ជីវិត&អាជីវកម្ម | April 13, 2019 | 151

បញ្ហានិងដំណោះស្រាយក្នុងការជួលបុគ្គលិកសម្រាប់ពាណិជ្ជកម្មថ្មី

ក្នុងពេលដែលក្រុមហ៊ុនធំអាចធ្វើប្រតិបត្តិការបានច្រើនខែដោយរក្សាមុខតំណែងខ្លះនៅទំនេរ ក្រុមហ៊ុនតូចៗព្យាយាមយ៉ាងលំបាកដើម្បីឈរជើង។ ក្រុមហ៊ុនថ្មីៗមានបញ្ហាប្រឈមក្នុងតម្រូវការពង្រីកចំនួនក្រុមការងារយ៉ាងរហ័សដោយមិនសូវមានដើមទុន។ ទោះជាមានហេតុអ្វីក៏ដោយ ការជួលបុគ្គលិកបន្ថែមជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនថ្មីៗ។ 

 

 

ពាណិជ្ជកម្មថ្មីនិងសហគ្រិនតែងតែមានបញ្ហាដូចគ្នានៅពេលព្យាយាមស្វែងរកសមាជិកថ្មីសម្រាប់ក្រុមការងារ។ ខាងក្រោមនេះជាបញ្ហាប្រឈមទូទៅមួយចំនួននិងរបៀបដោះស្រាយបញ្ហាប្រឈមទាំងនេះ​៖

 

១/ មិនមានក្រុមការងារជំនាញផ្នែកធនធានមនុស្ស

ក្រុមថ្មីៗកម្រមានមនុស្សខ្លាំងពូកែនៅក្នុងការអនុវត្តកិច្ចការគ្រប់គ្រងធនធានមនុស្សណាស់។ ហើយក្រុមហ៊ុនតូចៗជាច្រើនមិនមានក្រុមការងារផ្នែកធនធានមនុស្សសោះតែម្តង។ មេដឹកនាំពាណិជ្ជកម្មថ្មីៗជាច្រើនមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណាទៅទេនៅពេលព្យាយាមស្វែងរកអ្នកជំនាញខាងធនធានមនុស្ស។

 

ក្រុមហ៊ុនថ្មីៗដែលស្ថិតនៅក្នុងដំណាក់កាលនេះគួរតែចាប់ផ្តើមតាមរយៈការសរសេរបរិយាយការងារនៅក្នុងការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក។ សរសេរឱ្យច្បាស់ៗនូវជំនាញនិងបទពិសោធន៍ដែលលោកអ្នកចង់បានពីមនុស្សដែលដាក់ពាក្យមកសុំធ្វើការ។

 

២/ មានប្រាក់ខែតិចសម្រាប់ផ្តល់ឱ្យ

នៅពេលដំបូងៗ ក្រុមហ៊ុនថ្មីៗមិនអាចប្រជែងរឿងប្រាក់ខែជាមួយក្រុមហ៊ុនធំៗបានទេ។ ប៉ុន្តែគេនៅតែចង់បានបុគ្គលិកដែលមានជំនាញនិងទេពកោសល្យខ្ពស់ដើម្បីជួយពង្រីកពាណិជ្ជកម្ម។ ក្នុងពេលដែលក្រុមហ៊ុនថ្មីៗជាច្រើនព្យាយាមទាក់ទាញមនុស្សពូកែតាមរយៈការផ្តល់ជូនលក្ខខណ្ឌល្អៗ បុគ្គលិកតែងតែចង់បានអត្ថប្រយោជន៍ពិតប្រាកដទៅវិញ។

 

មានលក្ខណៈពិសេសមួយចំនួនដែលក្រុមហ៊ុនថ្មីៗអាចផ្តល់ជូនដើម្បីទាក់ទាញទេពកោសល្យបាន។ សព្វថ្ងៃនេះ ការផ្តល់ជូនម៉ោងពេលធ្វើការដែលមានលក្ខណៈបត់បែន និងជម្រើសការងារពីចម្ងាយជាវិធីដែលពេញនិយមបំផុត។ ក្រុមហ៊ុនដែលផ្តោតលើលទ្ធផលការងារជាជាងពេលវេលានិងទីកន្លែងនឹងមានអ្នកដាក់ពាក្យសុំធ្វើការច្រើន។

 

៣/ មិនសូវមានពេលវេលាច្រើន

ច្បាស់ណាស់ថាក្រុមហ៊ុនថ្មីៗមិនសូវមានពេលវេលាច្រើនទេក្នុងការបណ្តែតបណ្តោយទុកមុខតំណែងខ្លះឱ្យនៅទទេ។ ក្រុមហ៊ុនថ្មីៗគួរតែជ្រើសរើសបុគ្គលិកដោយផ្អែកលើមុខតំណែងដែលចាំបាច់ជាមុនដោយអនុវត្តតាមដំណាក់កាលសំខាន់ៗនៃដំណើរការជ្រើសរើស និងស្វែងរកឱ្យឃើញចំណុចខ្លាំងនិងចំណុចខ្សោយរបស់បុគ្គលិក។

 

ដំណោះស្រាយផ្សេងទៀតគឺជួលមនុស្សធ្វើការទៅតាមគម្រោងនិងជួលមនុស្សនៅក្រៅក្រុមហ៊ុនឱ្យធ្វើការរហូតដល់រកបានបុគ្គលិកដែលខ្លាំងពូកែពិតប្រាកដ។ បើមានគម្រោងណាមួយត្រូវអនុវត្តជាបន្ទាន់ លោកអ្នកគួរតែជួលអ្នកធ្វើការឯករាជ្យជាជាងប្រញាប់ជ្រើសរើសបុគ្គលិកដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការចង់បាន។

 

៤/ មិនមានបេក្ខភាពក្នុងតំបន់ប្រតិបត្តិការពាណិជ្ជកម្ម

បញ្ហាមួយទៀតដែលពាណិជ្ជកម្មថ្មីប្រឈមគឺការស្វែងរកបេក្ខភាពបុគ្គលិកក្នុងតំបន់សម្រាប់ការងារ។ ពាណិជ្ជកម្មនៅក្នុងវិស័យបច្ចេកវិទ្យាប្រកួតប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលផ្តល់ប្រាក់ខែខ្ពស់។ ចំណែកពាណិជ្ជកម្មដែលនៅក្រៅវិស័យបច្ចេកវិទ្យាវិញក៏មិនសូវមានជម្រើសច្រើនប៉ុន្មានដែរនៅក្នុងការសម្រិតសម្រាំងជ្រើសរើសបុគ្គលិកតាមជំនាញនីមួយៗ។

 

ក្រុមហ៊ុនដែលប្រឈមបញ្ហានេះគួរតែបើកចំហលទ្ធភាពសម្រាប់បុគ្គលិកជំនាញដែលអាចធ្វើការពីចម្ងាយនិងមកចូលរួមប្រជុំ ឬមកដល់ក្រុមហ៊ុនមួយខែម្តង ឬមួយឆ្នាំពីរដង។ ការជួលបុគ្គលិកឱ្យបានល្អត្រូវការពេលវេលានិងការអត់ធ្មត់ច្រើន ទោះជាក្រុមហ៊ុននោះមានទំហំប៉ុណ្ណាក៏ដោយ។ 

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់