ជីវិត&អាជីវកម្ម | January 11, 2019 | 165

សកម្មភាពដែលវិទ្យាសាស្រ្តអះអាងថាជួយសហគ្រិនឱ្យរួចពីការអស់កម្លាំង

គ្រួសារ មិត្តភក្តិ លំហាត់​ប្រាណ និងអ្វីៗ​ដែល​លោក​អ្នក​ព្រងើយ​កន្តើយ​ក្នុង​ពេល​កំពុង​តែ​បង្កើត​ពាណិជ្ជ​កម្ម​សុទ្ធតែ​ជា​កត្តា​ចាំបាច់​ដែល​អាច​ជួយ​ព្យាបាល​បញ្ហា​ខ្សោះ​អស់​កម្លាំងកាយ​ចិត្តរបស់​លោក​អ្នក​បាន។

 

 

នៅក្នុង​មួយ​រយៈ​ពេល​ខ្លី សហគ្រិន​តែងតែ​មាន​សន្ទុះ​ចិត្តនិង​សមត្ថភាព​​រុញច្រាន​ខ្លួនឯង​ឱ្យខិត​ខំ​ធ្វើការ​លើស​ពីគេ​ឯង។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ការប្រឹង​ប្រែង​ហួស​កម្រិត​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​មក​វិញ ជាពិសេស​ប្រសិន​បើ​លោក​អ្នក​មិន​យក​ចិត្តទុក​ដាក់​ថែទាំ​សុខភាព​ទេ​នោះ។ ទោះ​ជា​លោក​បាន​ទៅ​ដល់​កម្រិត​ខ្សោះ​អស់​កម្លាំង ឬយល់​ថា​ទៅ​ជិត​ដល់កម្រិត​នោះ​ហើយ​ក៏ដោយ ក៏មាន​សកម្មភាព​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​ទទួល​បាន​ថាមពល​និង​តុល្យភាព​មក​វិញ​ដែរ​៖

 

១/ សម្រាក

មូលហេតុទូទៅ​មួយ​នៃ​ការខ្សោះ​អស់​កម្លាំង​កាយ​ចិត្ត​គឺ​ការមិន​មាន​ពេល​សម្រាក​ពី​ការងារ​នៅពេល​លោក​អ្នក​យល់ថា​គួរតែ​ត្រូវ​ការ​សម្រាក​ខ្លះ។ នៅពេល​ឈាន​ដល់​កម្រិត​នេះ សូម​សម្រាក​ខ្លះ។ មនុស្ស​យើង​កំពុង​តែ​រស់​នៅក្នុង​វប្បធម៌​មួយ​ដែល​សង្កត់​ធ្ងន់​លើ​ការងារ​គ្រប់​ពេល ហើយ​វប្បធម៌​នេះ​ធ្វើឱ្យ​យើង​យល់ថា​មិនមាន​ឱកាស​អ្វី​ដើម្បី​សម្រាក​ពីការ​ងារ​ទាល់តែ​សោះ។ នៅ​ពេល​លោកអ្នក​គិត​ឱ្យបាន​វែង​ឆ្ងាយ ទើប​ឃើញ​ថា​ការ​សម្រាក​ពិត​ជាចាំ​បាច់​ណាស់​សម្រាប់​ទទួល​បាន​ថាមពល​ជាថ្មី និងធ្វើការ​បាន​កាន់​តែ​មានប្រសិទ្ធភាព​ថែម​ទៀត។

 

២/ ហាត់ប្រាណ

លំហាត់ប្រាណ​ជា​មធ្យោបាយ​មួយ​ល្អមួយ​ដើម្បី​បង្កើន​ថាមពល​រាង​កាយ​និង​ធ្វើឱ្យ​ចិត្ត​ជ្រះ​ស្រឡះ។ ការជម្រុះ​ជាតិ​ខ្លាញ់​លើស និង​ញើស​ចេញ​ពីក្នុង​ខ្លួន និង​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​រាង​កាយ​សូម្បី​ត្រឹម​តែ​បន្តិច​បន្តួច​ក្នុង​មួយ​ថ្ងៃ​ក៏មាន​ភាព​ចាំបាច់​ដែរ​នៅក្នុង​ជីវិត​លោក​អ្នក។ លំហាត់​ប្រាណ​ធ្វើឱ្យ​យើង​មាន​សុខ​ភាពល្អ​និង​មាន​អារម្មណ៍​វិជ្ជមាន​ច្រើនចំពោះ​ខ្លួន​ឯង។

 

៣/​ ធ្វើសមាធិ

មានរបៀប​ធ្វើ​សមាធិ​ច្រើន​បែប​ណាស់ និង​ផ្សេងៗ​គ្នា​សម្រាប់​តម្រូវ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា។ ស្វែងរក​របៀប​ធ្វើ​សមាធិ​ដែល​ត្រូវចិត្ត​លោក​អ្នក ហើយ​កុំស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​ទេស​ទាំង​នោះ​នៅ​ពេល​លោក​អ្នក​មាន​អារម្មណ៍​ថា​ខ្សោះ​អស់​កម្លាំង។ ចំណាយ​ពេល​៥ទៅ​១០នាទី​ដើម្បី​ផ្តោត​លើ​ដង្ហើម​និង​សម្រាក​អាច​ធ្វើឱ្យ​លោកអ្នក​មាន​អារម្មណ៍​ល្អច្រើន។

 

៤/ សើច

សំណើចជា​ឱសថ​ល្អ​បំផុត។ មនុស្ស​ភាគច្រើន​បារម្ភ​ជ្រុល ឬធ្វើការ​ខ្លាំង​ពេក​រហូត​ដល់​ភ្លេច​គិត​អស់​រឿង​សប្បាយ។ ការសើច​ជាមធ្យោបាយ​មួយ​ដើម្បី​សម្រាក​និង​ធ្វើឱ្យ​បេះ​ដូងទទួល​បាន​ភាព​កក់​ក្តៅ។ ទោះ​ជាមើល​វីដេអូ​កម្សាន្ត​ខ្លី ស្តាប់​ការនិយាយ​កំប្លែង ឬចូល​រួម​ជជែក​កម្សាន្ត​ជាមួយ​មិត្តរួម​ការងារ​មួយ​ភ្លែត​ដែល​ធ្វើឱ្យ​លោក​អ្នក​មាន​អារម្មណ៍ស្រស់​ស្រាយ​ក៏អាច​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​លោក​អ្នក​ដែរ។

 

៥/ ចំណាយពេលជាមួយមនុស្សដែលស្រឡាញ់

ការបង្ខំខ្លួន​ឱ្យនៅ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​លោក​អ្នក​មិន​សូវស្គាល់​ច្បាស់​ធ្វើឱ្យឆាប់​អស់​កម្លាំង​កាយ​ចិត្ត​ណាស់។ ទោះជា​យ៉ាង​ណា ពេល​នៅ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់ យើង​តែងតែ​មាន​កម្លាំង​ស្វាហាប់​និង​មិន​យល់ថា​មាន​របាំង​អ្វីរារាំង​ឡើយ។ មាន​ហេតុផល​មួយ​ដែល​មនុស្ស​យើង​ស្រឡាញ់​គ្រួសារ និង​មិត្តភក្តិ​គឺការ​នៅ​ជាមួយ​មនុស្ស​ទាំង​នេះធ្វើ​ឱ្យយើង​សប្បាយ​ចិត្ត​និង​ទទួល​បាន​កម្លាំង​ចិត្ត​ចំពោះ​ការងារ។

 

៦/ ធ្វើកិច្ចការដែលស្រឡាញ់ក្រៅពីការងារ

ចំណាយពេលឱ្យ​បានច្រើន​ដើម្បីធ្វើ​កិច្ច​ការណា​ដែល​លោក​អ្នក​ស្រឡាញ់ ទោះជា​មិន​មែន​ដើម្បី​ផ​ល​ចំណេញ​អ្វីក៏​ដោយ។ ជីវិត​លោក​អ្នក​ប្រហែល​រវល់​នឹង​ការងារ​ណាស់ ប៉ុន្តែ​​បើលោក​អ្នកលែង​មាន​ពេល​ធ្វើកិច្ច​ការ​ដែល​ស្រឡាញ់​ពិត​ប្រាកដ លោក​អ្នក​កំពុង​តែ​បាត់បង់​អត្ត​សញ្ញាណ​ហើយ។ ធ្វើកិច្ចការ​ដែល​យើង​ស្រឡាញ់​ជាវិធី​បញ្ចូល​ថាមពលនិង​ជួយ​បញ្ជៀស​ពី​បញ្ហា​ធុញទ្រាន់​ក្នុង​ការងារ។

 

៧/ ស្រឡាញ់ខ្លួនឯង

ទោះជាស្ថិតនៅក្នុង​កាលៈទេសៈ​លំបាក​យ៉ាង​ណា​ក៏ដោយ កុំភ្លេច​ស្រឡាញ់​ខ្លួន​ឯង។ ការសម្លឹង​មើល​អតីត​កាល​ដោយ​ការសោក​ស្តាយ ឬការ​សម្លឹង​មើល​កញ្ចក់​ដោយ​អារម្មណ៍​មិនពេញ​ចិត្ត​មិនអាច​ជួយ​អ្វី​បានទេ។ ជីវិត​មនុស្ស​គ្រប់គ្នា​មាន​ភាព​លំបាក​រៀងៗ​ខ្លួន ហើយ​មិនមែន​មានតែ​លោក​អ្នក​ម្នាក់​ទេ​ដែល​យល់ថា​ដើរ​មិន​ទាន់​ដល់​កន្លែង​ដែល​ចង់​ទៅ។ ការតូច​ចិត្ត​នឹង​វាសនា​មិន​អាច​ជួយ​ធ្វើឱ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​បានទេ។ ជំនួស​មក​វិញ សូម​ស្រឡាញ់​ខ្លួន​ឯង​ឱ្យបាន​ច្រើន​និង​គិត​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ភាព​ភ្លឺស្វាងនៅ​ខាង​មុខ។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់