ជីវិត&អាជីវកម្ម | June 12, 2019 | 83

សញ្ញាដែលបញ្ជាក់ថាលោកអ្នកកំពុងតែក្លាយទៅជាសេដ្ឋី

មនុស្សដែលមានមហិច្ឆតាធំមានកម្លាំងចិត្តខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់។ ត្រង់ចំណុចនេះហើយដែលគេចាប់ផ្តើមរកលុយបាន។ ពិតណាស់ មនុស្សភាគច្រើនចង់ក្លាយទៅជាសេដ្ឋី ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង មានមនុស្សតិចនាក់ណាស់ដែលសុខចិត្តធ្វើកិច្ចការគ្រប់យ៉ាងដើម្បីប្រែក្លាយបំណងឱ្យទៅជាការពិត។


ការពិតគឺថា ការក្លាយទៅជាសេដ្ឋីកម្រជារឿងដែលពឹងលើព្រេងសំណាងណាស់។ មានលក្ខណៈសម្បត្តិមួយចំនួនដែលមនុស្សជោគជ័យភាគច្រើនអនុវត្តដូចគ្នា។ តើលោកអ្នកមានលក្ខណៈសម្បត្តិដែលចាំបាច់ដើម្បីក្លាយទៅជាសេដ្ឋីទេ?


១/ ប្តេជ្ញាចិត្តចំពោះការអប់រំ
អ្នកនិពន្ធសៀវភៅកុមារល្បីឈ្មោះម្នាក់ធ្លាប់សរសេរថា “ពេលអានកាន់តែច្រើន អ្នកដឹងរឿងកាន់តែច្រើន។ ពេលអ្នករៀនកាន់តែច្រើន អ្នកបានទៅដល់កន្លែងកាន់តែច្រើន។” មនុស្សជោគជ័យមិនឈប់រៀននៅពេលគេទទួលបានសញ្ញាបត្រឬរៀនចប់នៅសាលានោះទេ។ គេជាអ្នករៀនពេញមួយជីវិត គេប្តេជ្ញាចិត្តចំពោះការប្រមូលចំណេះដឹងច្រើន ដោយសារគេដឹងថាវានឹងជួយបង្កើនជោគជ័យរបស់គេ។ 
មនុស្សជោគជ័យដឹងថានៅពេលណាគេមិនចេះគ្រប់គ្រាន់អំពីរឿងអ្វីមួយ គេមានកម្លាំងចិត្តបន្តការអប់រំត្រង់ចំណុចដែលគេមិនដឹងនោះ។ លក្ខណៈសម្បត្តិមួយនេះជួយឱ្យគេកាត់បន្ថយចំណុចខ្សោយនិងពង្រឹងចំណុចខ្លាំងរបស់គេក្នុងពេលជាមួយគ្នា។ ពេលមានទម្លាប់នេះ គេនឹងចេះបត់បែន និងកាន់តែមានភាពវៃឆ្លាត ហើយដើរបានមុនអ្នកដទៃជានិច្ច។ 


២/ ចេះគិតដោយខ្លួនឯង
ហេតុអ្វីចាំបាច់ធ្វើដូចតែគេនៅពេលលោកអ្នកធ្វើបានប្រសើរជាងគេ? អ្នកមានកម្រធ្វើតាមគេណាស់។ គេមិនបានតាំងចិត្តធ្វើខ្លួនឱ្យខុសអ្នកដទៃទេ ប៉ុន្តែគេមានកិច្ចការរវល់ខ្លាំងដើម្បីបង្កើតផ្លូវដើរដោយខ្លួនឯងរហូតដល់គេលែងខ្វល់អំពីរឿងដែលអ្នកដទៃគិត។
លោកBill Gates លោកMark Zuckerberg និងលោកSteve Jobs ជាគំរូល្អនៃគំនិតនេះ។ បើគេមិនមានសមត្ថភាពគិតដោយខ្លួនឯងទេ គេក៏មិនអាចសម្រេចបានស្នាដៃធំបាននោះទេ។ តាមរយៈការគិតខុសពីអ្នកដទៃ និងផ្តោតចិត្តលើគោលដៅរបស់គេ គេអាចបង្កើតផ្លូវដើរដ៏អស្ចារ្យឆ្ពោះទៅរកជោគជ័យ។ ជំនឿចិត្តនិងសមត្ថភាពគិតដោយខ្លួនឯងជាលក្ខណៈសម្បត្តិគន្លឹះរបស់សេដ្ឋី។


៣/ អាចពន្យាពេលផ្គាប់ចិត្តខ្លួនឯង
ពេលខ្លះការធ្វើជាសេដ្ឋីគ្មានពេលសប្បាយទេ។ គេសន្សំសំចៃនិងគិតគូរវែងឆ្ងាយណាស់។ សេដ្ឋីមានទស្សនវិស័យ ហើយតាមរយៈការពន្យាពេលសប្បាយនៅបច្ចុប្បន្ន គេមើលឃើញប្រយោជន៍នៃការធ្វើឱ្យស្ថានការណ៍ប្រសើរឡើងនៅពេលក្រោយ។
ឧទាហរណ៍ថា មនុស្សម្នាក់ដែលបានបង្កើតពាណិជ្ជកម្មមួយយ៉ាងចំណេញហើយអាចនឹងយកលុយទៅទិញរថយន្តទំនើបបានយ៉ាងងាយ។ ប៉ុន្តែជំនួសឱ្យការបំពេញចិត្តខ្លួនឯងនៅពេលនេះ គេប្រហែលនឹងសន្សំ ឬវិនិយោគក្នុងពាណិជ្ជកម្មបន្ថែមទៀត។ គំនិតរបស់គេគឺថាតាមរយៈការអត់ធ្មត់នៅពេលនេះ គេអាចនឹងទិញរថយន្តឬផ្ទះបានកាន់តែល្អនៅថ្ងៃក្រោយ។


៤/ មានមហិច្ឆតាធំ
សេដ្ឋីកម្រធ្វើការដើម្បីលុយតែម្យ៉ាងណាស់។ ដូចលោក Warren Buffett ធ្លាប់និយាយថា “លុយជាអនុផលនៃការធ្វើកិច្ចការដែលខ្ញុំចង់ធ្វើខ្លាំង។” លុយមិនមែនជាអ្វីៗគ្រប់យ៉ាងទេ។ បើលុយជាគោលដៅចុងក្រោយ ជីវិតនេះពិតជាគ្មានន័យទេ។ ប៉ុន្តែមនុស្សដែលអាចបង្កើតមហិច្ឆតាធំចំពោះការងាររបស់គេអាចផ្តោតចិត្តធ្វើការបានដោយមិនគិតរឿងលុយកាក់ជាធំ។


៥/ ជួយអ្នកដទៃ
មានការយល់ច្រឡំជាទូទៅថាដើម្បីទទួលបានជោគជ័យ លោកអ្នកត្រូវតែធ្វើជាមនុស្សមិនចេះយោគយល់ និងសុខចិត្តកេងប្រវ័ញ្ចអ្នកដទៃដើម្បីជាន់ឡើងទីកាន់តែខ្ពស់សម្រាប់ខ្លួនឯង។ តាមពិតទៅ មនុស្សជោគជ័យដឹងថាបើគេជួយអ្នកដទៃបានកាន់តែច្រើន គេនឹងទទួលបានជោគជ័យកាន់តែច្រើនដែរ។


ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur

មតិយោបល់