ជីវិត&អាជីវកម្ម | April 13, 2019 | 189

គន្លឹះលើកទឹកចិត្តបុគ្គលិកដើម្បីរីកចម្រើនក្រុមហ៊ុន

ការនៅធ្វើការយូរអង្វែងរបស់របស់បុគ្គលិកមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងផលិតភាពនិងការរីកចម្រើនរបស់ក្រុមហ៊ុន។ បុគ្គលិកដែលធ្វើការកាន់តែយូរ មានការពេញចិត្តនឹងការងារកាន់តែខ្លាំង។ ដូច្នេះតើលោកអ្នកត្រូវធ្វើយ៉ាងណាខ្លះដើម្បីជួយឱ្យបុគ្គលិកចង់ធ្វើការលើសពីការទាមទាររបស់ថ្នាក់ដឹកនាំ? ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលលោកអ្នកអាចយកទៅប្រើប្រាស់បាន​៖

 

 

១/ ជួលបុគ្គលិកដែលត្រូវ

ជួលបុគ្គលិកណាដែលមានសីលធម៌ការងារដូចគ្នានឹងលោកអ្នកដែរ គឺមានទាំងគុណតម្លៃនិងមហិច្ឆតា។ ទំនាក់ទំនងជាមួយបុគ្គលិកប្រភេទនេះគួរតែផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកអ្នកក៏គួរតែបង្កើតយុទ្ធសាស្រ្តផ្ទាល់ខ្លួនដែលលើសពីសៀវភៅមេរៀនថែមទៀត។

 

២/ បណ្តុះបណ្តាលនិងរីកចម្រើន

ចូលរួមក្នុងសន្និសីទ និងព្រឹត្តិការណ៍ឧស្សាហកម្ម។ សកម្មភាពទាំងអស់នេះនឹងជួយបុគ្គលិកឱ្យដើរទាន់របត់បច្ចុប្បន្ន និងផ្តល់ឱ្យគេនូវមគ្គុទ្ទេសក៍ពីខាងក្រៅ និងការបណ្តុះបណ្តាលដើម្បីអនុវត្តដំណើរការដែលចាំបាច់នៅខាងក្នុង។ ការបណ្តុះបណ្តាលម្តងម្កាលនៅខាងក្នុងក៏ជួយបុគ្គលិកឱ្យរីកចម្រើនជាលក្ខណៈបុគ្គលដែរ។

 

៣/ ទំនាក់ទំនងបើកចំហ

គោលនយោបាយបើកចំហទ្វារបង្កើតឱ្យមានវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក។ លោកអ្នកអាចរៀបចំកិច្ចប្រជុំដោយមិនគិតពីមុខតំណែងនិងបង្កើតសមភាពដែលធ្វើឱ្យបុគ្គលិកផ្តល់គំនិតយោបល់បានយ៉ាងបើកចំហ។ ការបញ្ចេញគំនិតយោបល់ទៀងទាត់ក៏ជួយកាត់បន្ថយអត្រាលាឈប់ពីការងារដែរ ដោយសារមធ្យោបាយនេះជួយផ្តល់គោលដៅ ទំនួលខុសត្រូវ និងការកំណត់ដឹងព្រមទាំងការបំពេញចន្លោះកង្វះខាត។

 

៤/ លើកទឹកចិត្តការងារជាក្រុម

នៅពេលបុគ្គលិកធ្វើការជាក្រុម ពួកគេតែងតែបង្កើតបានលទ្ធផលប្រសើរ ទាំងគុណភាពនិងបរិមាណ។ ទំនួលខុសត្រូវរបស់លោកអ្នកនៅទីនេះគឺត្រូវបង្កើតវប្បធម៌នៃការងារជាក្រុមតាមរយៈការបង្កើតតុល្យភាពដែលត្រឹមត្រូវ។ ទោះជាបុគ្គលិកម្នាក់ៗមានទំនួលខុសត្រូវរៀងៗខ្លួន ក៏ក្រុមការងារទាំងមូលគួរតែមានគោលដៅរួមគ្នាដែរដើម្បីផ្តោតលើ។

 

៥/ ពេលវេលាសប្បាយៗ

ជួបជុំទទួលទានអាហារជាមួយបុគ្គលិកក្រោយម៉ោងការងារ ដែលនឹងផ្តល់ឱ្យលោកអ្នកនូវឱកាសដើម្បីស្គាល់ពួកគេកាន់តែច្បាស់។ លោកអ្នកក៏អាចរៀបចំការទទួលទានអាហារជាក្រុម ឬដំណើរកម្សាន្តរួមគ្នា និងរៀបចំកម្មវិធីសាទរសមិទ្ធផលឬស្នាដៃរួមគ្នាដែលសម្រេចបានដែរ។ កម្មវិធីទាំងអស់នេះនឹងធ្វើឱ្យបុគ្គលិកទាំងអស់មានអារម្មណ៍ទទួលស្គាល់ពីថ្នាក់ដឹកនាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

 

៦/ ផ្តល់រង្វាន់និងការទទួលស្គាល់

សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើនទទួលយកគោលនយោបាយផ្តល់រង្វាន់និងការទទួលស្គាល់ ដេលគេរៀបចំធ្វើឡើងប្រចាំខែ ឬប្រចាំត្រីមាស។ កម្មវិធីរបៀបនេះធ្វើឱ្យបុគ្គលិកទទួលបានកម្លាំងចិត្តចង់ធ្វើការកាន់តែខ្លាំង។ បន្ថែមពីលើការទទួលស្គាល់ជាសាធារណៈ លោកអ្នកក៏អាចផ្ញើសារជាលក្ខណៈបុគ្គលម្តងម្កាលបានដែរនៅពេលបុគ្គលិកណាម្នាក់ធ្វើកិច្ចការអ្វីមួយបានប្រសើរជាងគេ ឬខិតខំធ្វើការច្រើនជាងគេដើម្បីបង្ហើយគម្រោងអ្វីមួយ។

 

៧/ តុល្យភាពជីវិតនិងការងារ

នេះជាតម្រូវការចាំបាច់ដើម្បីអភិវឌ្ឍកម្រិតនៅយូរអង្វែងរបស់បុគ្គលិក។ ជួយបុគ្គលិករបស់លោកអ្នកឱ្យរក្សាបានតុល្យភាពរវាងការងារនិងជីវិត។ ផ្តល់ពួកគេនូវការសម្រាកក្នុងថ្ងៃខួបកំណើតរបស់គេ ឬខួបពិសេសអ្វីមួយរបស់គេ។ ចែករំលែកបន្ទុកការងាររបស់គេនៅពេលចាំបាច់ និងផ្តល់អាទិភាពម្តងម្កាលដូចការងារធ្វើនៅផ្ទះឬមិនបាច់មកការិយាល័យ និងម៉ោងពេលបត់បែនទៅតាមការស្នើសុំរបស់គេជាដើម។ លោកអ្នកនឹងកត់សម្គាល់ឃើញកំណើននៃផលិតភាពការងារតាមវិធីសាស្រ្តនេះជាក់ជាមិនខាន។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់