News in English | January 10, 2019 | 194

កសិដ្ឋាន​ចិញ្ចឹមព្រាប ជួយឱ្យកសិករ​មានជីវភាពធូធារ​ជាងមុន នៅតំបន់​ខាងលិច​ប្រទេស​ចិន

 

នៅស្រុក ឡូប (Lop County) នៅតំបន់ស្វយ័ត ស៊ីនជាំង​អួយក័រ ប៉ែកខាងជើងឆៀង​ខាងលិចប្រទេស​ចិន អាជ្ញាធរមូលដ្ឋាន​បានជួយអ្នកភូមិក្នុងការ​បង្កើតទីផ្សារសម្រាប់ចិញ្ចឹម​ព្រាប ដើម្បីចូលរួម​បង្កើនប្រាក់ចំនូលរបស់​ប្រជាពលរដ្ឋមូលដ្ឋាន​។ ស្ថិតនៅខាងត្បូង​វាលខ្សាច់ ថាឃ្លីម៉ាកាន់ ស្រុក ឡូប ស្ថិតនៅក្នុងបញ្ជី​ស្រុកដែលជាប់គាំង​ក្នុងភាពក្រីក្រថ្នាក់​ជាតិរបស់ចិន​។ ប៉ុន្តែ ដោយមានជំនួយ​ពីឧបករណ៍និងបច្ចេកវិទ្យាទំនើបៗ កសិដ្ឋានចិញ្ចឹមព្រាប​នៅស្រុកនេះ អាចបង្កើតកូន​ព្រាប រៀងរាល់៣៥ថ្ងៃម្ដង​។

 

 

 

 

លោក អាដាក់ យ៉ាសិន លេខាទីមួយ គណៈកម្មការបក្សនៃ​ភូមិខាល់វ៉ាប់ មាន​ប្រសាសន៍​ថា “បើសិនជាមួយគ្រួសារ​បង្កើតកូនព្រាបបានមួយ ការទប់ស្កាត់ជំងឹ​រាតត្បាត និង ការស្វែង​រកទីផ្សារ នឹងមិនអាចបំពេញ​តាមតម្រូវការបានទេ​។ ដូច្នេះ យើងក៏បង្កើតជា​ក្រុមមួយដែលមាន១៩គ្រួសារ​ដែលជាប់គាំងក្នុង​ភាពក្រីក្រ ហើយយើង​កំណត់ឱ្យមួយគ្រួសារ​នៃក្រុមនេះ ដឹកនាំការងារ​ចិញ្ចឹមព្រាបនេះ​។”

 

 

បើយោងតាមលោក យ៉ាសិន ភូមិនេះ កំពុងប្រើរូបមន្ដ​បង្កាត់ពូជព្រាបជាលក្ខណៈ​សមូហភាព​ ព្រមទាំងបាន​បង្កើតក្រុមជំនួយ​ការសមូហភាពជាច្រើន​ក្រុម​ ដើម្បីអភិវឌ្ឍ​កសិដ្ឋានចិញ្ចឹមព្រាប​។ នៅក្នុងក្រុមនីមួយៗ​ មានអ្នកជំនាញ​ជាច្រើននាក់សម្រាប់​រ៉ាប់រងការងារបង្កាត់​ពូជព្រាប ចំណែកឯអ្នក​ភូមិវិញ​ អាចធ្វើការ​នៅកសិដ្ឋានបាន ឬ អាចក្លាយ​ជាម្ចាស់ភាគហ៊ុននៃ​កសិដ្ឋានតែម្ដង​ ដើម្បីរកចំនូល​បន្ថែមឱ្យបានកាន់តែច្រើន​។

 

 

 

លោក អាមេត អ្នកភូមិខាល់វ៉ាប់ រៀប​រាប់​ថា “ការងារបង្កាត់ពូជ​ព្រាបនេះ ជួយឱ្យខ្ញុំមាន​ប្រាក់ខែ១៤៦ដុល្លារក្នុង​១ខែ ដែលស្មើនឹង១៧៥០​ដុល្លារក្នុង១ឆ្នាំ​។ ខ្ញុំនយកលុយ១៤០០​ដុល្លារមកបណ្ដាក់ទុន​ទៅក្នុងក្រុមជំនួយការ​សមូហភាពនេះ​ ហើយឥឡូវ ខ្ញុំទទួលបានប្រាក់​ពីការបណ្ដាក់ទុននេះពី៧ទៅ៩រយដុល្លារ​អាមេរិកក្នុង១ឆ្នាំ​។ ខ្ញុំសប្បាយ​ចិត្តណាស់ដែលអាចរក​ចំនូលបានច្រើនជាងមុនដូច្នេះ​។”

 

 

ក្នុងភូមិ ខាល់វ៉ាប់ មាន១៦៦គ្រួសារដែល​កំពុងជាប់គាំងក្នុងភាព​ក្រីក្រ ហើយភាគច្រើន​នៃគ្រួសារទាំងនេះ គឺជាម្ចាស់ភាគហ៊ុន​នៃកសិដ្ឋានចិញ្ចឹម​ព្រាប​ នាពេល​សព្វថ្ងៃនេះ​។ ក្រុមជំនួយ​សមូហភាព​ ក៏បានចុះកិច្ចសន្យា​ជាមួយក្រុមហ៊ុនចិញ្ចឹមព្រាប​ធំៗប្រចាំស្រុក​ផងដែរ​ ដោយក្រុមហ៊ុន​គឺជាអ្នកទិញព្រាបពី​កសិករ ហើយយកវាទៅលក់​ជាលក្ខណៈសមូហភាព​ ដើម្បីធានាថា​កសិករមានចំនូល​ទៀងទាត់​។

លោក ចាង យីង អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនចិញ្ចឹម​ព្រាប ហ័រធានសៀរ ស្រុកឡូប លើក​ឡើង​ថា “ក្រុមហ៊ុនរបស់យើង ទទួលខុសត្រូវ​លើការងារទប់ស្កាត់ការ​រាតត្បាតនៃជំងឺ​ ការបណ្ដុះបណ្ដាល​បច្ចេកទេស និងផ្ដល់ការណែ​នាំជាលក្ខណៈរួមគ្នា​។ តាមរយៈ​ការបង្រួបបង្រួមទាំង៥​យ៉ាង​ យើងអាចធានា​បាននូវគុណភាពរបស់​ព្រាបទាំងអស់ដែលយើងដឹក​ចេញពីកសិដ្ឋាន ​និងអាចធានាបាននូវផលិត​ផលមួយដែលមានស្ដង់ដារ​និងមានគុណភាពខ្ពស់​។”

 

 

 

លោក ថាវ យ៉ុង អភិបាលរងស្រុកឡូប មាន​ប្រសាសន៍​ថា “សព្វថ្ងៃនេះ ស្រុក ឡូប របស់យើងផ្ដោត​ទៅលើការងារកសាង​កសិដ្ឋានចិញ្ចឹមព្រាប​ ការងារ​ដាំផ្សិត និងចិញ្ចឹមគោ​។ តាមរយៈការអភិវឌ្ឍ​ឧស្សាហកម្មទាំងបីប្រភេទ​នេះ ​យើងអាចធានា​បានថា គ្រួសារដែលក្រីក្រជាង​១ម៉ឺនគ្រួសារ​ នឹងអាច​បង្កើនប្រាក់ចំនូលរបស់​ពួកគាត់បានជារៀង​រាល់ឆ្នាំ ដោយក្នុងមួយ​លើក​ ពួកគាត់​អាចបង្កើនប្រាក់ចំនូល​បានជាង៦០០ដុល្លារអាមេរិក​ជាអតិបរមា​។”

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់