ជីវិត&អាជីវកម្ម | May 12, 2019 | 220

ទម្លាប់ពេលព្រឹកដើម្បីត្រៀមខ្លួនចាប់ផ្តើមថ្ងៃជោគជ័យ

ទ្រព្យសម្បត្តិរបស់លោកអ្នកប្រហែលមិនអាចឡើងដល់ក្បែរលោកJeff Bezosទេ ប៉ុន្តែបើទោះជាបែបនេះក៏មិនមែនមានន័យថាលោកអ្នកមិនគួរព្យាយាមយកគំរូខ្លះតាមមនុស្សជោគជ័យដែរ ជាពិសេសរបៀបដែលលោករៀបចំទម្លាប់រាល់ថ្ងៃ។ យោងតាមប្រភពព័ត៌មានមួយ លោកJeff Bezos ជាមនុស្សដែលមានទម្លាប់គេងគ្រប់គ្រាន់ ហើយអះអាងថាការគេងបានគ្រប់គ្រាន់ជួយឱ្យលោកមានសមត្ថភាពសម្រេចចិត្តបានល្អ។

 

 

 

បើលោកអ្នកមានទម្លាប់ច្បាស់លាស់ប្រចាំថ្ងៃ លោកអ្នកអាចដោះស្រាយបញ្ហាដែលកើតឡើងបានយ៉ាងល្អ។ វាក៏ជួយ​ឱ្យលោកអ្នកបង្កើតគំរូល្អសម្រាប់កូនៗនិងមនុស្សជុំវិញខ្លួនដែរ។មនុស្សភាគច្រើនកោតសរសើរទម្លាប់នៅធ្វើការយប់យូរ ឬទម្លាប់ឆាប់ក្រោកពីព្រឹក។ ទោះជាលោកអ្នកជ្រើសរើសយកទម្លាប់មួយណាក៏ដោយ ពេលក្រោកពីដំណេកហើយ លោកអ្នកគួរតែព្យាយាមជៀសវាងកំហុសធំបំផុតដែលមនុស្សភាគច្រើនធ្វើដោយមិនដឹងខ្លួន។ កំហុសទីមួយគឺចាប់យកទូរសព្ទមកមើលអ៊ីម៉ែលឬបណ្តាញសង្គម។

 

បើនិយាយពីអាហារពេព្រឹកវិញ លោកអ្នកគួរតែជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃទម្លាប់ទទួលទានតែកាហ្វេមួយពែង ឬនំមួយដុំ ដោយបំភ្លេចអាហារចម្រុះជាច្រើនទៀតដែលផ្តល់ទាំងថាមពល ប្រូតេអ៊ីន និងវីតាមីន។ ការទទួលទានមិនល្អអាចកាត់បន្ថយផលិតភាពតាមរយៈការរំខានកម្រិតថាមពល។​ អាហារមិនត្រូវក៏អាចបណ្តាលឱ្យរាងកាយលោកអ្នកពិបាកធ្វើការដែរ។

 

ក្រោយពីមានទម្លាប់ល្អទាក់ទងនឹងការគេងនិងការទទួលទានអាហារពេលព្រឹកហើយ លោកអ្នកនៅត្រូវការគន្លឹះទាំងនេះទៀតដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់នៃការងារក្នុងមួយថ្ងៃ​៖

 

១/ រៀបចំការងារទុកមួយយប់មុន

មុនពេលចូលគេង លោកអ្នកគួរតែកត់ត្រាទុកកិច្ចការដែលត្រូវធ្វើនៅថ្ងៃស្អែក។ បញ្ជីការងារនេះមិនចាំបាច់ត្រូវមានលក្ខណៈពេញលេញទាំងអស់នោះទេ។ គ្រាន់តែតម្រៀបគំនិតរបស់លោកអ្នកតាមលំដាប់លំដោយ និងបង្ហាញកិច្ចការដែលលោកអ្នកត្រូវធ្វើប៉ុណ្ណោះ។ ការរៀបចំរបៀបនេះ លោកអ្នកមិនចាំបាច់មានទំនួលខុសត្រូវទាំងអស់គ្រប់គ្រងលើខួរក្បាលនៅពេលលោកអ្នកព្យាយាមធ្វើការនោះទេ។

 

២/ បន្តទម្លាប់ពេលព្រឹកនៅពេលទៅដល់ការិយាល័យ

ទម្លាប់ពេលព្រឹករបស់លោកអ្នកមិនត្រូវបញ្ចប់ភ្លាមនៅពេលលោកអ្នកបោះជំហានចេញផុតពីផ្ទះនោះទេ។ ពេលទៅដល់កន្លែងធ្វើការ លោកអ្នកគួរតែមានទម្លាប់ចំណាយពេលក្រៅផ្លូវការជជែកសួរសុខទុក្ខមិត្តរួមការងារ។ ទម្លាប់បែបនេះមិនត្រឹមតែជាការបើកច្រកទំនាក់ទំនងចំហសម្រាប់មនុស្សគ្រប់គ្នាប៉ុណ្ណោះទេ ប៉ុន្តែវាក័៏ជួយបំពេញតម្រូវការរួមសម្រាប់ទំនាក់ទំនងក្នុងនាមជាមនុស្សទៀតផង។

 

៣/ ដោះស្រាយរឿងអ៊ីម៉ែល

អ៊ីម៉ែលជាពរជ័យផងនិងជាបណ្តាសាផង។ បើលោកអ្នកគ្រប់គ្រងអ៊ីម៉ែលបានកាន់តែឆាប់ ឥទ្ធិពលរបស់វានឹងមានកាន់តែតិចលើអារម្មណ៍របស់លោកអ្នក។ សូមស្វែងរកមធ្យោបាយល្អបំផុតដើម្បីរៀបចំអ៊ីម៉ែលរបស់លោកអ្នកឱ្យទៅជាអាទិភាព។ បើលោកអ្នកឃើញខ្លួនឯងគិតតែប្រតិកម្មឆ្លើយឆ្លងអ៊ីម៉ែលគ្រប់ពេល ហើយមិនបានអនុវត្តកិច្ចការផ្សេងទៀតនៅក្នុងបញ្ជីការងារត្រូវធ្វើ មានន័យថាលោកអ្នកគួរតែកំណត់ពេលជាក់លាក់សម្រាប់អ៊ីម៉ែលហើយ។

 

៤/​ កំណត់ពេលផ្ទាល់ខ្លួន

នៅពេលលោកStephen Covey សរសេរអំពីការសម្លៀងរណា គាត់បានសង្កត់ធ្ងន់ថាការធ្វើបែបនោះនឹងនាំទៅរកការពង្រឹងខ្លួននិងសមត្ថភាពបានកាន់តែប្រសើរ។ កំណត់ពេលផ្ទាល់ខ្លួនសម្រាប់ធ្វើកិច្ចការដែលលោកអ្នកស្រឡាញ់រាល់ព្រឹកដើម្បីទទួលបានតុល្យភាពកាន់តែប្រសើរ។ បើលោកអ្នកអាចផ្តល់ពេលឱ្យខ្លួនឯងត្រឹមតែ១០នាទីក្នុងមួយថ្ងៃដើម្បីស្តាប់ពាក្យពេចន៍ល្អៗ ឬអានសៀវភៅដើម្បីបានចំណេះដឹងថ្មីៗក៏ជាការប្រសើរដែរ។

 

ប្រែសម្រួល ៖ វេហា

ប្រភព៖​ Success

មតិយោបល់