ជីវិត&អាជីវកម្ម | July 11, 2019 | 96

អាថ៌កំបាំង​ដែលមនុស្សជោគជ័យនៅតែបន្តទទួលជោគជ័យកាន់តែខ្ពស់

លោកស្រី Christine Lagarde បានទទួលការឧទ្ទេសនាមជាប្រធានធានាគារកណ្តាលរបស់សហភាពអឺរ៉ុបនៅអាណត្តិក្រោយនេះ និងជាស្រ្តីហើយជាមេធាវីទីមួយហើយដែលកាន់មុខតំណែងនេះ។ លោកស្រីជាមនុស្សទទួលបានជោគជ័យនិងបន្តជោគជ័យកាន់តែខ្ពស់ថែមទៀត។ លោកស្រីជានាយិការគ្រប់គ្រងនិងជាប្រធានកិត្តិយសមូលនិធិរូបិយបណ្ណអន្តរជាតិ(IMF) ហើយក៏ជាស្រ្តីទីមួយដែរដែលកាន់មុខតំណែងនេះ។ នៅមុននោះលោកស្រីបានធ្វើការក្នុងមុខតំណែងខ្ពស់ៗជាច្រើនក្នុងជួររដ្ឋាភិបាលបារាំង ហើយក៏ធ្លាប់ធ្វើជាប្រធានស្រីទីមួយនៃក្រុមហ៊ុនច្បាប់អន្តរជាតិដែរ Baker & McKenzie។

តើមានអាថ៌កំបាំងអ្វីដែលធ្វើឱ្យលោកស្រី Lagarde ទទួលបានជោគជ័យនិងបន្តកើនឥទ្ធិពលបែបនេះ? យ៉ាងហោចណាស់មានកត្តាបីដែលបានជួយលោកស្រីឱ្យឡើងកាន់តែខ្ពស់ ៖


១/ មានសាវតាវិជ្ជាជីវៈច្រើនប្រភេទ
លោកស្រី Lagarde ជាមេធាវី មិនមែនជាអ្នកសេដ្ឋកិច្ចទេ។ លោកស្រីនឹងក្លាយជាមនុស្សទីមួយដែលមិនមែនជាអ្នកសេដ្ឋកិច្ចហើយមានឥទ្ធិពលលើគោលនយោបាយហិរញ្ញវត្ថុក្នុងតំបន់ចាយលុយអឺរ៉ូ។ ក្រុមអ្នករិះគន់លើកឡើងថា លោកស្រី Lagarde ខ្វះបទពិសោធន៍សេដ្ឋកិច្ចដើម្បីធ្វើការ។ ប៉ុន្តែប្រហែលកង្វះខាតនេះជាហេតុផលមួយដែលនាំឱ្យលោកស្រីកាន់មុខតំណែងធំនេះ។
នៅពេលលោកអ្នកធ្វើការដល់កម្រិតមួយក្នុងវិស័យការងារ បទពិសោធន៍មនុស្សគ្រប់គ្នាអាចមានរបៀបដូចគ្នា។ ការមានអ្វីដែលខុសប្លែកពីគេ ឬជំនាញខុសគេអាចជួយលោកអ្នកឱ្យមានភាពលេចធ្លោជាងគេ។ បទពិសោធន៍របស់លោកអ្នក ទោះជាក្នុងវិស័យអ្វីក៏ដោយ ជាគន្លឹះដែលជួយលោកអ្នកទទួលបានជោគជ័យ។


២/ មានភាពឈ្លាសវៃក្នុងនយោបាយ
ច្បាប់ រដ្ឋាភិបាល និងហិរញ្ញវត្ថុសុទ្ធតែជាវិស័យដែលពិបាកធ្វើការ។ វិស័យទាំងអស់នេះអាចធ្វើឱ្យមនុស្សរីកចម្រើនរហ័សនិងអាចរំលាយមនុស្សវិញក៏រហ័សដែរ ជាពិសេសសុទ្ធតែជាវិស័យការងារដែលមានមនុស្សប្រុសគ្របដណ្តប់។ លោកស្រី Lagarde ល្បីឈ្មោះថាជាអ្នកចរចាដ៏វៃឆ្លាត និងធ្លាប់បានចរចាជោគជ័យក្នុងវិស័យការងារទាំងអស់នេះ ដោយសារលោកស្រីស្គាល់នយោបាយ និងចេះទាំងរបៀបលេងនយោបាយ។

ទោះជាលោកអ្នកចូលចិត្តឬមិនចូលចិត្តក៏ដោយ ក៏នយោបាយដើរតួសំខាន់ណាស់ក្នុងរបៀបគ្រប់គ្រងស្ថាប័ន និងអាចមានឥទ្ធិពលលើជោគជ័យរបស់លោកអ្នក។ លោកអ្នកនឹងខាតបង់ប្រយោជន៍ច្រើនក្នុងការព្រងើយកន្តើយចំពោះនយោបាយនិងការជ្រើសរើសនៅឆ្ងាយពីនយោបាយ។ នយោបាយគឺការដឹងរបៀបធ្វើកិច្ចការ។ មនុស្សជោគជ័យប្រើប្រាស់នយោបាយដើម្បីធ្វើជាមគ្គុទ្ទេសក៍បង្ហាញរបៀបប្រកាន់ជំហរដើម្បីសម្រេចបានកិច្ចការដែលគេចង់បាន។ នយោបាយគឺការចេះរៀបចំយុទ្ធសាស្រ្ត មិនមែនជាការបោកប្រាស់ទេ។


៣/ បង្កើតទំនាក់ទំនងឱ្យបានច្រើន
នៅក្នុងតួនាទីជាមេដឹកនាំស្ថាប័នច្បាប់សកលមួយ ជារដ្ឋមន្រ្តីបារាំងមួយរូប និងជាប្រធានមូលនិធិរូបិយបណ្ណអន្តរជាតិ លោកស្រី Lagarde បានបង្កើតទំនាក់ទំនងជាមួយមនុស្សជាច្រើននាក់ក្នុងពិពភលោកទាំងសម្រាប់ខ្លួនឯងនិងស្ថាប័នរបស់លោកស្រីទទួលបានជោគជ័យ។ ទំនាក់ទំនងទាំងងស់នេះក៏បានជួយលោកស្រីបង្កើតបានផ្នត់គំនិតអន្តរជាតិនិងសកលដែរ សម្រាប់តួនាទីខាងមុខរបស់លោកស្រីធនាគារកណ្តាលរបស់សហភាពអឺរ៉ុប។

ក្នុងពេលដែលសមត្ថភាព និងលទ្ធផលការងារជាផ្នែកសំខាន់ ទំនាក់ទំនងជាគន្លឹះពិតប្រាកដដែលនាំលោកអ្នកទៅរកការងារដែលលោកអ្នកចង់បាន។ មនុស្សគ្រប់គ្នាចង់ធ្វើការជាមួយមនុស្សណាដែលគេចូលចិត្តនិងអាចទុកចិត្តបាន។ វិធីតែមួយគត់ដែលមនុស្សម្នាក់អាចសម្រេចចិត្តថាគេចូលចិត្តមនុស្សណាម្នាក់ឬអត់នោះគឺតាមរយៈការស្គាល់គ្នា។

ជោគជ័យបង្កើតជោគជ័យ។ ដើម្បីបន្តរីកចម្រើនក្នុងអាជីព លោកអ្នកគួរតែបណ្តុះផ្នត់គំនិតវិជ្ជាជីវៈ រៀនស្គាល់របៀបមនុស្សធ្វើការ និងតែងតែទាញប្រយោជន៍ពីឱកាសដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Forbes

មតិយោបល់