ជីវិត&អាជីវកម្ម | April 14, 2019 | 86

គន្លឹះជ្រើសរើសកន្លែងធ្វើការិយាល័យល្អបំផុតនៅក្នុងក្រុមហ៊ុន

យោងតាមក្រសួងធនធានមនុស្សរបស់ប្រទេសសិង្ហបុរី បុគ្គលិកធ្វើការពេញម៉ោងនៅក្នុងប្រទេសនេះចំណាយពេលជាមធ្យម៤៥,៨ម៉ោងក្នុងមួយសប្តាហ៍ដើម្បីធ្វើការនៅឆ្នាំ២០១៨ គឺស្មើនឹងជាង៩ម៉ោងក្នុងមួយថ្ងៃ។ នៅពេលបូករួមជាមួយពេលធ្វើដំណើរទៅមកកន្លែងធ្វើការ ជាមួយនឹងពេលគេង៧ម៉ោងក្នុងមួយយប់ទៀត មនុស្សម្នាក់ៗមានពេលនៅសល់មិនដល់៦ម៉ោងទេដើម្បីនៅផ្ទះឬធ្វើសកម្មភាពកម្សាន្តផ្ទាល់ខ្លួន។

 

 

ដោយសមនុស្សយើងចំណាយពេលវេលាច្រើននៅក្នុងការិយាល័យ ម្ចាស់ពាណិជ្ជកម្មដែលវៃឆ្លាតគិតគូរច្រើនចំពោះការជ្រើសរើសកន្លែងធ្វើការិយាល័យ។ បុគ្គលិកដែលសប្បាយចិត្តជាមនុស្សដែលធ្វើការបានច្រើន និងកត្តាសំខាន់មួយចំពោះសុភមង្គលក្នុងកន្លែងធ្វើការគឺបរិស្ថានល្អ។

 

បរិស្ថានកន្លែងធ្វើការល្អត្រូវមានទាំងពន្លឺធម្មជាតិនិងខ្យល់ចេញចូលគ្រប់គ្រាន់ រួមជាមួយនឹងគ្រឿងសង្ហារិមនិងសម្ភារៈប្រើប្រាស់តាមតម្រូវការផ្សេងទៀត។ ធាត់ផ្សំសំខាន់បំផុតត្រូវគិតគូរដល់៖

 

១/ ទីតាំង

សហស្ថាបនិកនិងCEO ក្រុមហ៊ុនPulsifi លោកJay Huang និយាយថា “មានរឿងបីយ៉ាងដែលសំខាន់នៅក្នុងអចលនទ្រព្យ គឺទីតាំង ទីតាំង និងទីតាំង។” ចំណុចនេះក៏មានការពិតចំពោះកន្លែងរៀបចំការិយាល័យដែរ។ ពេលចាប់ផ្តើមក្រុមហ៊ុនដំបូងៗ លោកHuang និងសហស្ថាបនិករបស់លោកធ្វើការនៅក្នុងផ្ទះ។ ប៉ុន្តែនៅពេលពង្រីកក្រុមការងារកាន់តែធំ គេចាប់ផ្តើមយល់ឃើញថាការមានការិយាល័យកណ្តាលមួយជាតម្រូវការចាំបាច់។

 

ក្រុមការងាររបស់លោកHuang ក៏បានជ្រើសរើសការិយាល័យមួយដែលជួលពីក្រុមហ៊ុនSpace។ បទពិសោធន៍នេះជួយលោកHuang ឱ្យយល់ថាការរកបានទីតាំងល្អត្រូវគិតគូរដល់ចម្ងាយសមស្របពីផ្ទះរបស់បុគ្គលិកផង។ទីតាំងដែលងាយស្វែងរកអាហារទទួលទាននិងសេវាចាំបាច់មួយចំនួនទៀតក៏ជាផ្នែកដែលគួរតែគិតគូរដែរ។

 

២/ ទំហំ

ផ្ទុយពីជំនឿទូទៅ ទំហំការិយាល័យពិតជារឿងសំខាន់ណាស់ យ៉ាងហោចណាស់នៅពេលជ្រើសរើសកន្លែងសម្រាប់ធ្វើការិយាល័យ។ ប៉ុន្តែការលើកឡើងបែបនេះមិនមែនមានន័យថាទីតាំងកាន់តែធំកាន់តែល្អនោះទេ។ លោកស្រី Serene Wong នៃក្រុមហ៊ុនAcross The Pond បានពន្យល់ថា កត្តាសំខាន់មួយក្នុងការជ្រើសរើសការិយាល័យគឺទំហំនៃក្រុមការងារ។

 

ពេលចាប់ផ្តើមដំណើរការដំបូង ក្រុមហ៊ុន Across The Pond បានផ្ញើខ្លួននៅជាមួយទីភ្នាក់មួយផ្សេងទៀត។ ប៉ុន្តែនៅពេលក្រុមការងារកាន់តែរីកធំឡើង ក្រុមហ៊ុននេះក៏ត្រូវប្តូរទីតាំងទៅរកកន្លែងធ្វើការរួម។ ហើយនៅពេលក្រុមការងារកាន់តែកើនឡើងថែមទៀត ក្រុមហ៊ុនមួយនេះក៏ត្រូវប្តូរទីតាំងទៅរកកន្លែងកាន់តែធំទៀតដែរ។

 

៣/ បរិស្ថាន

ផ្ទះមិនអាចហៅថាជាផ្ទះបានទេ បើគ្មានមនុស្សរស់នៅ។ ហើយការិយាល័យក៏មិនអាចហៅថាជាកន្លែងធ្វើការបានដែរបើគ្មានមនុស្សធ្វើការ។ នៅក្នុងកន្លែងធ្វើការដែលមានការិយាល័យរួមជាមួយអ្នកផ្សេងទៀត លោកអ្នកចែកចាយកន្លែងធ្វើការជាមួយមនុស្សច្រើនគ្នា។ ក្នុងបរិស្ថានបែបនេះ នៅពេលអ្នកធ្វើការក្បែរលោកអ្នកបង្កសំឡេងខ្លាំងៗ លោកអ្នកនឹងទទួលរងការរំខានដែលប៉ះពាល់ដល់ផលិតភាពការងារ។

 

លោកHuang ជួបបទពិសោធន៍បែបនេះក្នុងពេលបង្កើតក្រុមហ៊ុនPulsifi ដំបូងៗ គឺពេលដែលលោកជួលកន្លែងធ្វើការរួមគ្នាជាមួយអ្នកដទៃ។ មនុស្សខ្លះចូលចិត្តនិយាយច្រើន ឬស្តាប់ភ្លេងពេលធ្វើការ ប៉ុន្តែមានការងារខ្លះដែលតម្រូវឱ្យមនុស្សគិតច្រើននិងត្រូវការភាពស្ងប់ស្ងាត់ខ្លះដើម្បីគិតដោះស្រាយបញ្ហា។ ដូច្នេះហើយ បើបរិស្ថានល្អវាជួយទាំងផលិតភាពនិងគុណភាពនៃការងារ ប៉ុន្តែបើបរិស្ថានមិនល្អទេ បុគ្គលិកធ្វើការនឹងខាតពេលច្រើនណាស់។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Tech in Asia

មតិយោបល់