ជីវិត&អាជីវកម្ម | January 11, 2019 | 236

ទម្លាប់ការងារប្រចាំថ្ងៃរបស់មហាសេដ្ឋីល្បីឈ្មោះ

តើមេដឹកនាំពាណិជ្ជកម្មដែល សុទ្ធតែ​ជា​មហាសេដ្ឋី​នៅ​ក្នុង​ពិភព​លោក​សព្វថ្ងៃ​នេះ​មាន​ចំណុច​អ្វីដូច​គ្នាខ្លះ? ច្បាស់​ណាស់​ថា​មហាសេដ្ឋី​ទាំង​នោះ​មាន​ភាព​វៃឆ្លាត ខិត​ខំ​ធ្វើការ និង​មាន​លុយ​ច្រើន ប៉ុន្តែ​លោក​អ្នក​នឹង​មើល​ភាព​ស្រដៀង​គ្នា​​ទាំង​​នេះ​​លែង​​សូវ​ច្បាស់​​នៅ​​ពេល​​ប្រៀប​​ធៀប​​ទម្លាប់​​ធ្វើការ​​ប្រចាំ​ថ្ងៃរបស់​​មហា​សេដ្ឋីនី​មួយៗ។

 

 

បើលោក​អ្នក​ចង់​ដឹង​ថា​​តើលោក​​អ្នក​គួរតែ​​គេង​​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង ពេល​ណាគួរ​តែ​ក្រោក​ពីដំណេក គួរតែ​ហាត់​ប្រាណ​ឬអត់ និង​គួរតែ​មាន​របៀប​រស់​នៅ​បែប​ណាខ្លះ លោកអ្នក​នឹងរក​មិន​ឃើញ​ភាព​ស្រប​គ្នាក្នុង​ចំណោម​មហាសេដ្ឋី​ល្បីឈ្មោះ​ទាំង​អស់​នេះ​ទេ។

 

១/​ លោក Jeff Bezos

របៀបធ្វើការ​ប្រចាំថ្ងៃ​របស់​កំពូល​អ្នក​មាន​របស់​ពិភព​លោក​នេះ​ហាក់​ដូចជា​មិន​សូវខុស​គ្នាពី​មនុស្ស​ភាគ​​ច្រើនទេ។ លោក Bezos តែង​​តែ​​គេង​​៨ម៉ោង​​ក្នុង​​មួយ​​យប់ ក្រោក​ពីដំណេក​​ដោយ​​មិន​​បាច់​​មាន​​នាឡិកា​រោទិ៍ ហើយ​​ចំណាយ​​ពេល​​ព្រឹក​​អាន​​ពត៌មាន​​និង​​ទទួល​​ទាន​​អាហារ​​ពេល​ព្រឹក​​ជាមួយ​​គ្រួសារ មុន​ពេល​ចេញ​ទៅ​ការិយា​ល័យ។ បើលោក​Bezos​ត្រូវ​ជួប​ប្រជុំ កិច្ចប្រជុំ​នោះ​ច្រើន​តែ​រៀប​ចំ​ឡើង​នៅ​ម៉ោង​១០​ព្រឹក ហើយ​លោក​ព្យាយាម​បញ្ជៀស​ប្រជុំ​នៅពេល​រសៀល។ ក្រោយ​ពី​ការងារ​ចប់ លោក Bezos ត្រឡប់​ទៅ​ទទួល​ទានអាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ បន្ទាប់​មក​លៀង​ចាន។

 

២/ Elon Musk

លោក Elon Musk ជាមនុស្សម្នាក់​ក្នុង​ចំណោម​មនុស្សដែល​ញៀន​ធ្វើការ​បំផុត​នៅក្នុង​ពិភព​លោក​នេះ ហើយ​លោក​ព្យាយាម​គេង​ត្រឹម​តែ​៦ម៉ោង​ទេ​ក្នុង​មួយ​យប់។ CEO របស់ក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ម្នាក់​នេះ​ក្រោក​ពីដំណេក​នៅ​ម៉ោង​ប្រហែល​៧ព្រឹក មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹកទេ ហើយ​ច្រើន​តែចំណាយ​ពេល​ព្រឹក​ដើម្បីឆ្លើយ​តប​អ៊ីម៉ែល។ បន្ទាប់​មក​លោក​ជូន​កូន​៥នាក់​ទៅ​សាលា ហើយ​ឆ្លៀត​ពេល​នោះ​ទទួល​ទាន​អាហារ​ថ្ងៃត្រង់។ គ្មាន​នរណា​ដឹង​ច្បាស់​ថា​លោក​ចំណាយ​ពេល​ក្រៅ​ពីនេះ​ដើម្បី​ធ្វើការពី​៨០​ម៉ោង​ទៅ​១០០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដោយ​របៀប​ណា​ខ្លះ​ទេ។ លក្ខណៈ​ពិសេស​មួយ​របស់​លោក​Musk គឺលោក​មិន​ទទួល​ការហៅ​ទូរសព្ទទេ។

 

៣/ Oprah Winfrey

សេដ្ឋិនីក្នុង​បណ្តាញ​ផ្សព្វផ្សាយ​ម្នាក់​នេះ​តែង​តែ​គេង​៨ម៉ោង​ក្នុង​មួយ​យប់។ លោក​ស្រី​ក្រោក​ពីដំណេក​នៅ​ចន្លោះ​ម៉ោង​៦និង​៧ព្រឹក​ដោយ​មិន​បាច់​មាន​នាឡិការោទិ៍​ទេ មុនពេល​ដឹក​ឆ្កែ​ដើរ​លេង។ បន្ទាប់​មក​លោកស្រី​ផឹក​ទឹកតែ ឬកាហ្វេ​ខ្លះ​មុន​ពេល​ធ្វើសមាធិ។ លោកស្រី Winfrey ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ម៉ោង​ប្រហែល​៨កន្លះ ហើយ​ការងារ​ប្រចាំថ្ងៃរបស់​លោក​អ្នក​ចាប់​ផ្តើម​នៅ​ម៉ោង​៩ និង​បញ្ចប់​ទៅវិញ​នៅ​ម៉ោង​៦ល្ងាច ដោយ​មាន​ពេល​សម្រាក​មួយ​ម៉ោង​ដើម្បី​ទទួល​ទាន​អាហារថ្ងៃ​ត្រង់។ លោក​​ស្រីតែងតែ​ទទួល​ទានអាហារ​ពេល​ល្ងាច​នៅ​ម៉ោង​៦ រួចហើយ​អាន​សៀវភៅ។

 

៤/ Bill Gates

មហាសេដ្ឋីដែលចូល​និវត្តន៍​ម្នាក់​នេះ​នៅតែ​រក្សា​ម៉ោង​ពេល​ឱ្យរវល់​ដដែល​តាម​រយៈវមូលនិធិ​មនុស្សធម៌។ សហ​ស្ថាបនិក​និង​ជាអតីត CEO ក្រុមហ៊ុន Microsoft តែង​តែគេង​៧​ម៉ោង​ក្នុង​មួយ​យប់ ហើយ​ច្រើន​តែមិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក។ លោក Bill Gates ច្រើន​តែរត់​ហាត់​ប្រាណ​លើ​ម៉ាស៊ីន​នៅក្នុង​ផ្ទះមុន​ពេល​ចាប់​ផ្តើម​អាន​ពត៌មាន។ នៅកន្លែង​ការងារ​លោក​មាន​របៀប​ធ្វើការ​ស្រដៀង​គ្នា​នឹង​លោក Elon Musk ដែរ គឺញែក​ពេល​វេលា​ក្នុងមួយ​ថ្ងៃៗ​ដោយ​ការផ្តោត​ធ្វើកិច្ចការ​នីមួយៗ​ក្នុង​រយៈ​ពេល​៥​នាទី។ លោក Gates អាន​សៀវភៅ​ច្រើន​ណាស់ ហើយ​ទម្លាប់​ទៀង​ទាត់​មួយ​ទៀត​គឺលោក​ធ្វើកិច្ចការ​ផ្ទះដូច​ជា​លាង​ចាន​ក្រោយ​ពេល​អាហារ​ល្ងាច​រួច។

 

៥/ Mark Cuban

មហាសេដ្ឋី​បច្ចេកវិទ្យា និងជាអ្នក​បង្កើត​កម្មវិធី Shark Tank ច្រើន​តែ​គេង​៦ទៅ​៧ម៉ោង​ក្នុង​មួយ​យប់។ នៅពេល​ព្រឹក លោក​Cuban កាហ្វេ​និង​ទំពារនំ​ស្រួយ ហើយ​អាន​អ៊ីម៉ែល និង​មើល​ទូរទស្សន៍។ លោក​Cubanតែង​តែ​ចំណាយ​ពេល​ប្រហែល​៣ម៉ោង​ដើម្បី​អានសៀវភៅ​រាល់​ថ្ងៃ។ ដោយ​សារមាន​កូន​បីនាក់​នៅក្នុង​បន្ទុក លោក​Cuban​តែង​តែ​រៀប​ចំ​ពេលវេលា​នៅ​ក្បែរៗ​កូន។ លោក​ជៀស​វៀង​ពីប្រជុំ​មិន​ចាំ​បាច់។ ក្រោយ​ពីរៀបចំ​ឱ្យកូន​គេង​ហើយ លោក​Cuban ហាត់ប្រាណ​ប្រហែល​មួយ​ម៉ោង​និង​មើល​កីឡា​បណ្តើរ។

 

៦/ Mark Zuckerberg

គ្មាននរណាដឹងច្បាស់​ថា​សហស្ថាប​និក​និងជា​CEO​ក្រុមហ៊ុន​Facebook គេង​ប៉ុន្មាន​ម៉ោង​ទេ​ក្នុង​មួយ​យប់ ប៉ុន្តែ​លោក​តែងតែ​ក្រោក​នៅ​ម៉ោង​៨ព្រឹក។ បន្ទាប់​មក​លោក​ពិនិត្យមើល​ទូរសព្ទដៃ​ភ្លាម ជាពិសេស​មើលសារ​Facebook​និង​កម្មវិធី WhatsApp។ លោក Zuckerberg ហាត់ប្រាណ​បីដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ពេល​ខ្លះ​នាំឆ្កែដើរ​លេង។ លោកទទួល​ទាន​អាហារ​ពេលព្រឹក​និង​ពាក់តែ​អាវយឺត​ដូចគ្នា​រាល់​ថ្ងៃ​និង​ស្លៀក​ខោ​ខៅប៊យ។ លោក Zuckerberg តែងតែ​លួង​កូនស្រី​ទាំងពីរ​នាក់​ឱ្យចូល​គេង និង​ធ្វើការពី​៥០​ទៅ​៦០​ម៉ោង​ក្នុង​មួយ​សប្តាហ៍។

 

៧/ Sheryl Sandberg

អ្នកដឹកនាំ​ជាន់ខ្ពស់​ម្នាក់ទៀត​របស់​ក្រុមហ៊ុន Facebook ដែល​ជាមហាសេដ្ឋិនី តែង​តែ​ទៅដល់​ការិយាល័យ​នៅ​ម៉ោង​៧ព្រឹក បន្ទាប់​ពីចំណាយ​ពេល​មួយ​ម៉ោង​ឆ្លើយ​តប​អ៊ីម៉ែល ហាត់​ប្រាណ និងជូន​កូន​​ទៅ​សាលា។ លោកស្រី Sandberg ចំណាយ​ពេល​ភាគច្រើន​រាល់ថ្ងៃ​ចូល​រួម​ប្រជុំ​ជា​បន្ត​បន្ទាប់ ហើយ​ចេញ​ពីការិយាល័យ​នៅ​ម៉ោង​៥​កន្លះ​យ៉ាង​ទៀង​ទាត់។ លោកស្រី​តែង​តែ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​កូន និង​ចំណាយ​ពេលសេស​សល់​នៅពេល​ល្ងាច​អាន​សៀវភៅ រួចហើយ​ចុចបិទ​ទូរសព្ទ និង​ចូលគេង​នៅម៉ោង​៩កន្លះ។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់