ជីវិត&អាជីវកម្ម | March 12, 2019 | 89

មធ្យោបាយងាយៗដើម្បីបង្កើតបរិស្ថានសហការនៅកន្លែងធ្វើការ

កិច្ចសហការជាគន្លឹះមួយ​ ក្នុង​ការ​បង្កើត​ពាណិជ្ជ​កម្ម។ មនុស្សរីក​ចម្រើន​ នៅក្នុង​បរិស្ថាន​​ដែល​ផ្តល់​សេរីភាព ឱ្យគេ​អាច​ទាក់​ទង និង​ធ្វើការ​ជាមួយ​គ្នា ដោយ​គ្មាន​ឧបសគ្គ។​នៅពេល​បរិស្ថាន​ក្រុមហ៊ុន ផ្តោត​លើកិច្ច​សហការ​គ្នា សមាជិក​ក្រុមច្រើន​តែ មាន​អារម្មណ៍​ថា​ពួក​គេ ជាផ្នែក​មួយ​នៃ​កម្លាំង​ការងារ ដែលធំលើស​ខ្លួន​គេ​ម្នាក់ៗ។ មធ្យោបាយ​ល្អបំផុត ដើម្បីផ្លាស់​ប្តូរពី​ផ្នត់​គំនិត បុគ្គល​ទៅជា​ផ្នត់​គំនិត សហការ​គ្នា​គឺត្រូវ​ធ្វើឱ្យ​សមាជិក​ ក្រុមការងារ​ម្នាក់ៗ​ មាន​ការ​ចូល​រួម​វិភាគទាន ក្នុងចរន្ត​ការងារ​ដែល​ពួក​គេ​កំពុង​តែធ្វើ។

 

 

ខាងក្រោមនេះជាមធ្យោបាយ​ងាយៗ​មួយ​ចំនួន ដែលជួយ​បណ្តុះ​សាមគ្គី​ភាព​និង​បរិស្ថាន​ការងារ ដែលមាន​កិច្ច​សហការ​ខ្ពស់៖

១/ បង្កើតបុព្វហេតុច្បាស់លាស់​និង​ទាក់ទាញ

ដើម្បីបង្កើត​សាមគ្គីភាព សមាជិកក្រុម​ការងារត្រូវតែ​មាន​ហេតុផល​ ច្បាស់លាស់​ដែល​ធ្វើឱ្យពួក​គេ ចូលរួម​ក្នុង​បេសក​កម្ម​របស់​ក្រុមហ៊ុន។ បើបេស​កកម្មកាន់​តែ​មាន​ភាពទាក់ទាញ និងគួរឱ្យរំភើប គេនឹង​ងាយ​ធ្វើឱ្យ​សមាជិក​ក្រុម​ការងារ​ម្នាក់ៗ ចង់​ចូលរួម​កាន់តែ​ខ្លាំង​អស់ ពីកម្លាំង​កាយ​ចិត្ត និង​ប្រើប្រាស់​អស់​សមត្ថភាព និង​ជំនាញ។ ផ្ទុយទៅវិញ បើសមាជិក​ក្រុម​ការងារម្នាក់ មិន​មាន​បុព្វហេតុរួម ឬមិន​ខ្វល់​ខ្វាយ ចំពោះ​គោល​ដៅ​រួម​ នៃ​ការងារ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើទេ គេនឹង​ស្វែង​រក​គ្រប់​មូល​ហេតុ ឬលេសមិន​ចេះ​ចប់​ក្នុង​ការ​គេច​វេស មិនព្រម​សហការ​គ្នា។ ដើម្បីបង្កើត​កិច្ច​សហការ​គ្នា ទស្សន​វិស័យ​និង​គោល​បំណង ត្រូវតែ​ច្បាស់​លាស់។

 

២/ បង្ហាញការរំពឹង​ទុក​ឱ្យសមាជិក​គ្រប់​គ្នា​បានដឹង

កិច្ចសហការគ្នាត្រូវតែ​បង្ហាញ ឱ្យសមាជិក​ក្រុម​ការងារ បាន​ឃើញ​ថា​ជាគ្រឹះ នៃកិច្ចការ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ។ ដើម្បី​បង្កើត​និង​ថែរក្សា​ គ្រឹះ​បែប​នេះ​បាន សមាជិក​ក្រុមការងារ​ ត្រូវដឹង​ឱ្យច្បាស់​ថា​អ្វីខ្លះ ជាតួនាទី​រៀងៗ​ខ្លួន ហើយ​អ្វីខ្លះ​ជាតួ​នាទី​រួម ព្រមទាំង​ធ្វើឱ្យគេ​ឃើញ​ថា តើពួក​គេ​មាន​ទំនួស​ខុស​ត្រូវ​ កម្រិត​ណា​នៅក្នុង​ក្រុម។ នៅ​ពេល​គេយល់​ច្បាស់ អំពីតួនាទី​របស់​គេ​ហើយ សមាជិក​ក្រុមម្នាក់ៗ នឹងធ្វើ​ការ​ជាមួយ​គ្នា​ កាន់តែ​​មាន​ប្រសិទ្ធភាព ដោយ​មិនមាន​នរណា​ម្នាក់ បំពាន​លើព្រំដែន​ទំនួល​ខុស​ត្រូវ របស់សមាជិក​ផ្សេង​ទៀត​ឡើយ។ នៅក្នុង​បរិស្ថាន​ការងារ ដែល​មាន​កិច្ចសហការ​ខ្ពស់ សមាជិក​ក្រុមម្នាក់ៗ ទទួល​បាន​បទ​ពិសោធន៍ នៃអ្វីដែល​ជា​ទំនួល​ខុស​ត្រូវ​ រួម​ចំពោះ​លទ្ធផល​ការ​ងារ។

 

៣/ បង្កើតគោលដៅរបស់ក្រុមការងារ

ដើម្បីរុញច្រានទៅរក​ជោគជ័យ នៅក្នុង​សមាជិក​ក្រុម​ការងារ រឿងដែល​សំខាន់ គឺត្រូវកំណត់​គោល​ដៅ​ច្បាស់លាស់ សម្រាប់​សម្រាប់​រយៈ​ពេល​បី​ខែ​ម្តង។ គោល​បំណង​នៃ​ការកំណត់ គោល​ដៅ​រយៈ​ពេល​ខ្លីៗនេះ គឺដើម្បី​ធ្វើឱ្យ​សមាជិក​ក្រុម​ មើល​ឃើញ​ជោគ​ជ័យ​ថា មិននៅ​ឆ្ងាយ​ពេក។ បទ​ពិសោធន៍​នៃការ​ទទួល​បាន​ជោគជ័យ តាម​ដំណាក់​កាល​បែបនេះ មាន​ឥទ្ធិពល​អាច​បំបែក​ គ្រប់​ឧបសគ្គ​និង​បង្កើត​បាន ចង្វាក់​ការងារ​ឆ្ពោះ​ទៅរក​ជោគ​ជ័យ កាន់តែ​ធំ​នៅក្នុង​ក្រុម​ការងារ​រួម។​ លើស​ពីនេះ​ទៅ​ទៀត គោល​ដៅ​ដែល​បានកំណត់​ទាំង​អស់ ក៏គួរតែ​ទទួល​បាន​ការវាយ​តម្លៃ​ឡើង​វិញ និង​អាចកែ​ប្រែ​បាន​ដែរ នៅពេល​ណា​ដែល​ចាំ​បាច់។

 

៤/ ប្រើប្រាស់គន្លឹះលើកកម្ពស់​ចំណុច​ខ្លាំង​សមាជិកក្រុម

ដើម្បីផ្តល់កម្លាំងចិត្តដល់សមាជិកម្នាក់ៗ​ ក្នុង​ក្រុម​ការងារ យុទ្ធសាស្រ្ត​អស្ចារ្យ​មួយ គឺត្រូវ​ធ្វើការ​ជាមួយ​នឹង​ចំណុច​ខ្លាំង ជាជាង​ផ្តោត​លើ​ចំណុច​ខ្សោយ របស់​មនុស្ស។ គំនិត​ល្អដែល​គួរតែ​អនុវត្ត​ ពីពេល​ចាប់​ផ្តើម​ទៅ គឺត្រូវ​ឱ្យសមាជិក​ក្រុម​ការងារ​ម្នាក់ៗ សាកល្បង​សមត្ថភាព​ផ្ទាល់​ខ្លួន និង​វាស់ស្ទង់​ឱ្យដឹង​ប្រភេទ​ នៃ​អត្តចរិត​របស់​ខ្លួន​ឯង ឱ្យ​ច្បាស់ដើម្បី​មើល​ឱ្យ​ដឹង​ទាំង​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ។​ ជំហាន​បន្ទាប់​មក​ទៀត គឺត្រូវ​ផ្តល់​ទិសដៅ និង​ការណែ​នាំ​ថា​ នរណា​ខ្លះ​អាច​ជួយ​ពួក​គេ ដើម្បីដោះ​ស្រាយ​បញ្ហា​នីមួយៗនិង​ជួយ​ផ្តល់​គ្រប់​មធ្យោបាយ ក្នុង​ការ​អភិវឌ្ឍ​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួក​គេ។ នៅ​ពេល​ក្រុម​ការងារ​មាន​ទំនាក់​ទំនង ដល់​កម្រិត​នេះ​ហើយ សមាជិក​ម្នាក់ៗ ចាប់​ផ្តើមដំណើរ​លើផ្លូវ​ត្រូវ​ទៅ​រក​ជោគជ័យ សម្រាប់​ការងារ​ទាំង​អស់ ដែល​គេ​ធ្វើរួម​គ្នា។

 

៥/ លើកទឹកចិត្តចំពោះនវានុវត្តន៍

ដើម្បីឱ្យក្រុមការងារ​រីក​ចម្រើន ពួកគេ​ត្រូវ​ទទួល​បាន​ការលើក​ទឹក​ចិត្ត ឱ្យចេះ​បំផុស​គំនិត​ និង​ចេះ​សួរ​ដេញ​ដោល របៀប​ធ្វើ​ការងារ​ទាំង​អស់ នៅក្នុង​បរិស្ថាន​ដែល​មិន​មាន​ការវាយ​តម្លៃ​អ្វី​ទាំង​អស់។ សមាជិក​ក្រុម​ម្នាក់ៗ​ ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល និង​ដឹក​នាំ​ឱ្យជឿជាក់​ លើការ​ជម្នះ​បញ្ហា​ប្រឈម និង​ឧបសគ្គ​នា​នា។ នៅពេល​សមាជិក​ម្នាក់ៗ​ មានឥរិយាបថ​និង​ជំនឿ​ចិត្ត​ថា គេ​អាច​ធ្វើកិច្ច​ការ​គ្រប់​យ៉ាង​បាន​ហើយ ពួកគេ​នឹង​ធ្វើការ​ទាំង​អស់​ ដោយ​មាន​ការរំពឹង​ខ្ពស់ ព្រម​ទាំង​ហ៊ាន​បញ្ចេញ​គំនិត និង​សាកល្បង​អនុវត្ត​វិធីសាស្រ្តថ្មីៗ ដែល​មិនធ្លាប់​មាន​នៅក្នុង​ក្រុម​ការងារ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ មេដឹក​នាំ​ក្រុម​ការងារ​នីមួយៗ ក៏គួរតែ​ឧស្សាហ៍​សាក​សួរ​សមាជិក​ម្នាក់ៗ ឱ្យ​បញ្ចេញ​គំនិតយោបល់​និង​ហេតុផល ឱ្យបាន​ញឹក​ញាប់ ហើយធ្វើ​យ៉ាង​ណា​បង្ហាញ ឱ្យឃើញ​ថា​ការ​ចូល​រួម​ទាំង​ប៉ុន្មាន​ របស់​ពួកគេ​ពិត​ជា​មិន​ឥត​ប្រយោជន៍។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់