ជីវិត&អាជីវកម្ម | April 14, 2019 | 175

គន្លឹះក្លាយជាមេដឹកនាំអស្ចារ្យ

នៅក្នុងឆ្នាំ៤៧មុនគ្រិស្តសករាជ្យ បន្ទាប់ពីដណ្តើមបានតំបន់Gaul(ប្រទេសបារាំងនិងប៊ែលហ្ស៊ិកបច្ចុប្បន្ន) និងជ័យជម្នះលើសង្រ្គាមស៊ីវិលនៅPompey រដ្ឋបុរសជើងខ្លាំង Julius Caesar បានត្រឡប់ទៅក្រុងរ៉ូមវិញ និងជួបហេតុការណ៍អាក្រក់ជាច្រើន។ កងទ័ពរបស់លោកមួយចំនួនប៉ះបោរ ទាមទារប្រាក់ខែ និងរង្វាន់លើកទឹកចិត្ត។ ដំណើរការចចារបានប្រើពេលយូរ ហើយមានកងទ័ពមួយចំនួនចាប់ផ្តើមលួចប្លន់ទ្រព្យសម្បត្តិអ្នកស្រុកនៅក្នុងភាគខាងត្បូងក្រុង។

 

 

បើទោះជាជោគជ័យយ៉ាងអស្ចារ្យរបស់លោក Caesar ក៏ជោគវាសនារបស់លោកនិងក្រុងរ៉ូមប្រឈមនឹងភាពមិនច្បាស់លាស់ដែរ។ ទោះជាលោកបានសម្រេចជោគជ័យដល់កម្រិតណា ក៏ការបះបោរនាំទៅរកការបំផ្លិចបំផ្លាញស្នាដៃទាំងអស់របស់លោកវិញដែរ។

 

បន្ទាប់ពីជាប់គាំងក្នុងដំណើរចចារជាច្រើនខែ និងដឹងថាលោកត្រូវការមនុស្សទាំងនោះដើម្បីធ្វើសង្គ្រាមទៅមុខទៀត លោក Caesar បានចុះសួរសុខទុក្ខតាមជំរំកងទ័ព ហើយមិនត្រឹមតែដណ្តើមបានភក្តីភាពមកវិញទេ ប៉ុន្តែទទួលបានការស្ម័គបម្រើក្នុងសង្រ្គាមរហូតដល់ច្បាំងឈ្នះលើទ្វីបអាហ្វ្រិចទៀតផង។

 

តើមានអាថ៌កំបាំងអ្វីដែលធ្វើឱ្យលោក Caesar ក្លាយជាមេដឹកនាំអស្ចារ្យបែបនេះ? នៅពេលគិតដល់មេដឹកនាំអស្ចារ្យ យើងងាយនឹងសន្និដ្ឋានខុសថាមេដឹកនាំអស្ចារ្យជាមនុស្សមានទេពកោសល្យពីកំណើត។ ការសន្និដ្ឋានបែបនេះកើតចេញពីការគិតរបៀបងាយស្រួល។ សូម្បីតែនៅក្នុងសម័យទំនើបនេះ ក៏មនុស្សភាគច្រើនចូលចិត្តគិតថាមនុស្សដូចលោកSteve Jobs ជាដើមមានឥទ្ធិពលនិងសម្ពាយបុណ្យពីកំណើតដែលគ្មាននរណាម្នាក់មានដូច។

 

ការពិតគឺថាគ្មានមនុស្សណាម្នាក់កើតមកនាំយកជំនាញនៃភាពជាអ្នកដឹកនាំអស្ចារ្យមកជាមួយទេ។ លក្ខណសម្បត្តិនៃភាពជាអ្នកដឹកនាំប្រៀបដូចជាសាច់ដុំដែរ គឺវាត្រូវការហ្វឹកហាត់និងពង្រឹងជាប្រចាំទើបមានភាពរឹងមាំនិងខ្លាំងពូកែ។ មនុស្សយើងទាំងអស់មានសក្តានុពលដើម្បីបណ្តុះជំនាញទាំងអស់នេះ ប៉ុន្តែមនុស្សភាគច្រើនជ្រើសរើសមិនចង់លំបាក។

 

សមត្ថភាពសម្រាប់លោកអ្នករៀនរបៀបធ្វើជាមេដឹកនាំល្អស្ថិតនៅក្នុងដៃរបស់លោកអ្នក។ ដូច្នេះហើយ លោកអ្នកអាចចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពជាមេដឹកនាំអស្ចារ្យបានតាមរយៈជំហានទាំងនេះ​៖

 

១/ ជំនាញក្នុងទំនាក់ទំនង

តើពាក្យអ្វីខ្លះដែលលោក Caesarនិយាយដើម្បីនាំស្មារតីទាហានកំពុងតែបះបោរឱ្យត្រឡប់មកស្មោះស្ម័គ្រនិងសុំការអភ័យទោសពីលោកវិញ? លោកបានប្រឡូកក្នុងសមរភូមិជាមួយទាហានទាំងនោះអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយនៅក្នុងរយៈពេលនោះលោកបានយកចិត្តទុកដាក់ក្នុងការស្គាល់មនុស្សទាំងអស់នោះដោយផ្ទាល់។ លោក Caesar បានដឹងច្បាស់ថាទាហានរបស់លោកចង់បានអ្វី ហើយពួកគេត្រូវការអ្វីខ្លះដើម្បីដើរតាមទស្សនវិស័យរបស់លោក។

 

ភាគច្រើននៃភាពជាអ្នកដឹកនាំរបស់លោកអ្នកកំណត់ដោយគុណភាពនៃទំនាក់ទំនងរបស់លោកអ្នកជាមួយនឹងក្រុមគ្រួសារ មិត្តភក្តិ មនុស្សសំខាន់ៗនៅក្នុងវិជ្ជាជីវៈ និងទំនាក់ទំនងរបស់លោកអ្នកជាមួយខ្លួនឯង។ ទំនាក់ទំនងជារឿងសំខាន់ណាស់សម្រាប់មនុស្ស ដោយសារទំនាក់ទំនងទាំងនោះធ្វើឱ្យយើងរួចផុតពីព្រំដែននៃគំនិតរបស់យើង។

 

២/ ជំនាញគ្រប់គ្រងពេលវេលា

នៅក្នុងការព្យាយាមទាក់ទាញប្រធានក្រុមហ៊ុន Pepsi-Cola ឱ្យមកធ្វើការក្នុងក្រុមហ៊ុនApple លោកSteve Jobsបានសួរថា “តើលោកចង់ចំណាយពេលដែលនៅសេសសល់ក្នុងជីវិតនេះលក់ទឹកដាក់ស្ករ ឬមួយលោកចង់ផ្លាស់ប្តូរពិភពលោកនេះ?” លោកJobs មានទស្សនវិស័យយ៉ាងជាក់ច្បាស់ដែលធ្វើឱ្យមនុស្សផ្សេងទៀតពិបាកប្រកែកបាន។ តាមរយៈការដឹកនាំក្រុមការងារឱ្យផ្តោតលើការបង្កើតផលិតផលដូចជា iMac iPod និង iPhone លោកបានរុញច្រានក្រុមហ៊ុន Apple ទៅរកជោគជ័យយ៉ាងអស្ចារ្យ។

 

ធនធានដ៏អស្ចារ្យបំផុតមួយរបស់លោកJobs គឺពេលវេលា។ គ្មានអ្វីចម្លែកទេដែលពិភពលោកសព្វថ្ងៃនេះកំពុងតែជន់ជោរដោយបច្ចេកវិទ្យានិងការរំខានគ្រប់បែបយ៉ាង ហើយមនុស្សយើងភាគច្រើនកំពុងតែខ្វះខាតពេលវេលា។ ប៉ុន្តែសូមកុំបណ្តោយឱ្យការសន្និដ្ឋានបែបនេះដណ្តើមយកការគ្រប់គ្រងលើពេលវេលារបស់លោកអ្នក។ មេដឹកនាំល្អចេះរបៀបបង្កើនពេលវេលារបស់គេតាមរយៈការផ្តោតចិត្តទុកដាក់លើលទ្ធផលនៃការងារដែលសំខាន់ចំពោះគេ។

 

៣/ ការស្វែងរកភាពប្រាកដប្រជាក្នុងពេលវេលាមិនច្បាស់លាស់

ជាទូទៅ គោលដៅកាន់តែធំ ផ្លូវទៅសម្រេចគោលដៅនោះកាន់តែមានភាពមិនច្បាស់លាស់។ ហេតុដូច្នេះហើយបានជាលក្ខណៈសម្បត្តិចម្បងមួយដែលបែងចែកមេដឹកនាំល្អបំផុតពីមនុស្សផ្សេងទៀតស្ថិតនៅត្រង់សមត្ថភាពរបស់គេក្នុងការបណ្តុះភាពប្រាកដប្រជានៅក្នុងចំណោមក្រុមការងារ សូម្បីតែនៅក្នុងពេលដែលមិនមានភាពច្បាស់លាស់បំផុតយ៉ាងណាក៏ដោយ។

 

លោកJeff Bezos ស្ថាបនិកក្រុមហ៊ុនAmazon ជាគំរូល្អមួយក្នុងករណីនេះ។ បន្ទាប់ពីមានជំហរហិរញ្ញវត្ថុពីការងារនៅក្នុងក្រុមហ៊ុន Bankers Trust និង D.E. Shaw លោកBezos បានប្រថុយលាឈប់ពីការងារទៅបង្កើតក្រុមហ៊ុនAmazon។ ទោះជាទទួលបានជោគជ័យខ្លះក្នុងដំបូងៗ ក៏មានការរំពឹងទុកជាទូទៅថាក្រុមហ៊ុននោះនឹងដួលរលំវិញជាមួយវិស័យបច្ចេកវិទ្យានៅដើមសហស្សវត្សនេះមិនខាន។

 

តើលោក Jeff Bezos បានជម្នះឧបសគ្គធំនោះនិងធ្វើឱ្យក្រុមហ៊ុនAmazonក្លាយទៅជាកម្លាំងសេដ្ឋកិច្ចដ៏ធំមួយដូចសព្វថ្ងៃនេះបានដោយរបៀបណា? គឺលោកបានគណនាភាពមិនច្បាស់លាស់ ទាំងនៅក្នុងខ្លួនឯងនិងនៅក្នុងក្រុមការងារ។ លោកបានជឿជាក់លើទស្សនវិស័យដែលលោកមាននៅក្នុងគំនិត និងអាចប្រើប្រាស់ជំនឿចិត្តនោះដើម្បីបង្កើតភាពប្រាកដប្រជាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់។

 

៤/ ភាពជាម្ចាស់ការលើគោលបំណង

ការធ្វើជាម្ចាស់លើទំនាក់ទំនង ពេលវេលា និងភាពច្បាស់លាស់ជាកត្តាចាំបាច់ដើម្បីធ្វើជាមេដឹកនាំល្អ ប៉ុន្តែអ្វីៗទាំងអស់នេះជាជំនាញដែលគ្មានប្រយោជន៍បើលោកអ្នកមិនមានគោលបំណងនៅពីក្រោយកិច្ចការដែលលោកអ្នកធ្វើទេ។ បើមាននរណាម្នាក់សួរលោកអ្នកថាលោកអ្នកធ្វើការងារអ្វីដើម្បីចិញ្ចឹមជីវិត តើលោកអ្នកប្រាប់គេវិញថាម៉េច? តើលោកអ្នកហៅរបរចិញ្ចឹមជីវិតនោះថាជាការងារមែនទេ? ឬហៅវាថាជាបេសកកម្ម? តើលោកអ្នកឆ្លើយសំណួរនេះទាំងមានទំនុកចិត្ត ឬទាំងខ្មាសអៀន?

 

បើលោកអ្នកគិតថាជាការងារ វាប្រហែលប្រើប្រាស់លោកអ្នកច្រើនជាងប្រយោជន៍ដែលលោកអ្នកទទួលបានពីវាមកវិញ។ ប៉ុន្តែបើវាជាបេសកកម្ម វាជាកម្លាំងចិត្តដែលលោកអ្នកត្រូវការដើម្បីរស់នៅ។ កម្លាំងចិត្តនេះនឹងរុញច្រានលោកអ្នកឱ្យជម្នះគ្រប់ឧបសគ្គនិងបញ្ហាទាំងអស់។ គោលបំណងជាកម្លាំងជីវិតរបស់មេដឹកនាំអស្ចារ្យ និងជាកត្តាចាំបាច់ដើម្បីសម្រេចទស្សនវិស័យរបស់លោកអ្នក។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Tony Robbins

មតិយោបល់