ជីវិត&អាជីវកម្ម | June 12, 2019 | 165

ទទួលទានកាហ្វេមួយថ្ងៃ២៥ពែងក៏មិនខូចសុខភាពដែរ

អ្នកចូលចិត្តទទួលទានកាហ្វេប្រហែលអាចធូរចិត្តហើយ នៅពេលដែលការសិក្សាថ្មីមួយរកឃើញថាការទទួលទានភេសជ្ជដែលមានសារធាតុកាហ្វេអ៊ីនច្រើនមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងទេ។


មនុស្សសព្វថ្ងៃកំពុងតែទទួលបានសារលាយចម្រុះគ្នាអំពីភេសជ្ជៈដ៏ពេញនិយមមួយប្រភេទ ក្នុងពេលដែលការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថាការទទួលទានកាហ្វេអាចជួយធ្វើឱ្យសុខភាពប្រសើរឡើង ចំណែកការសិក្សាខ្លះទៀតណែនាំមនុស្សឱ្យកាត់បន្ថយការទទួលទានកាហ្វេ។

ការសិក្សាកន្លងមកបានបង្ហាញថាកាហ្វេអាចបណ្តាលឱ្យមានសម្ពាធខ្លាំងលើបេះដូង និងបង្កើនលទ្ធភាពខ្ពស់នៃការដាច់សសៃរឈាម ឬគាំងបេះដូង។ ប៉ុន្តែការសិក្សាថ្មីមួយក្រោមជំនួយពីមូលនិធិបេះដូងរបស់ប្រទេសអង់គ្លេសបានរកឃើញថាការទទួលទានកាហ្វេមួយថ្ងៃ៥ពែងមិនមានបញ្ហាអ្វីលើសពីការទទួលទានមួយថ្ងៃមួយពែងទេ។ ការសិក្សាលើមនុស្សជាង៨ ០០០នាក់នៅទូទាំងប្រទេសអង់គ្លេសក៏បានរកឃើញដែរថា មនុស្សដែលទទួលទានកាហ្វេរហូតដល់២៥ពែងក្នុងមួយថ្ងៃក៏មិនបាននាំទៅរកបញ្ហាសុខភាពអ្វីលើសមនុស្សដែលទទួលទានមួយថ្ងៃតិចជាងមួយពែងនោះទេ។

នៅក្នុងការសិក្សាថ្មីបំផុតនេះ ក្រុមអ្នកវិទ្យាសាស្រ្តពីសកលវិទ្យាល័យ Queen Mary បានបែងចែកមនុស្សចំនួន៨៤១២នាក់ទៅជាបីក្រុមដែលរាយការណ៍អំពីបរិមាណនៃការទទួលទានកាហ្វេរបស់ពួកគេ។ ក្រុមទីមួយគឺមនុស្សដែលទទួលទានកាហ្វេតិចជាងមួយពែងក្នុងមួយថ្ងៃ ក្រុមទីពីរទទួលទានចន្លោះពីមួយពែងទៅបីពែង ហើយក្រុមទីបីជាមនុស្សដែលទទួលទានលើសពីបីពែង ហើយមានអ្នកខ្លះទៀតទទួលទានរហូតដល់២៥ពែងក្នុងមួយថ្ងៃ។

អ្នកចូលរួមទាំងអស់ក្នុងការសិក្សានេះទទួលបានការវាស់ស្ទង់ចង្វាក់បេះដូងនិងការពិនិត្យមួយចំនួនទៀត។ លោក Kenneth Fung ដែលដឹកនាំការវិភាគទិន្នន័យនេះបានប្រាប់បណ្តាញផ្សព្វផ្សាយCNN ថា “អ្វីដែលយើងបានរកឃើញគឺថាការទទួលទានកាហ្វេលើសពីបីពែងក្នុងមួយថ្ងៃមិនបានធ្វើឱ្យប៉ះពាល់ដល់់សសៃរឈាមអ្វីទេពេលប្រៀបធៀបជាមួយនឹងមនុស្សដែលទទួលទានកាហ្វេមួយថ្ងៃមួយពែងឬតិចជាងនេះ។ ហេតុដូច្នេះហើយ សារសំខាន់សម្រាប់មនុស្សទូទៅគឺថាគេអាចទទួលទានកាហ្វេទៅតាមការចូលចិត្តរបស់គេបាន។”

អ្នកជំនាញដដែលនេះបានបញ្ជាក់បន្ថែមថា “យើងមិនប្រាប់មនុស្សឱ្យទទួលទានកាហ្វេមួយថ្ងៃ២៥ពែងនោះទេ។ បើលោកអ្នកទទួលក្នុងកម្រិតសមល្មម លោកអ្នកមិនបាច់បារម្ភចំពោះបញ្ហាសុខភាពអ្វីទេ។”

ការសិក្សានេះក៏បានបង្ហាញដែរថា អ្នកទទួលទានកាហ្វេក្នុងកម្រិតមធ្យមនិងកម្រិតខ្ពស់ ភាគច្រើនជាមនុស្សប្រុស ជាអ្នកជក់បារី និងជាអ្នកទទួលទានសារធាតុស្រវឹងជាប្រចាំ។

សាស្រ្តាចារ្យ Metin Avkiran នៅមូលនិធិបេះដូងរបស់ប្រទេសអង់គ្លេស បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានការសិក្សាខុសគ្នាចំនួន៧ដែលបកស្រាយផ្សេងគ្នាអំពីកាហ្វេ ហើយមនុស្សទូទៅពិបាកកំណត់យកថាត្រូវជឿលើការសិក្សាមួយណា។ ការសិក្សាមួយនេះរំពឹងថាអាចធ្វើឱ្យបណ្តាញផ្សព្វផ្សាយខ្លះទទួលបានពន្លឺខ្លះអំពីរឿងមិនពិតដែលកាហ្វេធ្វើឱ្យប៉ះពាល់ដល់សសៃរឈាមរបស់យើង។”

ប្រែសម្រួល ៖ វេហា
ប្រភព ៖ CNN

មតិយោបល់