ជីវិត&អាជីវកម្ម | March 13, 2019 | 202

កិច្ចការដែលមនុស្សជោគជ័យខ្លាំងធ្វើរាល់ថ្ងៃ

ការបានជួបសន្ទនាជាមួយ​កំពូល​មនុស្ស​ជោគជ័យ អាច​ធ្វើឱ្យយើង ​ទទួល​បាន​ព័ត៌មាន​អស្ចារ្យមួយ​ចំនួន និង​ធ្វើឱ្យយើង​ស្គាល់​គេ​ បានកាន់​តែ​ច្បាស់ ព្រម​ទាំង​ដឹង​មូល​ហេតុដែល​ធ្វើឱ្យគេ​ក្លាយ​ជា មនុស្ស​ជោគ​ជ័យ។ ក្នុងពេល​ថ្មីៗ​នេះ​​លោក Kevin Kruse បាន​ជួប​សម្ភាស​កំពូល​មនុស្ស​ជោគជ័យ ជាង​២០០នាក់ ដោយ​រួមទាំង​មហាសេដ្ឋី​ជាច្រើននាក់​ផង ដោយ​ប្រើប្រាស់​សំណួរស្ទើរ​តែ​ ដូចគ្នា​ទាំង​អស់​គឺ តើលោក​អ្នក​មាន​អាថ៌​កំបាំង​អ្វី ចំពោះ​ផលិត​ភាព?

 

 

 

នៅក្នុងការវិភាគចម្លើយ​ពីកំពូល​ មនុស្ស​ជោគជ័យ​ទាំង​អស់​នោះ លោក Kruse បានរក​ឃើញ​គន្លឹះ​ដ៏អស្ចារ្យ​មួយ​ចំនួន៖

១/ គេផ្តោតលើសពេល​វេលា​លើ​នាទី មិនមែន​ម៉ោងទេ

មនុស្សភាគច្រើនកំណត់​ពេល​វេលា​ផ្ទាល់​ខ្លួន ដើម្បីធ្វើ​កិច្ចការអ្វី​មួយ ដោយ​គិត​ជាម៉ោង​ ឬកន្លះ​ម៉ោង ប៉ុន្តែ​កំពូល​មនុស្ស​ដឹងថា ក្នុងមួយ​ថ្ងៃ​មាន​ចំនួន​១៤៤០​នាទី ហើយ​គ្មាន​អ្វីដែល​មាន​តម្លៃ​ ជាង​ពេល​វេលាទេ។ លុយ​អាច​ទិញ​វត្ថុ​បាន​ជាច្រើន ហើយ​មនុស្ស​ក៏អាច​រក​លុយ​បាន​ច្រើន​ដែរ ប៉ុន្តែ​ពេល​វេលា ដែល​កន្លង​ហួស​ហើយ​ មិន​អាច​រក​បាន​មក​វិញទេ។ កីឡាកឈ្នះ​ពាន់​រង្វាន់​អូឡាំពិច Shannon Miller ប្រាប់លោក​ Kevin ថាមនុស្សត្រូវ​តែ​គ្រប់គ្រង​ ពេល​វេលា​គ្រប់​នាទី ដើម្បីគ្រប់​គ្រង​ជីវិត។

 

២/ គេផ្តោតតែលើកិច្ចការមួយប៉ុណ្ណោះក្នុងមួយពេល

កំពូលមនុស្សជោគជ័យ​ដឹងថា​អ្វី ជាកិច្ចការ​សំខាន់​​បំផុតរបស់​គេ ហើយ​គេធ្វើកិច្ចការ​នោះ​មួយ​ម៉ោង ឬពីរម៉ោង​រៀងរាល់​ព្រឹក ដោយ​គ្មាន​ការរំខាន។ តើកិច្ចការអ្វីខ្លះ​ ដែល​មានឥទ្ធិពល​បំផុត លើការ​សម្រេច​បាន​គោល​ដៅ របស់​លោក​អ្នក? តើការ​សម្រេច​បាន​ស្នាដៃ​អ្វី​ ដែល​ធ្វើឱ្យលោក​អ្នក​ ទទួល​បាន​មុខ​តំណែង​កាន់​តែខ្ពស់ នៅ​កន្លែង​ធ្វើការ? កិច្ចការ​ទាំងអស់​នោះ ជាអ្វីដែល​លោក​អ្នក​គួរតែ​ផ្តោត​ចិត្ត ធ្វើរាល់​ព្រឹក ហើយ​ធ្វើឱ្យចប់​មួយ​មុន នឹងចាប់​ផ្តើម​ធ្វើកិច្ចការ​មួយ​ទៀត។

 

៣/ គេមិនប្រើប្រាស់​បញ្ជីការងារ​ត្រូវធ្វើទេ

សូមបោះបង់បញ្ជីការងារ​ ត្រូវធ្វើរបស់​លោក​អ្នក​ចោល ហើយ​ជំនួស​មក​វិញ សូមរៀប​ចំ​កិច្ចការ​គ្រប់​យ៉ាង នៅលើ​ប្រតិទិន​របស់​លោក​អ្នក​វិញ។ ការស្ទង់​មតិ​បាន​បង្ហាញថា មាន​តែ​កិច្ចការ​ ត្រូវធ្វើ​៤១​ភាគ​រយ​ប៉ុណ្ណោះ ដែល​មនុស្ស​ធ្វើរួច​រាល់​ តាម​ការ​កំណត់។​ ចំណែក​កិច្ចការ ដែល​កំណត់​ទុក​ហើយ ​បែរ​ជា​មិន​បាន​ធ្វើវិញ នឹងនាំ​លោក​អ្នក​ឱ្យជួប​បញ្ហាសម្ពាធ​អារម្មណ៍ និង​គេង​មិន​លក់។ មនុស្សដែល​មាន​ផលិត​ភាព​ខ្ពស់ គូស​បង្ហាញ​កិច្ចការ ដែល​គេត្រូវ​ធ្វើនៅ​លើ​ប្រតិទិន ដែលគេ​សម្លឹង​ឃើញ​គ្រប់​ពេល។

 

៤/ គេទទួលទានអាហារពេលល្ងាចជុំគ្រួសាររាល់ថ្ងៃ

លោក Kevin បានទទួល​មេរៀន​នេះ ជាដំបូង​ពីស្ថាបនិក​និង CEO ក្រុមហ៊ុន Intel គឺលោក Andy Grove ដែល​និយាយ​ថា តែង​តែ​មាន​ការងារ​ជាច្រើន ដែល​ត្រូវ​ធ្វើ ការងារ​ច្រើន ដែល​គួរតែ​ធ្វើ និង​ការងារ​ច្រើន​ ដែល​អាច​ធ្វើ​បាន។ មនុស្ស​ជោគ​ជ័យ​កម្រិត​ខ្ពស់​ដឹង​ថា គេឱ្យ​តម្លៃអ្វី​ខ្លាំង នៅក្នុង​ជីវិត។ ច្បាស់​ណាស់​គឺ​ការងារ ប៉ុន្តែ​ក្នុង​ពេលជាមួយ​គ្នា គេធ្វើការ​ក៏​ដើម្បី​មូល​ហេតុ​មួយ​ ផ្សេង​ទៀត​គឺ​គ្រួសារ។ ដូច្នេះគេ​តែងតែ​ធ្វើ​ការ ដោយមិន​ភ្លេច​ការជួប​ជុំគ្រួសារ ​រៀង​រាល់​ល្ងាច​ឡើយ។

 

៥/ គេប្រើប្រាស់សៀវភៅកំណត់ហេតុ

លោក Richard Branson ធ្លាប់បាន​និយាយ​ថា លោក​ប្រហែល​មិន​អាច​បង្កើត​ក្រុមហ៊ុន Virgin បានទេ​បើគ្មាន​សៀវភៅ​កំណត់​ហេតុ ដែល​លោក​យក​តាម​ខ្លួន​គ្រប់​ពេល និងគ្រប់​កន្លែង។ នៅក្នុង​កិច្ចសម្ភាសន៍​មួយ កំពូលអ្នក​ជំនួញ​ផ្នែក​ ដឹក​ជញ្ជូន​ជន​ជាតិ​ក្រិច​លោក Aristotle Onassis និយាយថា ត្រូវតែ​យក​សៀវភៅ​កំណត់​ហេតុ តាម​ខ្លួនជានិច្ច​។ សរសេរអ្វីៗ​គ្រប់​យ៉ាង​ ទុក​ក្នុង​សៀវភៅ​នោះ។ នេះជា​មេរៀន​ ដែល​មាន​តម្លៃខ្ទង់​លាន​ដុល្លារ ហើយ​គ្មាន​គេ​បង្រៀន នៅក្នុង​សាលា​ពាណិជ្ជទេ។ កំពូល​មនុស្ស​ជោគជ័យ ធ្វើ​ឱ្យចិត្ត​របស់​គេមាន​សេរីភាព តាមរយៈ​ការកត់ត្រា​ទុក ​រាល់​គំនិតទាំង​​អស់ ដែលគេនឹកឃើញ។

 

៦/ គេមើលអ៊ីម៉ែលតែ​ពីរបីដង​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ

មនុស្សដែលមានផលិតភាពខ្ពស់ មិន​ពិនិត្យ​មើល​អ៊ីម៉ែល​គ្រប់​ពេល​នោះ​ទេ។ គេមិនឆ្លើយ​តប​ភ្លាមៗ គ្រប់​ពេល​ដែល​មាន​សារមក​ដល់​ថ្មីនោះទេ។ ជំនួសមកវិញ គេកំណត់​ពេលវេលា​ច្បាស់​លាស់ ដើម្បី​អាន​និងឆ្លើយ​តប​អ៊ីម៉ែល ហើយ​ពេល​គេធ្វើកិច្ច​ការ​ផ្សេង​ទៀត គេព្រងើយ​កន្តើយ ឬបំភ្លេច​ចោល​ទាំង​ស្រុង រឿង​អ៊ីម៉ែល​នោះ។ ដូចគ្នា​នេះ​ដែរ រឿងបណ្តាញ​សង្គម​ក៏ដូចគ្នា ហើយ​គេកាន់​តែ​ប្រយ័ត្ន​រឿង​ខាត​បង់ ពេលវេលា​លើ​បណ្តាញ​សង្គម​ ជាងអ្វីៗ​ទាំង​អស់។

 

៧/ គេជៀសវាងការជួប​ប្រជុំ​បើ​មិន​ចាំបាច់

នៅពេលលោក Kevin សុំលោក Mark Cuban ឱ្យជួយផ្តល់​ដំបូន្មាន​ល្អ​បំផុត​ អំពី​ផលិត​ភាព លោក Cuban ឆ្លើយតប​យ៉ាង​រហ័ស​វិញថា កុំជួប​ប្រជុំ​ឱ្យសោះ​លុះត្រា​តែ​មាន​គេសរសេរ​សែក​ឱ្យ។ ជំនួប​ប្រជុំជា​កំពូល​ ឃាតកសម្លាប់​ពេល​វេលា។ ការជួប​ប្រជុំច្រើន​តែ​ចាប់​ផ្តើម​យឺត​ម៉ោង ហើយ​មនុស្ស​ដែល​ចូល​រួម​ប្រជុំ​ច្រើន តែ​និយាយ​មិន​​ត្រូវ​ប្រធាន​បទ។ លោកអ្នក​គួរតែ​គេច​ចេញ ពីការជួប​ប្រជុំ​បើមិន​ចាំ​បាច់ ហើយ​បើមាន​ការ​សំខាន់​ខ្លាំង ត្រូវ​ប្រជុំ សូមធ្វើក្នុង​របៀប​ដែល​ខ្លី​និង​និយាយ​ឱ្យ​ចំ​បញ្ហា។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់