ជីវិត&អាជីវកម្ម | April 13, 2019 | 173

ចង់បង្កើតពាណិជ្ជកម្មធំត្រូវផ្តោតលើមនុស្ស មិនមែនលុយទេ

លោក Carey Smith រៀនមិនចប់សាលាពាណិជ្ជទេ។ តាមពិតលោកបានត្រឹមតែអានសៀវភៅពាណិជ្ជកម្មបីក្បាលប៉ុណ្ណោះ ហើយមិនទាំងចាំចំណងជើងផង។ ប៉ុន្តែពាណិជ្ជកម្មចុងក្រោយដែលលោកបង្កើតបានលក់ទៅវិញក្នុងតម្លៃ៥០០លានដុល្លារ។

 

 

បន្ទាប់ពីបានសញ្ញាបត្រមួយផ្នែកសេដ្ឋកិច្ច និងបោះបង់ចោលសាលាមក លោកSmith បានបើកពាណិជ្ជកម្មដំបូងក្នុងឆ្នាំ១៩៨១។ Sprinkool ជាក្រុមហ៊ុនដែលបំពាក់ឧបករណ៍បន្ថយកម្តៅនៅតាមដំបូលអគារដើម្បីធ្វើឱ្យបរិយាកាសក្នុងផ្ទះ និងក្នុងការិយាល័យត្រជាក់។ អស់រយៈពេល២០ឆ្នាំក្រោយពីបង្កើតក្រុមហ៊ុននោះ លោកSmith បានទៅមើលរោងចក្រនិងឃ្លាំងផ្ទុកទំនិញជាច្រើនដើម្បីបំពាក់ឧបករណ៍បន្ថយកម្តៅនេះ។ បន្ទាប់មកលោកSmith បានគិតឃើញគំនិតថ្មីមួយទៀតដែលកាន់តែប្រសើរក្នុងការធ្វើឱ្យកន្លែងធ្វើការកាន់តែត្រជាក់ឡើង។ ដូច្នេះនៅឆ្នាំ១៩៩៩ លោកបានលក់ក្រុមហ៊ុន Sprinkool និងបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះ Big Ass Fans

 

លោកSmith ពន្យល់ថា “យើងបានពង្រីកក្រុមហ៊ុនពីបុគ្គលិកត្រឹមតែ៦នាក់ទៅដល់មានសមាជិក១០០០នាក់។ យើងត្រូវតែរកលុយដើម្បីឈរជើងនៅក្នុងពាណិជ្ជកម្ម ប៉ុន្តែយើងមិនធ្វើពាណិជ្ជកម្មដើម្បីរកលុយទេ។”

 

លោកSmith មើលមនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុនថាជាសមាជិកនៃកុលសម្ព័ន្ធរបស់លោកដោយបញ្ជាក់ថា “យើងមិនមែនជាគ្រួសារតែមួយទេ ប៉ុន្តែយើងមានទំនាក់ទំនងនឹងគ្នា។ នៅពេលសមាជិកគ្រួសារបុគ្គលិកណាម្នាក់ស្លាប់ដោយមិនមានការធានារ៉ាប់រងអាយុជីវិត យើងប្រមូលលុយគ្នា១០០០០ដុល្លារដើម្បីជួយចាត់ចែងបុណ្យសព។ ហើយនៅពេលជួបបញ្ហាសេដ្ឋកិច្ច ខ្ញុំជម្នះមិនព្រមបញ្ឈប់បុគ្គលិកណាម្នាក់ពីការងារទេ សូម្បីតែប្រាក់ចំណូលក្នុងក្រុមហ៊ុនធ្លាក់ចុះយ៉ាងណាក៏ដោយ។ ប៉ុន្តែនៅពេលឆ្លងផុតដំណាក់កាលវិបត្តិសេដ្ឋកិច្ច យើងក៏ចាប់ផ្តើមរីកចម្រើនយ៉ាងរហ័ស គឺរីកពីចំណូល៣៣លានទៅដល់២៦៥លានដុល្លារក្នុងពេលដ៏ខ្លី។”

 

តើលោកSmith ធ្វើរបៀបនេះបានយ៉ាងណា? លោកអ្នកប្រហែលភ្ញាក់ផ្អើលនឹងវិធីសាស្រ្តដែលោកហៅថា The Kitchen។ វិធីសាស្រ្ត The Kitchen ជាគំរូពាណិជ្ជកម្មមួយដែលលោកSmith បានបង្កើតឡើងនៅក្នុងក្រុមហ៊ុន Big Ass Fans ដើម្បីធានាថាក្រុមហ៊ុននឹងបន្តច្នៃប្រឌិតនៅក្រៅពីពាណិជ្ជកម្មស្នូល។ The Kitchen ជាក្រុមការងារដែលសាកល្បងគំនិតនៅតាមផ្នែកជាច្រើនប្រភេទ។ ឧទាហរណ៍ មានពេលមួយនោះគេបានពិសោធប្រើប្រាស់កង្ហារនិងពន្លឺUV ដើម្បីលុបបំបាត់ការរីកសាយភាយនៃមេរោគរបេងក្នុងមន្ទីរពេទ្យប្រទេសរ៉ាវ៉ាន់ដា និងហៃទី។

 

នៅពេលគេសួរថាតើលោកមានដំបូន្មានអ្វីសម្រាប់ក្រុមអ្នកច្នៃប្រឌិតទេ លោកSmith បានបញ្ចេញគំនិតខាងក្រោមនេះយ៉ាងរហ័ស​៖

 

១/ ស្គាល់ទីផ្សារ

យ៉ាងហោចណាស់នៅក្នុងពេលចាប់ផ្តើម លោកអ្នកដែលបង្កើតក្រុមហ៊ុនត្រូវដឹងមិនត្រឹមតែរបៀបបង្កើតផលិតផលទេ ប៉ុន្តែត្រូវមានសមត្ថភាពសម្លឹងទីផ្សារនិងយល់ទីផ្សារទៀតផង។ ទោះជាគំនិតពាណិជ្ជកម្មនោះល្អយ៉ាងណា បើអតិថិជនមិនគាំទ្រទេ លោកអ្នកក៏មិនមានពាណិជ្ជកម្មដែរ។

 

២/ កុំងប់ងល់នឹងរឿងលុយ

ការប្រមូលដើមទុ​នជាផ្នែកមួយសំខាន់នៅពេលចាប់ផ្តើមបង្កើតក្រុមហ៊ុន។ ប៉ុន្តែមនុស្សជាច្រើននាំគ្នាផ្តោតចិត្តខ្លាំងជ្រុលតែលើរឿងលុយរហូតដល់ភ្លេចគិតដល់កិច្ចការសំខាន់ផ្សេងទៀត។ ជោគជ័យពិតប្រាកដមិនមែនស្ថិតនៅលើចំនួនលុយច្រើនតែមួយមុខទេ ប៉ុន្តែត្រូវមានទាំងការពេញចិត្តក្នុងការងារផង។

 

៣/ បែងចែកការងារឱ្យអ្នកដទៃធ្វើ

លោកអ្នកមិនអាចបង្កើតក្រុមហ៊ុនធំដោយធ្វើការគ្រប់យ៉ាងខ្លួនឯងនោះទេ។ ទោះបីលោកអ្នកជាម្ចាស់ពាណិជ្ជកម្ម និងជាអ្នកដឹកនាំក្រុមហ៊ុនមែន ប៉ុន្តែពេលខ្លះការស្តាប់យោបល់និងគំនិតពីក្រុមការងារក៏អាចផ្តល់ពន្លឺថ្មីៗដល់គំនិតលោកអ្នកដែរ។ ហើយពេលបង្កើតការងារបាន លោកអ្នកមិនគួរឱបក្រសោបការងារទាំងអស់ទុក និងធ្វើខ្លួនឱ្យទៅជាចំណាប់ខ្មាំងនៃការងារទាំងនោះទេ។ លោកអ្នកអាចមានសេរីភាពនិងបង្កើតអ្វីៗបានច្រើនជាងនេះទៅទៀត។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់