ជីវិត&អាជីវកម្ម | May 12, 2019 | 207

គំនិតបង្កើតផ្នត់គំនិតល្អចំពោះលុយកាក់

ការមានផ្នត់គំនិតត្រូវទាក់ទងនឹងរឿងលុយកាក់អាចជួយស្ថាបនិកក្រុមហ៊ុនឱ្យគ្រប់គ្រងការចំណាយផ្សេងបានយ៉ាងមានប្រសិទ្ធភាព សូម្បីតែនៅក្នុងពេលដែលមិនសូវមានប្រភពចំណូលក៏ដោយ។ ទោះជាយ៉ាងណាការធ្វើបែបនេះមិនមែនមានន័យថាលោកអ្នកត្រូវរស់នៅក្នុងភាពលំបាកខ្លាំងរឿងលុយកាក់នោះទេ។ ផ្នត់គំនិតលុយកាក់ទាក់ទងរឿងភាពវៃឆ្លាតក្នុងការចំណាយ ការសន្សំ និងការវិនិយោគ។

 

 

ដើម្បីបង្កើតផ្នត់គំនិតលុយកាក់ វាជួយឱ្យដឹងថាមានអ្វីខ្លះដែលពាក់ព័ន្ធ។ ផ្នត់គំនិតជាប្រព័ន្ធជំនឿនិងឥរិយាបថចំពោះអ្វីមួយ។ វាអាចជាប្រាជ្ញា ជោគជ័យ ជំនាញ និងទេពកោសល្យ ហើយវាក៏អាចជារឿងលុយកាក់ដែរ។

 

គ្មានមនុស្សណាម្នាក់កើតមកមានផ្នត់គំនិតលុយកាក់ល្អឥតខ្ចោះនោះទេ។ វាជាទម្លាប់ដែលបង្កើតឡើងបន្តិចម្តងៗ ហើយទទួលរងឥទ្ធិពលពីកត្តាខាងក្រៅនិងការព្យាយាមខាងក្នុងរបស់បុគ្គលម្នាក់ៗ។ តើកង្វះផ្នត់គំនិតអំពីលុយកាក់អាចជាកត្តាបណ្តាលឱ្យពាណិជ្ជកម្មថ្មីមួយចំនួនដួលរលំទេ? ពិតជាអាចទៅរួច។ ក្រោយពីសិក្សារកមូលហេតុដែលក្រុមហ៊ុនចំនួន១០១ដួលរលំ ក្រុមអ្នកសិក្សាបានបង្កើតបញ្ជីមូលហេតុមួយចំនួនដែលនាំទៅរកបរាជ័យ ហើយក្នុងនោះមូលហេតុលេខពីរគឺការអស់ដើមទុន។ ស្ថាបនិកនៃក្រុមហ៊ុនដួលរលំទាំងនេះបាននិយាយថាពួកគេមិនដឹងច្បាស់របៀបចាយលុយទេ។

ម្ចាស់ពាណិជ្ជកម្មនឹងមានជំហររឹងមាំតាមរយៈការបង្កើតផ្តត់គំនិតលុយកាក់មុនពេលបង្កើតពាណិជ្ជកម្មក្នុងរបៀបដូចខាងក្រោមនេះ ៖

 

១/ ចាប់ផ្តើមការអប់រំហិរញ្ញវត្ថុ

ការសិក្សាក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះរបស់វិទ្យាស្ថានBrooking បានបង្ហាញថាចំណេះដឹងហិរញ្ញវត្ថុបង្កើតឡើងពីគំនិតស្នូលអំពីលុយកាក់រួមជាមួយនឹងជំនាញមូលដ្ឋាននិងកត្តាចិត្តសាស្រ្តខ្លះទៀត។ ចំណេះដឹងនេះបង្កើតទៅជាឥរិយាបថហិរញ្ញវត្ថុ ឬការរៀនតាមរយៈពិសោធន៍ដែលបង្កើតផ្នត់គំនិតលុយកាក់។ ការរៀនវគ្គអប់រំហិរញ្ញវត្ថុអាចជួយអភិវឌ្ឍយ៉ាងច្រើន ទោះជាវគ្គសិក្សានោះធ្វើឡើងនៅអ៊ីនថឺណិតឬចូលរួមដោយផ្ទាល់ក៏ដោយ។

 

២/ ប្រឹក្សាយោបល់ជាមួយអ្នកបង្ហាញផ្លូវ

អ្នកបង្ហាញផ្លូវអាចជួយដឹកនាំការអភិវឌ្ឍផ្នត់គំនិតលុយកាក់របស់លោកអ្នកបានដោយសារគេឆ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនទាក់ទងនឹងហិរញ្ញវត្ថុ។ ការយល់ដឹងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការចំណាយលុយពិតជាអាចជួយលោកអ្នកឱ្យជៀសផុតពីការបង្កើតកំហុសដដែលៗនិងនាំលោកអ្នកក្នុងទិសដៅត្រូវ។ ដើម្បីស្វែងរកអ្នកណែនាំផ្លូវការហិរញ្ញវត្ថុ លោកអ្នកអាចចាប់ផ្តើមសម្លឹងមើលក្នុងចំណោមក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សដែលោកអ្នកស្គាល់។ ដំបូន្មានរបស់អ្នកទាំងអស់អាចជាចំណុចចាប់ផ្តើមយ៉ាងល្អក្នុងការអនុវត្ត។

 

៣/ អានឱ្យបានច្រើនបំផុត

អានសៀវភៅនិងអត្ថបទទាំងអស់ដែលផ្តោតលើយុទ្ធសាស្រ្តនិងផែនការហិរញ្ញវត្ថុ ដើម្បីយល់ដឹងហានីភ័យ និងអត្ថប្រយោជន៍ក្នុងពេលលោកអ្នកសម្រេចចិត្ត។ លោកអ្នកអាចរកធនធានទាំងអស់នេះបានទាំងនៅលើអ៊ីនថឺណិតនិងនៅក្នុងការបោះពុម្ពផ្សាយផ្សេងៗ។ នៅលើអ៊ីនថឺណិត មានអត្ថបទវិភាគរឿងហិរញ្ញវត្ថុស្ទើររាល់ថ្ងៃពីក្រុមអ្នកជំនាញផ្សេងៗដែលលោកអ្នកអាចរកអានបានដោយមិនបាច់បង់លុយកាក់អ្វីទាំងអស់។

 

៤/ ស្វែងរកមធ្យោបាយអនុវត្តផ្នត់គំនិតលុយកាក់

ដំណើរការនៃការអនុវត្តនិងវិភាគផ្តល់មេរៀនចាំបាច់ដើម្បីតម្រង់របៀបដែលលោកអ្នកសម្លឹងមើលលុយកាក់។ តាមរយៈការដាក់ចំណេះដឹងទាំងអស់ដែលលោកអ្នកបានអាននិងរៀនទៅក្នុងការអនុវត្ត លោគអ្នកនឹងអាចមើលឃើញយ៉ាងច្បាស់ថាវាមានប្រសិទ្ធភាពចំពោះលោកអ្នកឬយ៉ាងណា ហើយនិងដឹងទៀតថាតើលោកអ្នកនៅខ្វះចំណុចអ្វីខ្លះទៀត។ សូមចងចាំថា ផ្នត់គំនិតលុយកាក់ត្រូវការពេលវេលាដើម្បីបង្កើតឡើង។ ប៉ុន្តែបើលោកអ្នកប្រឹងប្រែងកាន់តែច្រើន លោកអ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរ។

 

ប្រែសម្រួល​​៖ វេហា

ប្រភព៖ Inc. Asian

មតិយោបល់