ជីវិត&អាជីវកម្ម | March 13, 2019 | 92

សហគ្រិនរវល់ខ្លាំងធ្វើកិច្ចការប្រចាំថ្ងៃដូចម្តេច?

ជីវិតជាសហគ្រិនមានការងាររវល់ច្រើនណាស់ ដែលត្រូវ​ធ្វើរាល់​ថ្ងៃ។ ការងារ​រាល់ថ្ងៃ​នេះ​ ច្រើនតែ​មាន​ភាព​ដដែលៗ គួរឱ្យធុញទ្រាន់ មិន​សូវមាន​ផលិត​ភាពទេ ប៉ុន្តែ​ចាំ​បាច់។ តើ​សហគ្រិន​រវល់​ខ្លាំង ធ្វើកិច្ចការ​ប្រចាំ​ថ្ងៃ​ទាំង​នេះ បាន​ដោយ​របៀប​ណា? តើមាន​មធ្យោបាយ​ណា ដើម្បីធ្វើកិច្ចការ​ទាំង​អស់​ ហើយ​នៅ​អាច​សន្សំពេល​ធ្វើកិច្ចការ​សំខាន់​ទៀតដោយ​របៀប​ណា?​ ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​​របស់​សហគ្រិន ដោះស្រាយ​កិច្ចការ​ប្រចាំ​ថ្ងៃ​៖

 

 

១/ គេជៀសវាងកិច្ចការទាំងនោះ

តើការជៀសវាង​ពីការងារ​ត្រូវ​ធ្វើ ពិត​ជាដំណោះ​ស្រាយ​មែនទេ? ក្នុង​ករណីខ្លះ យើង​ពិតជា​អាច​ធ្វើបែប​នេះ​បាន​​មែន។ សូម​ពិចារណា​ការធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ។ តើ​ហេតុអ្វី​បាន​ជាមនុស្ស​រវល់​ខ្លាំង មាន​សម្ភារៈ​គេង​នៅក្នុង​ការិយា​ល័យ? គឺ​ដើម្បីគេ​អាច​ធ្វើការ​បាន​ ដល់​យប់​ជ្រៅ ហើយ​មិនខ្វល់​រឿង​ប្រញាប់​ធ្វើ​ដំណើរ​ពីព្រឹក ទៅ​កន្លែង​ធ្វើការ។ ហេតុអ្វី​បាន​ជាលោក​អ្នក​ចាំ​បាច់ ធ្វើខ្លួន​ឱ្យលំបាក​ខ្លាំង​បែប​នេះ? ជំនួស​ឱ្យការ​ជ្រើស​រើស​វិធី ដែល​លំបាក លោកអ្នក​អាច​ជៀស​វាង​រឿង​ចំណាយ​ពេល ធ្វើ​ដំណើរ​ទៅ​មក​កន្លែង​ធ្វើ​ការ តាម​រយៈការបង្កើត​ការិយាល័យ នៅ​ក្នុង​ផ្ទះ ហើយ​ធ្វើការ​ពី​ចម្ងាយ និង​ទៅក្រុមហ៊ុន​តែ​ពីរ​បីដងប៉ុណ្ណោះ ក្នុងមួយ​សប្តាហ៍​ ដើម្បីចូល​រួម​ប្រជុំ​សំខាន់ៗ ដែល​ជៀស​មិន​រួច។

 

ការងារដដែលៗ​ប្រចាំថ្ងៃមួយ​ទៀត គឺរឿង​ស្លៀក​ពាក់។ លោកអ្នក​ធ្លាប់​ឃើញ មហាសេដ្ឋី​ចំនួនច្រើន​ ​ក្នុងការ​សម្លៀក​បំពាក់​ដដែល​ៗ​ហើយ ប៉ុន្តែ​តាម​ពិត​គេមាន​ សម្លៀក​បំពាក់ដូចគ្នា​ច្រើន ដើម្បី​ងាយ​ស្រួល​យក​មក​ស្លៀក​រាល់​ព្រឹក ដោយ​មិន​ចាំបាច់​គិត​ច្រើន រឿង​ជម្រើស​ពណ៌​និង​ប្រភេទ សម្លៀក​បំពាក់។

 

២/ គេមិនចេះតែនិយាយ​យល់​ព្រម ចំពោះ​កិច្ចការ​គ្រប់​យ៉ាងទេ

សហគ្រិនដឹងថា​កិច្ចការ​ណា​សំខាន់ និង​កិច្ចការ​ណា​មិន​សូវ​សំខាន់។​ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ អាចឆ្លើយ​យល់​ព្រម​តែចំពោះ​កិច្ច​ការ​ណា ដែល​ត្រូវ​សម្រាប់​គេ និង​ហ៊ានបដិសេធ ចំពោះ​​កិច្ចការណា ដែល​ស្រប​នឹង​គោលដៅ​ ទាំង​ជិត​និង​ឆ្ងាយ​របស់​គេ។ ជាការ​ពិត​ណាស់ នៅពេល​ស្ថិត​ក្នុង​ភាព​មមាញឹក​ និងគ្មាន​ពេល​គ្រប់​គ្រាន់ ដើម្បីថ្លឹង​ថ្លែង​ថាកិច្ចការ​ណា​សំខាន់ និង​កិច្ចការណា​មិន​សូវ​សំខាន់ មនុស្សភាគ​ច្រើន នឹង​សម្រេច​ចិត្តធ្វើ​គ្រប់​កិច្ចការ និង​ដោះស្រាយ​គ្រប់​បញ្ហា​ទាំង​អស់ ដែល​កើត​ឡើង​ចំពោះ​មុខ។ ប៉ុន្តែការធ្វើបែប​នេះ​មិន​ខុស ពីការជាប់​អន្ទាក់​នៅក្នុង​ភាព​រវល់ ដោយ​គ្មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​ទេ។

 

៣/ គេធ្វើកិច្ចការត្រូវ​នៅក្នុង​ពេល​វេលា​ត្រូវ

ការធ្វើខ្លួនឱ្យមានផលិតភាព គឺការរៀន​គ្រប់គ្រង​ថាមពល ឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព​ ជាងការគ្រប់​គ្រង​ពេល​វេលា។ នៅពេល​ថាមពល​ច្នៃប្រឌិត របស់លោក​អ្នក​ឡើង​ដល់កម្រិត​ខ្ពស់ លោកអ្នក​ប្រហែល​ត្រូវ​ការ​ពេល​វេលា មិន​ដល់មួយ​ម៉ោង​ទេ ដើម្បី​សរសេរ​អត្ថបទ​មួយ។ ហើយ​នៅពេល​ដែល​ថាមពល​របស់​លោក​អ្នក ធ្លាក់​ដល់​កម្រិត​ទាប លោក​អ្នកប្រហែល​ត្រូវការ​ពេល​លើស​ពី​ ពីរម៉ោងដើម្បី​ធ្វើកិច្ចការ​ដដែល​នោះ។ ធ្វើកិច្ចការ​ដែល​មាន​ផលិត​ភាព​បំផុត របស់​​លោកអ្នក​នៅ​ពេល​ដែល​លោកអ្នក មាន​ថាមពល​ពេញ​បំផុត។ បន្ទាប់​មក​ប្រើប្រាស់​ថាមពល ដែល​​ពិសេស​ធ្វើកិច្ចការធម្មតាៗ ដែលមិន​តម្រូវ​ឱ្យមាន​ការ​គិត​ច្នៃប្រឌិត។

 

៤/ គេជួលមនុស្សពីខាង​ក្រៅ​ឱ្យធ្វើ​ការជំនួស

ជំនួយការនៅក្រៅក្រុមហ៊ុន ជាមធ្យោបាយ​អស្ចារ្យមួយ ដើម្បីលុប​បំបាត់​ទម្ងន់​ ការងារ​​មិនចាំ​បាច់។ ខាងក្រោម​នេះ​គ្រាន់តែ​ជាកិច្ចការ​មួយ​ចំនួន ដែល​ជំនួយ​ការពី​ចម្ងាយ ឬអ្នកធ្វើ​ការ​ឯករាជ្យ​អាច​ធ្វើ​បាន​៖

-រៀបចំការណាត់ជួបជាមួយនរណាម្នាក់

-គ្រប់គ្រងអ៊ីម៉ែលនិងបណ្តាញសង្គម

-រៀបចំការធ្វើដំណើរទៅឆ្ងាយ

-រៀបចំឯកសារនៅលើអ៊ីនថឺណិតដូចជាDropbox ឬGoogle Drive

-រៀបចំបទបង្ហាញ

-ស្រាវជ្រាវរកព័ត៌មាននិងទិន្នន័យ

 

៥/ ធ្វើកិច្ចការមួយចំនួននៅចុងសប្តាហ៍

សហគ្រិនគ្មានដើមសប្តាហ៍ ឬចុង​សប្តាហ៍​អ្វីទេ។ មនុស្សភាគច្រើន បានដឹង​រឿង​នេះរួច​ទៅ​​​​ហើយ គឺគេ​ធ្វើការ​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​ផង។ ប៉ុន្តែ​ចុង​សប្តាហ៍​ ប្រហែល​ជាពេល​ដែល​ខួរក្បាល​ គួរ​ទទួល​បាន​ការ​សម្រាក​ ហើយ​សាក​សម​ដើម្បីធ្វើ​កិច្ចការ ​មិនសូវ​សំខាន់​តែ​ចាំ​បាច់ ជាកិច្ចការ​ដែល​ខុស​ពី​របៀប​ធ្វើ​ធម្មតា​រាល់ថ្ងៃ។

 

៦/ ជួលមនុស្សដែល​មានជំនាញត្រូវ

ធ្វើកិច្ចការទាំងអស់ឱ្យរួច​រាល់ មាន​ន័យថា​ជា​ការ​ដែល​លោក​អ្នក នឹងត្រូវ​ចាត់​ចែង​ការងារ ឱ្យអ្នក​ដទៃ​ជួយ​ធ្វើ​និង​ទទួល​ខុស​ត្រូវ។ បើលោក​អ្នក​ជួល​មនុស្ស ដែល​ជំនាញ​ត្រូវ មនុស្ស​ទាំង​នោះ​ ​នឹងជួយ​លោកអ្នក​ធ្វើកិច្ច​ការ ចំពោះ​មុខ​បាន​ច្រើន។ មាន​មនុស្សខ្លះ ដែល​ពិតជា​ចូល​ចិត្ត និង​ចង់ធ្វើកិច្ច​ការ ដែល​លោកអ្នក​មិន​ចូល​ចិត្ត ហើយ​បើ​លោកអ្នក​ជួល​ចំ​មនុស្សបែប​នេះ ទាំងលោក​អ្នក​ និង​មនុស្ស​ដែ​លោក​អ្នកជួលនោះ នឹង​សប្បាយ​ចិត្តទាំង​អស់គ្នា។

 

ជារួម សហគ្រិនជាមនុស្សដែល​មាន​ភាព​ប៉ិនប្រសប់ ខាង​ដោះស្រាយ​បញ្ហា និងធ្វើកិច្ច​ការ​ក្នុង​របៀប​វៃឆ្លាត។ លោក​អ្នក​ពិត​ជារវល់ ហើយ​លោក​អ្នក​មាន​កិច្ចការ​ច្រើន​ណាស់ ដែល​ត្រូវធ្វើ។​ ប៉ុន្តែបើ​លោក​អ្នក​ធ្វើ ក្នុងរបៀប​ត្រឹមត្រូវ ការងារ​ទាំង​អស់​ នឹងមិន​ធ្វើឱ្យលោក​អ្នក​ឈឺក្បាល​ឡើយ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់