ជីវិត&អាជីវកម្ម | April 14, 2019 | 207

មនុស្សជោគជ័យធ្វើអ្វីខ្លះនៅពេលចុងសប្តាហ៍?

មានទម្លាប់ប្រចាំថ្ងៃរាប់រយរាប់ពាន់ដែលលោកអ្នកអាចបណ្តុះសម្រាប់ខ្លួនឯងនិងបង្កើនផលិតភាព ប៉ុន្តែតើលោកអ្នកធ្លាប់គិតដែរទេថាទម្លាប់នៅក្នុងពេលចុងសប្តាហ៍ក៏មានសារៈសំខាន់ណាស់ដែរ? ខាងក្រោមនេះជាទម្លាប់មួយចំនួនដែលបុគ្គលជោគជ័យតែងតែធ្វើនៅពេលចុងសប្តាហ៍ដើម្បីជួយឱ្យពេលវេលាធ្វើការរបស់គេកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព៖

 

 

១/ គេងបង្រ្គប់

រាងកាយរបស់លោកអ្នកមិនអាចធ្វើការបានល្អដល់កម្រិតទេបើលោកអ្នកមិនឱ្យវាសម្រាកបានគ្រប់គ្រាន់។ ពេលវេលាគេងជាមធ្យមរបស់មនុស្សជោគជ័យគឺ៧ម៉ោងកន្លះក្នុងមួយយប់។ ប៉ុន្តែពេលលោកអ្នកមានការងារច្រើន ការគេងឱ្យបានគ្រប់គ្រាន់បែបនេះមិនមែនជារឿងងាយស្រួលទេ។ បើលោកអ្នកយល់ថាខ្លួនឯងគេងមិនបានគ្រប់គ្រាន់ទេនៅក្នុងថ្ងៃដែលធ្វើការ សូមប្រើប្រាស់ពេលចុងសប្តាហ៍ដើម្បីគេងបង្រ្គប់។

 

២/ ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់

បើលោកអ្នកមានអារម្មណ៍ខុសឆ្គងចំពោះពេលវេលាបន្តិចបន្តួចដែលលោកអ្នកផ្តល់ឱ្យគ្រួសារឬមិត្តភក្តិនៅចន្លោះពីថ្ងៃចន្ទដល់ថ្ងៃសុក្រ លោកអ្នកមិនមែនមានតែឯងទេដែលមានអារម្មណ៍បែបនេះ។ ប៉ុន្តែចុងសប្តាហ៍ជាពេលល្អបំផុតដែលលោកអ្នកអាចប៉ះប៉ូវចំពោះអវត្តមានជាមួយមនុស្សទាំងអស់នោះ។ ​សូមចងចាំទុកថាបើលោកអ្នកត្រូវបង្ហើយកិច្ចការអ្វីមួយនៅពេលចុងសប្តាហ៍ លោកអ្នកគួរតែធ្វើឱ្យរួចរាល់ថ្ងៃព្រឹកថ្ងៃសៅរ៍ ដើម្បីឈប់គិតដល់កិច្ចការទាំងអស់នៅពេលសេសសល់ពីនោះ។​

 

៣/ រៀបចំយុទ្ធសាស្រ្ត

មនុស្សជោគជ័យតែងតែរៀបចំយុទ្ធសាស្រ្តសម្រាប់ថ្ងៃធ្វើការជាមុនដើម្បីគេអាចចាប់ផ្តើមធ្វើការនៅថ្ងៃចន្ទដោយមានគោលដៅជាក់លាក់។ ចំណុចនេះចាប់ផ្តើមតាមរយៈការបិទពេលវេលានៅល្ងាចចុងសប្តាហ៍យ៉ាងហោចណាស់១០នាទីដើម្បីរៀបចំការងារដែលត្រូវធ្វើនៅពេញមួយសប្តាហ៍បន្ទាប់។ លោក Jack Dorsey ស្ថាបនិកនិងជាក្រុមហ៊ុនTwitter ប្រាប់ថា “នៅថ្ងៃសៅរ៍ខ្ញុំសម្រាកដើរលេង។ បន្ទាប់មកនៅថ្ងៃអាទិត្យខ្ញុំពិចារណា គិតអំពីគំនិតយោបល់ផ្សេងៗ រៀបចំយុទ្ធសាស្រ្ត និងត្រៀមខ្លួនធ្វើការនៅសប្តាហ៍បន្ទាប់។”

 

៤/ បង្កើតពេលវេលាធ្វើកិច្ចការដែលចង់ធ្វើ

ក្នុងពេលដែលមនុស្សជោគជ័យរៀបចំផែនការដើម្បីធានាថាគេមិនខ្ជះខ្ជាយពេលវេលារាល់ថ្ងៃ គេក៏បង្កើតពេលវេលាសម្រាកដែរ។ មានពេលច្រើនម៉ោងណាស់ដើម្បីសម្រាកនៅចុងសប្តាហ៍។ អ្នកខ្លះចំណាយពេលច្រើនដើម្បីទទួលទានអាហារពេលព្រឹកមួយៗ អានសៀវភៅ ធ្វើសមាធិ ឬធ្វើលំហាត់ប្រាណ។ លោកBill Gates និយាយថាលោកចូលចិត្តបណ្តោយពេលចុងសប្តាហ៍ឱ្យអណ្តែតទៅយឺតៗនៅជាមួយគ្រួសារនិងកម្សាន្តអារម្មណ៍តាមសកម្មភាពផ្សេងៗ។

 

៥/ យកចិត្តទុកដាក់ធ្វើកិច្ចការផ្ទះ

កិច្ចការផ្ទះជាផ្នែកសំខាន់ណាស់ក្នុងការរស់នៅ ហើយបើលោកអ្នកមិនរៀបចំផ្ទះទេ លោកអ្នកនឹងពិបាករស់នៅជាក់ជាមិនខាន។ មនុស្សជោគជ័យតែងតែបង្កើតពេលវេលាសម្រាប់ធ្វើកិច្ចការផ្ទះដូចជាការរៀបចំមើលរបស់ប្រើប្រាស់ដែលខ្វះខាតនិងទិញយកមកបំពេញបង្រ្គប់ជាដើម។ ដើម្បីធ្វើកិច្ចការផ្ទះឱ្យបានគ្រប់គ្រាន់ លោកអ្នកត្រូវកំណត់អាទិភាពការងារទាំងអស់។ លោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយនិងពេញចិត្តចំពោះផ្ទះរបស់ខ្លួនឯងកាន់តែខ្លាំងពេលរៀបចំរួចម្តងៗ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ CNBC

មតិយោបល់