ជីវិត&អាជីវកម្ម | June 12, 2019 | 189

កម្រងសម្តីមាសរបស់លោកJim Rohn ដែលជួយដល់ជោគជ័យក្នុងជីវិត

មនុស្សគ្រប់គ្នា ជាពិសេសសហគ្រិន ខិតខំធ្វើការដើម្បីបង្កើតពាណិជ្ជកម្មពីបាតដៃទទេ និងចូលចិត្តដំណើររឿងពីអ្នកក្រទៅជាអ្នកមានណាស់។ រឿងរ៉ាវពីក្រទៅមានដ៏អស្ចារ្យមួយគឺដំណើរជីវិតរបស់លោកJim Rohn។ លោកJim បានចំណាយពេលជិតពេញមួយជីវិតដើម្បីផ្តល់ជូនមនុស្សជាតិវិញតាមរយៈការបង្រៀមអំពីរបៀបទទួលបានជោគជ័យក្នុងការលក់។ លោកបានព្យាយាមបង្រៀនមនុស្សថាគេអាចក្លាយទៅជាអ្វីក៏បានតាមការសម្រេចចិត្តជ្រើសរើសរបស់គេ។


លោកJim បានចាប់ផ្តើមអាជីពជាអ្នកកាន់ឃ្លាំងនៅក្រុមហ៊ុនមួយ ប៉ុន្តែក្រោយពីបានចូលរួមសិក្ខាសាលាមួយរបស់សហគ្រិន John Earl Shoaff លោកបានសម្រេចចិត្តដើរតាមផ្លូវផ្សេងពីមុន។ លោកJim បានសុំលោកShoaff ជាអ្នកបង្ហាញផ្លូវនិងដើរតាមគ្រប់ដំបូន្មានដែលទទួលបាន។ មិនយូរប៉ុន្មានលោកJim បានសង្កេតឃើញថា “ទោះជាមនុស្សឈ្នះឬរកលុយបានមួយលានដុល្លារក៏ដោយ រឿងល្អបំផុតគឺត្រូវរបៀបធ្វើជាសេដ្ឋីឱ្យបានឆាប់ បើមិនដូច្នេះទេអ្នកនឹងបាត់បង់លុយនោះទៅវិញមិនខាន។”

លោកJim រកលុយបានខ្ទង់លានដុល្លារក្នុងរយៈពេលត្រឹមតែពីរបីឆ្នាំប៉ុណ្ណោះ ហើយបញ្ជាក់ថាក្រោយពីដឹងក្បួនរកលុយបានមួយលានដុល្លារជាលើកដំបូងហើយ ការរកលុយមួយលានដុល្លារទៀតជាលើកទីពីរកាន់តែមានភាពងាយស្រួល។ នៅឆ្នាំ១៩៦៣ លោកJim បានចាប់ផ្តើមនិយាយជាសាធារណៈនិងធ្វើដំណើរទូទាំងប្រទេសដើម្បីចែករំលែកទស្សនវិជ្ជាអភិវឌ្ឍខ្លួនរបស់លោក។ ភាគច្រើននៃមេរៀនរបស់លោកJim មាននៅលើYouTube ហើយមានតម្លៃគួរដល់ការស្តាប់ច្រើនដងណាស់។

អស់រយៈពេលជាង៤០ឆ្នាំ លោកJim ជាមនុស្សម្នាក់ក្នុងចំណោមអ្នកពូកែនិយាយខាងលើកទឹកចិត្តនិងជាមនុស្សមានសម្តីពោរពេញដោយឥទ្ធិពលសម្រាប់មនុស្សដែលស្វែងរកដំបូន្មានខាងអភិវឌ្ឍខ្លួន។ លោកក៏ជាអ្នកណែនាំផ្លូវមនុស្សល្បីម្នាក់ទៀតនៅក្នុងវិស័យអភិវឌ្ឍខ្លួនដែរគឺលោក Tony Robbins។
បើលោកអ្នកស្វែងរកការផ្លាស់ប្តូរក្នុងជីវិត លោកអ្នកអាចចាប់ផ្តើមពីការពិចារណាកម្រងសម្តីមាសមួយចំនួនរបស់លោកJim Rohn នៅខាងក្រោមនេះ ៖

១/ កុំប្រាថ្នាចង់ឱ្យរឿងរ៉ាវមានភាពងាយស្រួលជាងនេះ ប៉ុន្តែត្រូវប្រាថ្នាចង់ឱ្យខ្លួនឯងប្រសើរជាងនេះ។ កុំប្រាថ្នាចង់បានបញ្ហាតិច ប៉ុន្តែត្រូវប្រាថ្នាចង់បានជំនាញឱ្យច្រើនដើម្បីដោះស្រាយបញ្ហា។ កុំប្រាថ្នាចង់បានឧបសគ្គតិច ប៉ុន្តែត្រូវប្រាថ្នាចង់បានប្រាជ្ញាឱ្យច្រើនឡើង។

 

២/ ការមើលឃើញឪពុកម្នាក់ដែលមានលុយប៉ុន្តែគ្មានភាពរីករាយជារឿងគួរឱ្យក្រៀមក្រំណាស់។ មនុស្សនេះរៀនតែរឿងសេដ្ឋកិច្ច ប៉ុន្តែមិនដែលរៀនអំពីសុភមង្គលទេ។


៣/ វិន័យជាស្ពានរវាងគោលដៅនិងជោគជ័យ។


៤/ បរាជ័យមិនមានជាព្រឹត្តិការណ៍ធំតែមួយនោះទេ។ គ្មាននរណាម្នាក់បរាជ័យភ្លាមៗនោះទេ។ ផ្ទុយទៅវិញ បរាជ័យជាកំហុសមួយចំនួនក្នុងការវាយតម្លៃដែលកើតឡើងរាល់ថ្ងៃ។


៥/ បើលោកអ្នកមិនរចនាផែនការជីវិតផ្ទាល់ខ្លួនទេ លោកអ្នកនឹងធ្លាក់ទៅក្នុងផែនការជីវិតរបស់អ្នកដទៃ។ ហើយសាកទាយទៅមើលថាតើអ្នកដទៃបានរៀបចំផែនការអ្វីខ្លះសម្រាប់លោកអ្នក។ មិនច្រើនប៉ុន្មានទេ។


៦/ ទង្វើអាក្រក់បំផុតរបស់មនុស្សម្នាក់គឺការមិនព្រមសាកល្បង ការដឹងថាខ្លួនឯងចង់បានអ្វីមួយ ហើយមិនព្រមចាប់ផ្តើមធ្វើតាមបំណងនោះ ដោយចំណាយពេលរាប់ឆ្នាំទ្រាំឈឺចាប់ក្នុងការសង្ស័យថាមិនដឹងធ្វើទៅបានជោគជ័យឬអត់។


៧/ កម្លាំងចិត្តជាកត្តាជំរុញមនុស្សឱ្យចាប់ផ្តើមធ្វើការ ចំណែកឯទម្លាប់ជាកត្តាជំរុញមនុស្សឱ្យបន្តធ្វើកិច្ចការដែលបានចាប់ផ្តើមនោះ។


៨/ មនុស្សត្រូវតែមានទំនួលខុសត្រូវផ្ទាល់ខ្លួន។ លោកអ្នកមិនអាចកែប្រែកាលៈទេសៈ រដូវកាល ឬខ្យល់បានទេ ប៉ុន្តែលោកអ្នកអាចកែប្រែខ្លួនឯងបាន។


៩/ រៀនរីករាយចំពោះអ្វីៗដែលលោកអ្នកមាន ក្នុងពេលដែលកំពុងតែតាមរករបស់ដែលខ្លួនឯងចង់បាន។


១០/ ការអប់រំផ្លូវការនឹងធ្វើឱ្យលោកអ្នកអាចរស់បាន ការអប់រំផ្ទាល់ខ្លួននឹងធ្វើឱ្យលោកអ្នកាមានបាន។



ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur

មតិយោបល់