ជីវិត&អាជីវកម្ម | January 10, 2019 | 167

អាថ៌កំបាំងក្នុងការស្វែងរកការងារដែលចង់ធ្វើ  

ការសិក្សាស្រាវជ្រាវ​បានរក​ឃើញ​ថា​ជាង​ពាក់​កណ្តាល​នៃ​មនុស្ស​ដែល​មាន​ការងារ​ធ្វើ​មិន​ពេញ​ចិត្ត​នឹង​ការងារ​របស់​គេ​ទេ។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏មាន​គន្លឹះ​ដែល​ជួយ​ឱ្យមនុស្ស​មួយ​ចំនួន​តូច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្វែង​រក ឬបង្កើត​ការងារ​ដែល​គេ​ស្រឡាញ់​ដែរ។ សហគ្រិន​និង​ជា​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គមន លោក Gary Vaynerchuk មនុស្ស​មួយ​ចំនួន​ទៀត​បាន​ប្រាប់​អាថ៌កំបាំង​ដែល​នាំ​ឱ្យគេ​រក​ឃើញ​លក្ខណៈ​ពិសេស​របស់​ខ្លួន​ឯង និង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​ដែល​គេ​ស្រឡាញ់​ពិត​ប្រាកដ​៖

 

 

 

១/ ឈប់​ធ្វើការ​ណា​ដែល​លោក​អ្នក​ស្អប់

លោក Gary Vaynerchuk ពន្យល់ថា ខ្ញុំបាន​រកឃើញ​កិច្ចការ​ដែល​ខ្ញុំ​ចង់​ធ្វើ​ដោយ​សារ​ខ្ញុំដឹង​ថា​ខ្ញុំ​ជា​នរណា និង​ឈប់ខ្វល់​នឹង​អ្នក​ដទៃ។ ស្តាប់​ខ្លួន​ឯង ហើយ​ឈប់​ធ្វើការ​ណាដែល​លោក​អ្នក​ស្អប់។ កុំ​ទទួល​យក​ការងារ​មិនល្អ​ដោយ​សារ​តែវា​ផ្តល់​ប្រាក់​ខែ​ខ្ពស់ ហើយ​ក៏មិន​ត្រូវទៅ​រៀន​នៅ​មហាវិទ្យាល័យ​ដើម្បី​ត្រឹម​តែ​បំពេញ​ការ​រំពឹង​របស់​អ្នក​ដទៃ។ បើ​​មិនដឹង​​ថាលោក​​អ្នក​​ចង់​​ធ្វើអ្វី​ទេ សូម​​សាកល្បង​បទ​ពិសោធន៍​ឱ្យ​បាន​ច្រើន។ កុំធ្វើ​តែ​កិច្ចការ​ណា​ដែល​ងាយៗ ប៉ុន្តែ​ត្រូវ​ចេះ​ប្រជែង​នឹង​ខ្លួនឯង​ជម្នះ​ធ្វើ​កិច្ច​ការ​លំបាកៗ។ ដើម្បីស្វែង​រក​ឱ្យឃើញ​មហិច្ឆតា​របស់​លោក​អ្នក សូម​ចាប់​ផ្តើម​តាម​រយៈ​ការ​សាកសួរ​មនុស្ស​ជុំវិញ​ខ្លួន​អំពី​ជំនាញ​និង​ចំណុច​ខ្សោយ​របស់​លោក​អ្នក។ បន្ទាប់​មក​អភិវឌ្ឍបន្ថែម​ចំណុច​ខ្លាំង​ឱ្យបាន​បីដង ឈប់​វាយ​តម្លៃ​ខ្លួន​ឯង ហើយ​ត្រូវ​មាន​ភាព​អត់ធ្មត់។

 

២/ ចេះធ្វើសវនកម្ម​ខ្លួនឯង

លោកស្រី Allyson Byrd ជា​គ្រូ​បង្ហាត់​ផ្នែក​លក់​ដ៏ល្បី​ឈ្មោះ​និង​ជាស្ថាប​និក​ក្រុមហ៊ុន The Church of Profit Acceleration បាន​បង្ហាញ​អាថ៌​កំបាំង​របស់​លោក​ស្រី​ថា “ប្រ​ហែល​​​លោក​អ្នក​មាន​រឿង​តូច​ចិត្ត​ច្រើន​នៅ​ក្នុង​ជីវិត ទាំង​រឿង​គ្រួសារ ស្ថាន​ភាព​សេដ្ឋកិច្ច ភេទ និង​កន្លែង​រស់នៅ។ ខ្ញុំជា​មនុស្ស​ដែល​ឪពុក​បោះ​បង់​ចោល និង​មាន​តែ​ម្តាយដែល​ធ្វើការ​បី​កន្លែង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចិញ្ចឹម។ ដូច្នេះ​ខ្ញុំបាន​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​វ័យ​ក្មេង​ដើម្បី​ស្វែង​រកមូល​ហេតុ​ដែល​ធ្វើ​ឱ្យជីវិត​ខ្ញុំ​មាន​តម្លៃ។

 

បើលោក​អ្នក​មាន​ទំនាស់​នឹង​ខ្លួន​ឯង តើ​លោក​អ្នក​នឹង​អាច​រកឃើញ​ការងារ​ដ៏មាន​ន័យ​បាន​ដោយ​របៀប​ណា? សួរខ្លួនឯង​ថា​តើ​ខ្ញុំ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​ខុស​ពីគេ? តើខ្ញុំកំពុង​តែរស់​នៅ​ស្រប​តាម​គោល​បំណង​ខ្លួន​ឯង ឬគ្រាន់​តែ​ព្យាយាម​បំពេញ​បំណង​ឱ្យគេ? តើខ្ញុំ​អាច​ពង្រឹង​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង​បាន​ដោយ​របៀប​ណា និង​ចូល​រួម​វិភាគ​ទានទៅ​ក្នុង​ពិភព​លោក​វិញ​ដោយ​របៀប​ណា? សូម​ចង​ចាំ​ថា​ការងារ​មាន​ន័យ​មិនមែន​ស្ថិត​នៅ​លើ​តួនាទី ឬលុយ​កាក់​នោះទេ ប៉ុន្តែ​វាជា​ជំនឿ​អំពី​ខ្លួន​ឯង។

 

៣/ សាកល្បងធ្វើកិច្ចការឱ្យច្រើន

លោក Raul Villacis ជាCEO នៃក្រុមហ៊ុន The Next Level Experience ពន្យល់​របៀប​រក​ឃើញ​ការងារ​ដែល​លោក​ស្រឡាញ់​ថា ខ្ញុំបាន​ធ្វើការ​តាំង​ពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ។ នៅ​ពេល​នោះ​​ក​ម្លាំងជំរុញ​របស់​​ខ្ញុំគីជា​លុយ។ ពេល​ខ្ញុំកាន់​តែធំ ខ្ញុំបាន​ដឹងថា​លុយ​​មិនមែន​ជាហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ធ្វើឱ្យខ្ញុំ​ស្រឡាញ់​ការងារ​ទេ។ ខ្ញុំបាន​ចំណាយ​ពេល​យ៉ាង​យូរទម្រាំ​​រកឃើញ​ថា​ខ្ញុំចូល​ចិត្ត​ធ្វើ​កិច្ចការ​អ្វីពិត​ប្រាកដ​និង​រកលុយ​បាន​ផង។ ខ្ញុំត្រូវ​អត់​ធ្មត់​សាកល្បង​ធ្វើកិច្ច​ការ​ផ្សេងៗ​ជាច្រើន។

 

ធ្វើការដើម្បីតែ​លុយ​នឹង​មិនធ្វើ​ឱ្យលោក​អ្នក​រីករាយ​បាន​យូរ​ទេ។ បើលោក​អ្នក​ចង់ស្វែង​រក​ការងារ​ដែល​មាន​ន័យ សូមសួរខ្លួន​ឯង​ថា​តើ​លោក​អ្នក​នឹង​ធ្វើការ​អ្វី​បើ​សិន​ជា​មិនបាន​លុយ។ បន្ទាប់​ស្វែង​រកឱ្យ​ឃើញ​ថា​នរណា​ខ្លះ​ត្រូវការ​សេវា​កម្មបែប​នោះ។ លោក​អ្នក​ត្រូវប្រើ​ពេល​ខ្លះ​ដើម្បី​ស្វែង​រក​ឱ្យឃើញ​ការងារ​ដែល​លោក​អ្នក​សប្បាយ​ចិត្ត​នឹង​ធ្វើ។ ប៉ុន្តែនៅ​ទី​បំផុត​វា​នឹង​ជា​ការងារ​ដែល​មាន​តម្លៃ​ពិត​ប្រាកដ​សម្រាប់​លោក​អ្នក។

 

៤/ សួរខ្លួនឯងថាលោកអ្នកអាចបម្រើអ្នកដទៃដោយរបៀបណាខ្លះ

លោកស្រី Amy Sangster ជា​សហស្ថាបនិក​ក្រុមហ៊ុន Infinite Prosperity បង្ហាញ​អាថ៌​កំបាំង​របស់​លោក​ស្រី​ថា នៅពេល​ខ្ញុំធ្វើ​ការ​ក្នុង​ធនាគារ មិត្តភក្តិ​របស់​ខ្ញុំ​ដែល​មាន​មុខតំណែង​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​មាន​លុយ​ទិញ​របស់​ថ្លៃៗ​ប្រើ​ប្រាស់ ប៉ុន្តែ​ពួកគេ​កម្រ​មាន​ពេល​ញញឹម​ណាស់ ហើយ​តែង​តែ​រអ៊ូ​អំពី​កង្វះ​ខាត​ពេល​វេលា​ដើម្បី​នៅ​ជាមួយ​មនុស្ស​ដែលពួក​គេ​ស្រឡាញ់។

 

ពេលនោះខ្ញុំ​ដឹងថា​ការប្តូរ​ពេល​វេលា​ជាមួយ​លុយ​មិន​មែន​ជារឿង​ល្អ​សម្រាប់​ខ្ញុំទេ។ នៅ​ពេល​ដៃគូ​ពាណិជ្ជកម្ម​បច្ចុប្បន្នរបស់​ខ្ញុំ​ណែនាំ​ឱ្យចូល​ធ្វើការ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ខ្ញុំបាន​ខិតខំ​យ៉ាង​ខ្លាំង​ដោយ​សារ​ខ្ញុំ​ចង់​បាន​ជីវិត​របៀប​នោះ។ បើទោះ​ជាខ្ញុំ​បាន​ទទួល​ជោគជ័យ​យ៉ាង​រហ័ស ក៏ខ្ញុំ​តែ​យល់ថា​ដូចជា​ខ្វះខាត​អ្វីម្យ៉ាង គឺការ​ចូលរួម​វិភាគ​ទាន​ទៅសង្គម​វិញ។

 

បើលោក​អ្នក​ឈាន​ដល់​ដំណាក់​កាល​នោះ សូម​សួរខ្លួន​ឯងថា​តើ​លោក​អ្នក​អាច​បម្រើ​អ្នក​ដទៃ​បាន​ដោយ​របៀប​ណា។ គ្មានអ្វី​សង្ស័យ​ទេ ខ្ញុំដឹង​ច្បាស់​ថា​ខ្ញុំ​កើត​មក​ដើម្បី​ធ្វើ​ជា​អ្នកផ្តល់​កម្លាំង​ចិត្ត​និង​ជា​មគ្គុទ្ទេស​ក៍សម្រាប់​មនុស្ស​ដូច​រូប​ខ្ញុំ ដែល​មិន​ព្រម​ទទួល​យក​ជោគជ័យ​តូច​តាច​សម្រាប់​តែ​ខ្លួន​ឯង។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់