ជីវិត&អាជីវកម្ម | April 12, 2019 | 86

ការធ្វើការច្រើនម៉ោងលើសកម្រិតជារឿងគ្មានប្រយោជន៍

តើលោកអ្នកធ្វើការប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍? បើលោកអ្នកគ្រប់គ្រងពាណិជ្ជកម្ម ការងារលើសពី៤០ម៉ោងក្នុងមួយសប្តាហ៍ប្រហែលជារឿងធម្មតាសម្រាប់លោកអ្នក។ ហើយបើលោកអ្នកធ្វើការ៥០ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ លោកអ្នកមិនមែនជាមនុស្សតែឯងទេ។ បើទោះជាមានរបៀបរកប្រាក់ចំណូលដោយមិនចាំបាច់ខំ និងមានពាណិជ្ជកម្មស្វ័យប្រវត្តិកាន់តែច្រើន ក៏សហគ្រិនភាគច្រើននៅតែធ្វើការច្រើនម៉ោងដដែល។

 

 

សម្រាប់អ្នកខ្លះទៀត ការសួររឿងចំនួនម៉ោងធ្វើការបែបនេះប្រហែលជាសំណួរដែលគេពិបាកឆ្លើយបំផុតពីព្រោះគេហាក់ដូចជាធ្វើការគ្មានពេលសម្រាក និងគ្មានចុងសប្តាហ៍អ្វីទាំងអស់។ នេះជាការពិតដ៏គួរឱ្យក្រៀមក្រំ ប៉ុន្តែពេលខ្លះយើងមិនត្រឹមតែជឿថានេះជារឿងធម្មតានោះទេ ប៉ុន្តែមនុស្សជោគជ័យសុទ្ធតែប្រឹងប្រែងធ្វើការមិនគិតម៉ោងរបៀបនេះទៀតផង ពីព្រោះថាឱកាសមិនដែនសម្រាកទេ មែនទេ?

 

ការពិតគឺ ឱកាសក៏ត្រូវការសម្រាកដែរ។ ឱកាសដឹងថាពេលណាដែលវាត្រូវសម្រាកពីការងារ ហើយវាក៏ចង់ឱ្យលោកអ្នកសម្រាកខ្លះដែរ។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថាការធ្វើការបន្ថែមម៉ោង ជាពិសេសការងារដែលធ្វើលើសពី៥០ម៉ោងក្នុងមួយសប្តាហ៍ អាចក្លាយទៅជារឿងខាតបង់ពេលវេលាពីផលិតភាពទៅវិញទេ។

 

លទ្ធផលនៃការសិក្សាស្រាវជ្រាវបង្ហាញ “ផលិតភាពធ្លាក់ចុះភ្លាមៗនៅពេលមនុស្សម្នាក់ធ្វើការលើសម៉ោង ហើយនឹងបន្តធ្លាក់ចុះកាន់តែខ្លាំងនៅពេលមនុស្សម្នាក់ធ្វើការរយៈពេល៦០ម៉ោងក្នុងមួយសប្តាហ៍។ ការងារសរុបដែលធ្វើបានក្នុងរយៈពេល៦០ម៉ោងក្នុងមួយសប្តាហ៍ក៏មានទំហំដូចគ្នានឹងលទ្ធផលការងារ៤០ម៉ោងក្នុងសប្តាហ៍ដែរ។”

 

ដូច្នេះហើយ ប្រសិនបើការងារ៦០ម៉ោងក្នុងមួយសប្តាហ៍ច្រើនពេក តើលោកអ្នកគួរតែព្យាយាមធ្វើការត្រឹមប៉ុន្មានម៉ោងទើបល្អ? ការសិក្សាមួយពីសកលវិទ្យាល័យStanford បានរកឃើញថា នៅពេលមនុស្សធ្វើការលើសពី៥០ម៉ោងក្នុងមួយសប្តាហ៍ លទ្ធផលកាងារចាប់ផ្តើមធ្លាក់ចុះ។ ដូច្នេះ៥០ម៉ោងជាព្រំដែនបែងចែករវាងការងារច្រើនពេកនិងការងារសមរម្យ។ ប៉ុន្តែតើព្រំដែនពេលវេលាធ្វើការនេះមានន័យយ៉ាងណាចំពោះសហគ្រិន?

 

បើលោកអ្នកស្ថិតនៅក្នុងក្រុមមនុស្សដែលធ្វើការធម្មតា លោកអ្នកចាប់ធ្វើការនៅម៉ោង៦​ ម៉ោង៧ ឬម៉ោង៨ ហើយសម្រាកនៅម៉ោង៤ ម៉ោង៥ ឬម៉ោង៦។ សម្រាប់សហគ្រិន ការងាររបៀបនេះគ្រាន់តែជាគំនិតរវើរវាយប៉ុណ្ណោះ។ ប្រសិនបើពេលធ្វើការរបៀបនេះមិនគ្រប់គ្រាន់ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង លោកអ្នកប្រហែលត្រូវផ្លាស់ប្តូររបៀបធ្វើការ ដោយមិនបាច់បន្ថែមពេលវេលាដើម្បីបង្កើនផលិតភាព។

 

ឧទាហរណ៍ សូមសាកល្បងបំបែកពេលធ្វើការរបស់លោកអ្នកទៅជាផ្នែកតូចៗដើម្បីជួយខួរក្បាលលោកអ្នកឱ្យស្រស់ថ្លានៅក្នុងពេលធ្វើការ។ ការសិក្សាបានរកឃើញថាការធ្វើការរយៈពេលម៉ោងទៅពីរម៉ោង បន្ទាប់មកសម្រាកចន្លោះពី២០ទៅ៣០នាទី អាចជួយធ្វើឱ្យខួរក្បាលរបស់លោកអ្នកមានភាពស្រស់ថ្លា និងជួយលោកអ្នកឱ្យសម្រេចការងារបានកាន់តែច្រើនក្នុងរយៈពេលខ្លី។​ ទោះជាលោកអ្នកធ្វើការក្នុងម៉ោងពេលណាក៏ដោយ អាថ៌កំបាំងនៃផលិតភាពស្ថិតនៅត្រង់ការផ្តោតចិត្តធ្វើការណាឱ្យចំលើការងារនោះ គឺមិនមែនធ្វើការបណ្តើរ មើលបណ្តាញសង្គមបណ្តើរនោះទេ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់