ជីវិត&អាជីវកម្ម | July 11, 2019 | 188

វិធីសាស្រ្តដឹកនាំក្រុមការងារសម្រាប់មនុស្សមិនធ្លាប់ធ្វើការឱ្យគេ

តាមទម្លាប់ ដើម្បីក្លាយទៅជាCEOក្នុងក្រុមហ៊ុនមួយ ឬឡើងកាន់តំណែងជាអ្នកគ្រប់គ្រងម្នាក់ លោកអ្នកត្រូវតែចំណាយពេលច្រើនធ្វើការឱ្យអ្នកដទៃ បង្កើតបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ និងមានស្នាដៃជោគជ័យក្នុងការគ្រប់គ្រង។ ប៉ុន្តែសព្វថ្ងៃនេះ ក្នុងពេលដែលបច្ចេកវិទ្យារីកចម្រើន គំនិតច្នៃប្រឌិតកាន់តែសម្បូរបែប មានCEO ក្រុមហ៊ុនថ្មីៗកាន់តែច្រើនឡើងមិនធ្លាប់មានបទពិសោធន៍ធ្វើជាបុគ្គលិករបស់គេទេ។

ទោះបីលោកអ្នកជាCEOលើកទីមួយ ជាមេដឹកនាំក្រុមការងារលើកទីមួយ ឬជាអ្នកគ្រប់គ្រងគម្រោងថ្មីក៏ដោយ ក៏មានមេរៀនមួយចំនួនដែលលោកអ្នកអាចប្រើប្រាស់ដើម្បីជួយធ្វើការបានយ៉ាងជោគជ័យដែរ ៖


១/ ពាណិជ្ជកម្មរីកកាន់តែធំ ប៉ុន្តែលោកអ្នកមិនរីកទេ
សម្រាប់ស្ថាបនិកក្រុមហ៊ុនដែលផ្លាស់ប្តូរទៅជាCEO ឬបុគ្គលិកដែលឡើងមុខតំណែងក្នុងជួរអ្នកគ្រប់គ្រង អារម្មណ៍ពិបាកបែងចែកពេលវេលាធ្វើការគ្រប់ផ្នែកក្នុងពេលតែមួយជាបញ្ហាប្រឈម។ ហេតុផលដែលមនុស្សកាន់មុខតំណែងជាអ្នកដឹកនាំនេះគឺដោយសារឥរិយាបថអាចធ្វើបាន និងឥរិយាបថហ៊ានទទួលខុសត្រូវរបស់គេ ព្រមទាំងការស្ម័គ្រចិត្តធ្វើកិច្ចការគ្រប់យ៉ាង។ ប៉ុន្តែមិនយូរប៉ុន្មានលោកអ្នកត្រូវរងទម្ងន់ធំ គឺក្នុងពេលដែលពាណិជ្ជកម្មរីកកាន់តែធំ លោកអ្នកនៅតែជាមនុស្សម្នាក់ដដែល។

ការពាក់ព័ន្ធក្នុងការសម្រេចចិត្តទាំងអស់អាចធ្វើឱ្យពាណិជ្ជកម្មយឺតយ៉ាវបាន ពីព្រោះដំណើររីកចម្រើនរបស់លោកអ្នកមិនអាចលឿនដូចការចង់បានរបស់មនុស្សជុំវិញខ្លួនទេ។ ការបំបែកទំនួលខុសត្រូវចែកគ្នាអាចជួយលោកអ្នកនិងមនុស្សជុំវិញខ្លួនរីកចម្រើននិងសម្រេចបានសក្តានុពលរៀងៗខ្លួន។


២/ ដកខ្លួនចេញពីផ្លូវ
ទោះបីលោកអ្នកបង្កើតក្រុមហ៊ុនមួយពីដំបូងមក ឬមួយលោកអ្នកជាម្ចាស់គម្រោងអ្វីមួយក៏ដោយ ក៏លោកអ្នកត្រូវប្រយ័ត្នញៀននឹងរបៀបធ្វើការទៅតាមទម្លាប់ផ្ទាល់ខ្លួន។ តួនាទីចម្បងមួយរបស់មេដឹកនាំគ្រប់រូបគឺត្រូវអភិវឌ្ឍមនុស្សជុំវិញខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យទស្សនវិស័យរបស់លោកអ្នកចំពោះអនាគតអាចក្លាយជាការពិតបាន។ ដើម្បីធ្វើបែបនេះបានលោកអ្នកត្រូវកាត់បន្ថយការក្តោបក្តាប់អំណាចខ្លះ និងផ្តល់ឱកាសឱ្យអ្នកដទៃអាចធ្វើការតាមរបៀបរបស់គេខ្លះ។ អ្នកដទៃប្រហែលមិនអាចធ្វើការតាមរបៀបចង់បានរបស់លោកអ្នកទេ ប៉ុន្តែប្រហែលគេអាចសម្រេចបានលទ្ធផលរហ័សជាងនិងមានប្រសិទ្ធភាពជាងការរំពឹងទុករបស់លោកអ្នក។ 
ចែកភាពជាម្ចាស់ការតាមរយៈការបង្កើតភាពជាសហម្ចាស់ការនៃពាណិជ្ជកម្មរបស់លោកអ្នក។ កំណត់គោលដៅឱ្យច្បាស់ ដាក់ព្រំដែន ឬវិធានការការពារមួយចំនួនបើចាំបាច់ បន្ទាប់មកត្រូវដកខ្លួនចេញពីការរាំងស្ទះផ្លូវ ហើយបណ្តោយឱ្យក្រុមការងារបង្កើតពាណិជ្ជកម្មរបស់ពួកគេនៅក្នុងពាណិជ្ជកម្មរបស់លោកអ្នក។


៣/ ពិនិត្យនិងវាយតម្លៃខ្លួនឯងឱ្យបានញឹកញាប់
នៅពេលលោកអ្នកធ្វើជាCEO ហើយខ្វះខាតបទពិសោធន៍ការងារពីខាងក្រៅ លោកអ្នកអាចបំពេញចន្លោះនេះបានតាមរយៈការប្រើប្រាស់អារម្មណ៍និងជំនឿចិត្តរបស់លោកអ្នក។ ប្រហែលលោកអ្នកមិនមានប្រាជ្ញាដែលកើតឡើងពីការសន្សំច្រើនឆ្នាំក្នុងការងារទេ ប៉ុន្តែមានចំណេះដឹងម្យ៉ាងដែលអាចរកបាននៅក្នុងអារម្មណ៍របស់លោកអ្នក។ ហេតុដូច្នេះហើយបានជាការសម្រេចចិត្តសំខាន់ៗមួយចំនួនត្រូវធ្វើឡើងដោយពឹងផ្អែកលើអារម្មណ៍ជាជាងបទពិសោធន៍ ប៉ុន្តែលោកអ្នកត្រូវធ្វើឱ្យប្រាកដថាលោកអ្នកជួលមនុស្សដែលមានជំនាញនិងភាពក្លាហានហ៊ានពិនិត្យនិងវាយតម្លៃលោកអ្នក។
លោកអ្នកត្រូវស្មោះត្រង់ចំពោះលក្ខណៈសម្បត្តិដែលលោកអ្នកខ្វះខាត និងស្វែងរកមនុស្សដែលមានជំនាញនោះមកបំពេញបង្រ្គប់។ ការធ្វើបែបនេះនឹងជួយបញ្ជៀសលោកអ្នកពីការបង្កើតទស្សនវិស័យចង្អៀត និតអំនួតចំពោះខ្លួនឯង។


៤/ បើកចិត្តបង្ហាញភាពស្មោះត្រង់និងទទួលយកការរិះគន់
ការខ្លាចពាក្យរិះគន់ឬយោបល់ពីអ្នកដទៃជារឿងងាយនឹងកើតឡើងណាស់ ជាពិសេសនៅពេលលោកអ្នកជាCEO ឬអ្នកគ្រប់គ្រងវ័យក្មេង។ ការជួលមនុស្សដែលមានបទពិសោធន៍និងចំណេះដឹងច្រើនជាងលោកអ្នកអាចនឹងផ្តល់ឱកាសឱ្យលោកអ្នកប្រើប្រាស់ចរិតក្លែងក្លាយដើម្បីបន្លំភ្នែកគេ។ លោកអ្នកត្រូវធ្វើឱ្យប្រាកដថាមិនប្រើប្រាស់”វិធីសាស្រ្តមិនដឹងអីជារឿងល្អបំផុត” ដើម្បីយល់ដឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង។ ការរិះគន់ជាពាក្យពិបាកស្តាប់ណាស់ ប៉ុន្តែជារឿងចាំបាច់ដើម្បីប្រែក្លាយខ្លួនទៅជាមេដឹកនាំដែលចេះបត់បែននិងអភិវឌ្ឍខ្លួនជាមួយនឹងពាណិជ្ជកម្ម។


៥/ រៀនពីរបៀបក្រៅផ្លូវការ
បើទោះបីលោកអ្នកជាអ្នកដឹកនាំផ្លូវក៏ដោយ លោកអ្នកមិនចាំបាច់ត្រូវតែជាមនុស្សដឹងគ្រប់ចម្លើយនោះទេ។ ប៉ុន្តែលោកអ្នកត្រូវចេះរបៀបស្វែងរកចម្លើយទាំងអស់។ ជាទូទៅចម្លើយស្ថិតនៅក្នុងចំណោមក្រុមការងាររបស់លោកអ្នក។ រៀនឱ្យតម្លៃទស្សនៈនិងគំនិតយោបល់របស់បុគ្គលិកនិងអតិថិជនតាមរយៈការស្តាប់គេយ៉ាងយកចិត្តទុកដាក់។ លោកអ្នកក៏អាចបង្កើតពេលជួបប្រជុំគ្នាក្រៅផ្លូវការជាប្រចាំដើម្បីជជែកដេញដោលរឿងគ្រប់យ៉ាងដែលមាននៅក្នុងចិត្តដែរ។

ការផ្លាស់ប្តូរពីស្ថាបនិកទៅជាCEO ឬពីបុគ្គលិកម្នាក់ទៅជាអ្នកគ្រប់គ្រងជាជំហានដ៏ធំសម្រាប់មនុស្សគ្រប់គ្នាទោះជាលោកអ្នកមានបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែតាមរយៈការអនុវត្តតាមគន្លឹះមួយចំនួនខាងលើនេះ លោកអ្នកនឹងបង្កើតបានកម្លាំងការងារសហគ្រិនមួយដែលជួយនាំពាណិជ្ជកម្មរបស់លោកអ្នកទៅកាន់តែខ្ពស់មួយកម្រិតទៀត។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur

មតិយោបល់