ជីវិត&អាជីវកម្ម | April 12, 2019 | 157

គន្លឹះងាយៗដើម្បីជួយបង្កើនផលិតភាពការងារ

មានមនុស្សមិនដល់១០ភាគរយទេដែលអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ភាគរយដ៏ទាបនេះប្រហែលធ្វើឱ្យការប្តេជ្ញាចិត្តរបស់លោកអ្នកក្លាយទៅជាការខកចិត្តនិងខាតបង់ពេលវេលាទៅវិញ។

 

 

ប្រហែលលោកអ្នកត្រូវការរបៀបថ្មីដោយបន្ធូរសម្ពាធបន្តិចដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើង និងបង្កើនផលិតភាពការងារក្នុងពេលជាមួយគ្នា។ សម្រាប់អ្នកខ្លះគន្លឹះនៃផលិតភាពការងារប្រហែលស្ថិតនៅត្រង់ការដឹងខ្លួនថាគេពឹងផ្អែកច្រើនពេកលើបច្ចេកវិទ្យាដែលជះឥទ្ធិពលអាក្រក់ដល់ការចងចាំរបស់គេ។ ប្រសិនបើលោកស្ថិតនៅក្នុងក្រុមនុស្សប្រភេទនេះ លោកអ្នកអាចចាប់ផ្តើមអនុវត្តគន្លឹះមួយចំនួនដើម្បីបង្កើតប្រសិទ្ធភាពនិងផលិតភាពការងារបាន​៖

 

១/ លុបអ៊ីម៉ែលចេញពីទូរសព្ទដៃ

លោកអ្នកប្រើប្រាស់អ៊ីម៉ែលដើម្បីទាក់ទងទាំងរឿងផ្ទាល់ខ្លួននិងរឿងការងារ ប៉ុន្តែសូមកុំច្រឡំថាការឆ្លើយតបអ៊ីម៉ែលគ្រប់ពេលជារឿងដែលមានផលិតភាពក្នុងការងារឱ្យសោះ។ ការពិនិត្យមើលអ៊ីម៉ែល១០ដងក្នុងមួយម៉ោងមិនមែនជារឿងចាំបាច់ទេ ផ្ទុយទៅវិញ វាជាការរំខានយ៉ាងខ្លាំង។ ប្រសិនបើមានកិច្ចការចាំបាច់ លោកអ្នកនឹងចំណាយពេលបើកអ៊ីម៉ែលមើលនិងឆ្លើយតបនៅលើកុំព្យូទ័រក្នុងពេលដែលលោកអ្នកកំណត់ទុកជាមុនប្រចាំថ្ងៃ។

 

២/ គ្មានទូរសព្ទដៃនៅក្នុងបន្ទប់គេង

គុណភាពនៃដំណេកនិងបរិមាណនៃដំណេកពិតជារឿងសំខាន់ណាស់ចំពោះសុខភាពនិងផលិតភាព។ ការទុកទូរសព្ទក្បែរដៃនៅពេលគេងមានប៉ះពាល់ដល់រឿងសំខាន់ទាំងពីរនេះ។ តាមពិតទៅ ពន្លឺពណ៌ខៀវចេញពីទូរសព្ទដៃរបស់លោកអ្នកធ្វើឱ្យខួរក្បាលរបស់លោកអ្នកពិបាកយល់ថាពេលណាយប់និងពេលណាថ្ងៃ។ សូមធ្វើឱ្យបន្ទប់គេងលោកអ្នកមានភាពស្ងប់ស្ងាត់ពិតប្រាកដដើម្បីសម្រាកពីអ្វីៗទាំងអស់។ បើចាំបាច់ត្រូវប្រើប្រាស់នាឡិការោទ៍ដើម្បីដាសពីដំណេក លោកអ្នកគួរតែរកនាឡិការោទ៍ពិតប្រាកដមួយ ដោយមិនត្រូវប្រើទូរសព្ទដៃឡើយ។

 

៣/ លុបFacebook, Instagram, Snapchat និងTwitter

បណ្តាញសង្គមជាឧបករណ៍ដែលធ្វើឱ្យមនុស្សញៀននិងខាតបង់ពេលវេលាយ៉ាងច្រើនដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀតរាល់ការឆ្លើយឆ្លងនិងប្រតិកម្មតបចុះឡើងក្នុងបណ្តាញសង្គមអាចធ្វើឱ្យលោកអ្នកងាយប្រឈមនឹងបញ្ហាអារម្មណ៍យ៉ាងខ្លាំង។ ឧបករណ៍ទាំងអស់នេះបង្កើតឡើងក្នុងបំណងភ្ជាប់ទំនាក់ទំនងមនុស្សទាំងជិតនិងឆ្ងាយគ្រប់ពេលទាំងអស់ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង មនុស្សភាគច្រើនបែរជាងាកចេញពីទំនាក់ទំនងជាមួយនឹងដូចគ្នានៅចំពោះមុខ និងក្នុងពេលសន្ទនាជាក់ស្តែងទៅមើលរឿងរ៉ាវនៅលើបណ្តាញសង្គមរបស់គេទៅវិញ។ ដំណោះស្រាយបញ្ហានេះមានភាពងាយស្រួលណាស់ គឺត្រូវលុបកម្មវិធីបណ្តាញសង្គមទាំងអស់ចេញពីទូរសព្ទដៃលោកអ្នក។

 

៤/ កុំយកទូរសព្ទដៃចូលក្នុងកិច្ចប្រជុំ

ការយកទូរសព្ទដៃចូលក្នុងកិច្ចប្រជុំ ហើយទាញមើលចុះឡើងនៅពេលពិភាក្សាគ្នាអាចនឹងធ្វើឱ្យលោកអ្នកបាត់បង់ការយកចិត្តទុកដាក់លើរឿងរ៉ាវនៅចំពោះមុខ។ មនុស្សគ្រប់គ្នានៅក្នុងពេលប្រជុំសុទ្ធតែមានតម្លៃគួរទទួលបានការយកចិត្តទុកដាក់ ហើយទាំងលោកអ្នកផ្ទាល់ក៏ចង់ឱ្យគេយកចិត្តទុកដាក់ស្តាប់វិញដែរនៅពេលនិយាយ។ ហេតុអ្វីចាំបាច់ធ្វើខ្លួនឱ្យរវល់ទាំងក្នុងពេលកំពុងតែប្រជុំជាមួយមនុស្សស្រេចទៅហើយ ជាពិសេសសម្រាប់មេដឹកនាំ។ បើយកចិត្តទុកដាក់ឱ្យបានពេញលេញ លោកអ្នកនឹងភ្ញាក់ផ្អើលចំពោះខ្លឹមសារ និងផលិតភាពដែលទទួលបានពីការជួបប្រជុំទោះបីក្នុងពេលដ៏ខ្លីក៏ដោយ។

 

៥/ ផ្តោតលើកិច្ចការសមខាន់ត្រឹមតែបីទៅប្រាំបានហើយក្នុងមួយថ្ងៃ

សូមបង្កើតបញ្ជីកិច្ចការចំនួនបីទៅប្រាំដែលលោកអ្នកចង់ធ្វើឱ្យរួចរាល់ក្នុងមួយថ្ងៃៗដោយមិនចាំបាច់ធ្វើច្រើនជាងនេះទេ។ សហគ្រិនជោគជ័យភាគច្រើនមានការងារត្រឹមតែបីប៉ុណ្ណោះដែលគេផ្តោតធ្វើក្នុងមួយថ្ងៃ។ ការធ្វើកិច្ចការបានត្រឹមតែមួយមិនគ្រប់គ្រាន់តែ ការធ្វើបានកិច្ចការពីរជារឿងល្អបង្គួរ ហើយការធ្វើបានទាំងបីជារឿងអស្ចារ្យ។ គន្លឹះមួយនេះពិតជាមានប្រសិទ្ធភាពណាស់ដោយសារលោកអ្នកមានការផ្តោតចិត្តបានពេញលេញនិងដឹងច្បាស់ថាត្រូវធ្វើកិច្ចការអ្វីរាល់ថ្ងៃ និងបានកំណត់អាទិភាពយ៉ាងច្បាស់លាស់។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់