាំងអស់គ្នាលោកអ្នកអាចបង្កើតភាពស្វាហាប់រួមគ្នាដើម្បីសម្រេចគោលដៅបាន។ ទោះជាយ៉ាងណាការរក្សាថាមពលទៅមុខជានិច្ចមិនមែនជារឿងងាយស្រួលទេ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាខ្សោះអស់ថាមពល អ្នកជំនាញណែនាំថាមេដឹកនាំពាណិជ្ជកម្មគួរតែរៀនធ្វើសមាធិ និងស្វែងរកអ្នកណែនាំផ្លូវដើម្បីបង្កើតផ្នត់គំនិតរីកចម្រើន។ តើមានគំរូផ្នត់គំនិតរីកចម្រើនណាដែលប្រសើរជាងក្រុមហ៊ុនAmazon ដែលចាប់ផ្តើមចេញពីហាងលក់សៀវភៅតូចមួយលើអ៊ីនធឺណិតរហូតដល់រីកចម្រើនក្លាយជាទីផ្សារយក្សមួយនៅលើអ៊ីនថឺណិត? ច្បាស់ណាស់ថាCEO របស់ក្រុមហ៊ុននេះនិងបុគ្គលិកបានធ្វើប្រតិបត្តិការផែនការពាណិជ្ជកម្មដែលមានលក្ខណៈបត់បែនដើម្បីឈានដល់កម្រិតជោគជ័យដូចបច្ចុប្បន្ននេះ។

២/ បង្កើតផែនការពាណិជ្ជកម្មដែលទុកចន្លោះសម្រាប់ការផ្លាស់ប្តូរ
ការរក្សាគោលដៅនិងការទុកចន្លោះដើម្បីផ្លាស់ប្តូរប្រហែលមានភាពបញ្ច្រាសគ្នា។ ប៉ុន្តែរឿងនេះមិនមែនជាការពិតទេនៅពេលនិយាយអំពីផែនការពាណិជ្ជកម្ម។ ការប្រកាន់តាមបេសកកម្មដែលកំណត់ទុកជារឿងសំខាន់ណាស់ ប៉ុន្តែផ្លូវដែលលោកអ្នកត្រូវដើរដើម្បីទៅដល់គោលដៅប្រហែលមិនចាំបាច់ត្រូវតែជាផ្លូវដែលោកអ្នកបានកំណត់ទុកនោះទេ។ នៅពេលលោកអ្នកយល់ច្បាស់អំពីការចំណាយ ផលិតផល និងអតិថិជន លោកអ្នកត្រូវមានសមត្ថភាពបត់បែនទៅតាមការផ្លាស់ប្តូរ។

បើលោកអ្នកមិនព្រមផ្តល់ឱកាសឱ្យខ្លួនឯងបានផ្លាស់ប្តូរនិងបត់បែនទៅតាមដំណើរវិវត្តន៍របស់សង្គមនិងបច្ចេកវិទ្យាទេ លោកអ្នកនឹងត្រូវសំងំរស់តែក្នុងអតីតកាលនិងសម្លឹងមើលការរីកចម្រើនជុំវិញខ្លួន។


៣/ ធ្វើប្រតិបត្តិការដោយមានភាពច្បាស់លាស់ចំពោះកិច្ចការ
នៅគ្រប់កម្រិតនៃពាណិជ្ជកម្មរបស់លោកអ្នកគួរតែធ្វើដោយភាពច្បាស់លាស់បំផុត។ ទស្សនវិស័យរបស់លោកអ្នកគួរតែដឹកនាំការយល់ដឹងចំពោះពាណិជ្ជកម្មសម្រាប់ក្រុមការងាររបស់លោកអ្នក ហើយទស្សនវិស័យនោះគួរតែមានលក្ខណៈច្បាស់លាស់នៅពេលលោកអ្នកដើរចូលការិយាលរាល់ព្រឹក។ សមាជិកនីមួយៗក្នុងក្រុមការងាររបស់លោកអ្នកគួរតែដឹងថាកិច្ចការនីមួយៗរបស់គេអាចជួយប្រែក្លាយទស្សនវិស័យនោះឱ្យទៅជាការពិតដូចម្តេចខ្លះ។

ក្នុងនាមជាសហគ្រិន លោកអ្នកត្រូវរៀនទទួលស្គាល់របៀបផ្ទាល់ខ្លួនរបស់លោកអ្នកនិងតម្រូវការរបស់ខ្លួនឯង។ ដើម្បីជួយក្រុមការងារឱ្យទទួលបានជោគជ័យក្នុងពាណិជ្ជកម្ម លោកអ្នកត្រូវស្វែងរកឱ្យឃើញប្រភពថាមពល បង្កើតផែនការពាណិជ្ជកម្មបត់បែន និងអនុវត្តក្នុងរបៀបដែលយល់ច្បាស់លាស់។


ប្រែសម្រួល ៖ វេហា
ប្រភព ៖  Entrepreneur

មតិយោបល់