បច្ចេកវិទ្យា | July 11, 2019 | 208

ការហាត់ប្រាណធ្វើឱ្យជីវិតមានសុភមង្គលជាងលុយទៅទៀត

ច្បាស់ណាស់ថាការហាត់ប្រាណមានប្រយោជន៍ចំពោះសុខភាពទាំងសម្រាប់ផ្លូវកាយផងនិងផ្លូវចិត្តផង ប៉ុន្តែតើលោកអ្នកនឹងគិតយ៉ាងណាបើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តអាចអះអាងថាការហាត់ប្រាណពិតជាមានសារៈសំខាន់ខ្លាំងចំពោះសុខភាពផ្លូវចិត្តរបស់លោកអ្នកជាងលុយទៅទៀត?


ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាYale និងសកលវិទ្យាល័យOxford បានប្រមូលទិន្នន័យអំពីឥរិយាបថនិងអារម្មណ៍របស់មនុស្សជាង១,២លាននាក់។ ក្រុមអ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវបានឆ្លើយសំណួរមួយចំនួនដូចជា “តើអ្នកមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តប៉ុន្មានដងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយនេះ ដែលបណ្តាលមកពីបញ្ហាសម្ពាធអារម្មណ៍ ភាពតានតឹង ឬបញ្ហាអារម្មណ៍?”

ក្រុមអ្នកចូលរួមទាំងនោះក៏ត្រូវឆ្លើយសំណួរអំពីប្រាក់ចំណូលនិងសកម្មភាពមួយចំនួនទៀតតាំងពីការកាត់ស្មៅក្នុងសួនច្បារ ការមើលថែកូន រហូតដល់កិច្ចការផ្ទះជាច្រើនទៀតជាង៧០ប្រភេទ។ 

ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា មនុស្សដែលមានទម្លាប់ហាត់ប្រាណទៀងទាត់មានអារម្មណ៍មិនល្អប្រហែល៣៥ថ្ងៃក្នុងមួយឆ្នាំ មនុស្សដែលមិនសូវមានសកម្មភាពមានអារម្មណ៍មិនល្អ១៨ថ្ងៃលើសមនុស្សសកម្ម។ បន្ថែមពីលើនេះ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញដែរថា មនុស្សដែលមានសកម្មភាពច្រើនមានអារម្មណ៍ល្អដូចអ្នកមិនលេងកីឡាដែរ ប៉ុន្តែជាមនុស្សដែលរកប្រាក់ចំណូលបានប្រហែល២៥,០០០ដុល្លារច្រើនជាងគេ។ មានន័យថាលោកអ្នកមិនចាំបាច់ត្រូវរកលុយឱ្យបានច្រើនដើម្បីទទួលបានភាពរីករាយក្នុងជីវិត ដូចអ្នកហាត់កីឡានោះទេ។

ទោះជាយ៉ាងណា ក៏មិនមែនមានន័យថាបើលោកអ្នកហាត់កីឡាកាន់តែច្រើនលោកអ្នកនឹងមានសុភមង្គលកាន់តែច្រើននោះទេ។ លំហាត់ប្រាណជាទម្លាប់ល្អហើយ ប៉ុន្តែតើត្រូវហាត់ប្រាណកម្រិតប៉ុនណាទើបសមល្មម?

ឆ្លើយតបនឹងសំណួរនេះ ការសិក្សាបានរកឃើញថាសកម្មភាពរាងកាយចូលរួមវិភាគទានក្នុងសុខមាលភាពផ្លូវចិត្តកាន់តែប្រសើរឡើងនៅពេលធ្វើក្នុងក្របខណ្ឌសមស្រប ពោលគឺក្នុងមួយសប្តាហ៍គួរមានលំហាត់ប្រាណចន្លោះពី៣ទៅ៥ដង ហើយក្នុងម្តងៗគួរមានរយៈពេល៣០ទៅ៦០នាទី។

បើហាត់ប្រាណច្រើនជាងនេះអាចនឹងនាំទៅរកផលអវិជ្ជមានវិញ។ មនុស្សដែលហាត់ប្រាណលើសពី៣ម៉ោងក្នុងមួយថ្ងៃមានបញ្ហាសុខភាពផ្លូវចិត្តច្រើនជាងមនុស្សដែលមិនហាត់ប្រាណទៅទៀត។ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញដែរថាកីឡាមួយចំនួនដែលត្រូវលេងជាមួយគ្នាអាចនាំទៅរកលទ្ធផលវិជ្ជមានច្រើនចំពោះសុខភាពផ្លូវចិត្តជាងកីឡាដែលធ្វើតែឯង។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ World Economic Forum

មតិយោបល់