ជីវិត&អាជីវកម្ម | April 14, 2019 | 78

វិធីសាស្រ្តជំរុញទឹកចិត្តពេលធ្វើការនៅផ្ទះ

បើលោកអ្នកជាម្ចាស់ពាណិជ្ជកម្មដែលមានការិយាល័យនៅក្នុងផ្ទះ លោកអ្នកដឹងថាការធ្វើការនៅក្នុងផ្ទះតម្រូវឱ្យមានកម្លាំងចិត្តច្រើនណាស់។ លោកអ្នកមានសេរីភាពក្នុងការកំណត់ម៉ោងពេលធ្វើការផ្ទាល់ខ្លួននិងជម្រើសក្នុងការស្លៀកពាក់ ប៉ុន្តែលោកអ្នកក៏ចង់យកចិត្តទុកដាក់រឿងផ្ទាល់ខ្លួនច្រើនក្នុងពេលគ្រប់គ្រងពាណិជ្ជកម្មដែរ។

 

 

ដូច្នេះហើយការងារដែលធ្វើនៅផ្ទះក៏អាចជាការរំខានមួយដែរ។ បើលោកអ្នកបណ្តោយឱ្យការរំខានគ្របដណ្តប់ច្រើនពេកលើពេលវេលារបស់លោកអ្នក ពាណិជ្ជកម្មរបស់លោកអ្នកក៏អាចប្រឈមនឹងការដួលរលំដែរ។ លោកអ្នកត្រូវការយុទ្ធសាស្រ្តដើម្បីផ្តោតចិត្តនៅពេលធ្វើការក្នុងផ្ទះ។ ការផ្តោតចិត្តលើកិច្ចការដែលទាក់ទងនឹងពាណិជ្ជកម្មជារឿងងាយស្រួលនិយាយតែពិបាកធ្វើណាស់។ ដើម្បីដើរឱ្យត្រង់ផ្លូវ លោកអ្នកត្រូវការវិធីសាស្រ្តទាំងនេះ​៖

 

១/ កំណត់ទីតាំងធ្វើការ

លោកអ្នកត្រូវការកន្លែងជាក់លាក់មួយនៅក្នុងផ្ទះដែលលោកអ្នកអាចហៅបានថាជាការិយាល័យ។ សូមគិតដល់កន្លែងធ្វើការិយាល័យរបស់លោកអ្នកក្នុងរបៀបនេះ គឺជាបន្ទប់ដែលរចនាឡើងក្នុងគោលបំណងជាក់លាក់។ លោកអ្នកទទួលទានអាហារនៅក្នុងបន្ទប់បាយ លោកអ្នកគេងនៅក្នុងបន្ទប់គេង ហើយលោកអ្នកចតរថយន្តឬយានជំនិះនៅក្នុងកន្លែងជាក់លាក់របស់វា។

 

ការធ្វើកិច្ចការអ្វីមួយនៅក្នុងកន្លែងដែលមិនបានកំណត់ឬរៀបចំឡើងសម្រាប់សកម្មភាពនោះមិនបានជួយលោកអ្នកច្រើនទេ។ តើរវាងបន្ទប់គេងនិងបន្ទប់ចម្អិនអាហារ លោកអ្នកគេងលក់ស្រួលជាងនៅក្នុងកន្លែងណាមួយ? គំនិតសាមញ្ញបែបនេះក៏អាចយកទៅអនុវត្តចំពោះការិយាល័យក្នុងផ្ទះរបស់លោកអ្នកដែរ។ លោកអ្នកត្រូវមានកន្លែងធ្វើការមួយដែលផ្តល់ការផ្តោតចិត្តបានពេញលេញលើការងារចំពោះមុខ។

 

២/ បង្កើតកាលវិភាគធ្វើការ

នៅពេលលោកអ្នកធ្វើជាចៅហ្វាយនាយខ្លួនឯង លោកអ្នកមិនចាំបាច់បារម្ភចំពោះការក្រោកពីគេងឱ្យទាន់ពេលវេលារាល់ថ្ងៃទៀតទេ។ មិនមានប្រព័ន្ធយកវត្តមានដែលធ្វើឱ្យលោកអ្នកខ្វល់ខ្វាយទៀតទេពីព្រោះលោកអ្នកជាអ្នកបង្កើតច្បាប់ទម្លាប់។ ប៉ុន្តែតាមរយៈអំណាចក្នុងការកំណត់ម៉ោងពេលធ្វើការដោយខ្លួនឯងរបៀបនេះ លោកអ្នកក៏មានទំនួលខុសត្រូវក្នុងការបង្ហើយកិច្ចការទាំងអស់ដែលចាំបាច់ចំពោះពាណិជ្ជកម្មរបស់លោកអ្នកដែរ។

 

ដើម្បីរក្សាចិត្តឱ្យផ្តោតមូលលើការងាររាល់ថ្ងៃ លោកអ្នកត្រូវបង្កើតកាលវិភាគការងារ។ នៅពេលលោកអ្នកបង្កើតផែនការសកម្មភាពរួចហើយ លោកអ្នកត្រូវគោរពតាមឱ្យបាន។ ពេលធ្វើនៅក្នុងផ្ទះ លោកអ្នកងាយនឹងរងការរំខានណាស់។ ការកំណត់ពេលវេលាសម្រាប់ធ្វើការឆ្ពោះទៅរកគោលដៅនឹងជួយលោកអ្នកឱ្យទទួលបានផលិតភាពបានរាល់ថ្ងៃ ហើយជីវភាពរបស់លោកអ្នកអាស្រ័យលើកម្រិតនៃការគ្រប់គ្រងពេលវេលារបស់លោកអ្នក។

 

៣/ កុំភ្លេចកំណត់ពេលសម្រាក

មហិច្ឆតារបស់លោកអ្នកក្នុងការបង្កើតពាណិជ្ជកម្មនឹងរុញច្រានលោកអ្នកឱ្យខិតខំធ្វើការយ៉ាងខ្លាំង។ ប៉ុន្តែពេលខ្លះប្រហែលលោកអ្នកធ្វើការច្រើនពេករហូតដល់ខ្សោះអស់ទាំងកម្លាំងកាយចិត្ត។ ដើម្បីជៀសផុតពីបញ្ហានេះ សូមរៀបចំផែនការកំណត់ពេលវេលាសម្រាកខ្លះរាល់ថ្ងៃ។ លោកអ្នកប្រហែលយល់ថាខ្លួនឯងធ្វើការបានច្រើនដោយមិនគិតរឿងថ្ងៃនិងយប់ ប៉ុន្តែធ្វើការរបៀបនេះបានត្រឹមតែបង្កើតបញ្ហាសម្រាប់ខ្លួនឯងទៅវិញទេ។

 

ការទុកទំនួលខុសត្រូវពាណិជ្ជកម្មមួយឡែកក្នុងពេលខ្លះជារឿងល្អចំពោះការយកចិត្តទុកដាក់លើសុខភាពខ្លួនឯង។ សម្រាកពីការងារទៅធ្វើកិច្ចការផ្សេងដែលជាសកម្មភាពកម្សាន្តជាការផ្លាស់ប្តូរបរិយាកាសដ៏ល្អដើម្បីបញ្ចូលថាមពលនិងទទួលបានគំនិតថ្មីៗដែលលោកអ្នកអាចយកមកប្រើប្រាស់សម្រាប់ពាណិជ្ជកម្មរបស់លោកអ្នក។​

 

៤/ ប្រមូលឧបករណ៍ដែលត្រូវប្រើ

គ្រប់ការងារទាំងអស់តម្រូវឱ្យមានសម្ភារៈនិងឧបករណ៍ប្រើប្រាស់។ ជាងកាត់សក់មិនអាចធ្វើការបានដោយខ្វះកន្រ្តៃទេ ហើយក្នុងនាមជាម្ចាស់ពាណិជ្ជកម្មក៏លោកអ្នកត្រូវការឧបករណ៍ចាំបាច់មួយចំនួនដែរ បើទោះជាធ្វើការនៅក្នុងផ្ទះក៏ដោយ។

 

គ្រប់ក្រុមហ៊ុនមានតម្រូវការពិសេសរៀងៗខ្លួន ប៉ុន្តែយ៉ាងហោចណាស់នៅក្នុងសម័យបច្ចុប្បន្ននេះ លោកអ្នកត្រូវមានកុំព្យូទ័រមួយគ្រឿងដែលភ្ជាប់អ៊ីនថឺណិត ទូរសព្ទដៃ និងសម្ភារៈការិយាល័យមួយចំនួនទៀត។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់