បច្ចេកវិទ្យា | January 10, 2019 | 153

ស្មាតហ្វូន​បត់​ Samsung Foldable ​បង្ហាញ​ខ្លួន​នៅ​វិនាទី​ចុងក្រោយ​មុន​ព្រឹត្តិការណ៍ CES 2019 ​បិទ​បញ្ចប់​

 

ស្មាតហ្វូន​បត់​របស់ Samsung ដែល​សាធារណជន​ចំណាំ​ហៅ Samsung Foldable ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ក្នុង​សមាជ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត MWC ​ដែល​ត្រៀម​ប្រារព្ធ​នៅ​ខែ​ក្រោយ ចំណែក​ពេល​នេះ Samsung ​បាន​បង្ហើប​វា​ចេញ​នៅ​ក្នុង​ពិព័រណ៍ CES ​មុន​ព្រឹត្តិការណ៍​នេះ​បញ្ចប់​ទៅ​ហើយ។

 

ក្រុមហ៊ុន​ពិត​ជា​បាន​បង្អួត​ស្មាតហ្វូន​បត់ Foldable ​នេះ​នៅ​ក្នុង​សម័យ​ឯកជន​មួយ​អំឡុង​ព្រឹត្តិការណ៍ CES 2019 ​ដែល​ឧបករណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដល់​អតិថិជន​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ នេះ​គឺ​ជា​អ្វី​ដែល Samsung ធ្លាប់​បាន​ធ្វើ​ដូច​គ្នា​ នៅ​ក្នុង​ព្រឹត្តិការណ៍ CES រដូវ​កាល​មុនៗ ដោយ​ការ​ណែនាំ​ផលិតផល​ទំនើប​ចុងក្រោយ​ទៅ​អតិថិជន​មុន​ពេល​ខ្លួន​បញ្ចេញ​វត្តមាន​របស់​វា​ជា​ផ្លូវការ​នៅ​សមាជ MWC ​បន្ទាប់។

 

 

ស្មាតហ្វូន​បត់ Samsung Foldable ​ត្រូវ​បាន​គេ​បង្ហោះ​វីដេអូ​អះអាង​រួច​មក​ហើយ​កាលពី​អំឡុង​សន្និសីទ​អ្នក​អភិវឌ្ឍ​កម្មវិធី​របស់ Samsung ឆ្នាំ​មុន ដោយ​ពេល​នេះ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​លំអិត​អំពី​លក្ខណៈ​សម្បត្តិ​របស់​វា​នៅ​ឡើយ។ អ្វី​ដែល​យើង​អាច​ដឹង​បាន​គឺ​នៅ​លើ​ទំហំ​អេក្រង់​ដែល​ត្រូវ​បង្ហើប​ថា មាន​ទំហំ ៧,៣អ៊ីញ​អាច​បត់​ចូល​គ្នា​ពាក់​កណ្ដាល។

 

អេក្រង់ ៧,៣អ៊ីញ​មាន​កម្រិត​បង្ហាញ 2152x1536px ​ហើយ​វា​នឹង​ក្លាយ​ជា​អេក្រង់​ទី២ ​សល់​ទំហំ ៤,៦អ៊ីញ​កម្រិត 1960x840px ​នៅ​ពេល​អេក្រង់​ត្រូវ​បត់។ យើង​នឹង​ដឹង​រឹតតែ​ច្បាស់​នៅ​ពេល​ក្រុមហ៊ុន​ប្រកាស​វត្តមាន​របស់ Foldable Smartphone ​នេះ​ជា​ផ្លូវការ​ក្នុង​សមាជ MWC 2019 ខែ​ក្រោយ៕

 


ដោយ៖ ឈុន ហួរ
ប្រភព៖ Sammobile

មតិយោបល់