News in English | January 08, 2019 | 191

របាយការណ៍៖ សេដ្ឋកិច្ចចិន​នឹងមាន​កំណើន ៦.៤ភាគរយ នៅឆ្នាំ​២០១៩

 

សេដ្ឋកិច្ចចិន​នឹងមាន​កំណើនប្រហែល ៦.៤ភាគរយ ក្នុងឆ្នាំ២០១៩​នេះ ពោលគឺទាប​ជាង ០.១ភាគរយ បើធៀបនឹងកំណើននា​ឆ្នាំ២០១៨ ដែលមានចំនួន ៦.៥ ភាគរយ​។ នេះបើយោងតាម​របាយការណ៍មួយដែល​ចេញផ្សាយដោយសាកលវិទ្យាល័យ​ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច សៀងហៃ កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន​។

 

 

 

របាយការណ៍នេះ​បានឈានដល់សេចក្ដីសន្និដ្ឋាន​បែបនេះ ដោយផ្អែកលើសូចនាករ​សេដ្ឋកិច្ចចំនួន៣ ពោលគឺ វិស័យវិនិយោគ វិស័យប្រើប្រាស់ និងវិស័យពាណិជ្ជ​កម្ម ដែលសុទ្ធតែមានកំណើន​តិចតួចកាល​ពីឆ្នាំ​២០១៨​កន្លងទៅ​។ លោក ធាន គ័រឈាំង គឺជាសាស្ត្រចារ្យ​មកពីមហាវិទ្យាល័យសេដ្ឋកិច្ច​នៃសាកល​វិទ្យាល័យ​នេះ​។ លោកបាន​និយាយថា តួលេខនៃកំណើន​ដែលទាបជាង​ឆ្នាំមុននេះ​ ក៏បណ្ដាលមក​ពីការដែលរដ្ឋាភិបាល​ចិនផ្ដល់ជំនួយគាំទ្រ​ដល់វិស័យឯកជន និង ការលុប​ចេញនូវក្រុមហ៊ុន​ខ្មោចផងដែរ​។

លោក ធាន គ័រឈាំង សាស្ត្រាចារ្យ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ សាកលវិទ្យាល័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​សៀងហៃ​ លើក​ឡើង​ថា “ដូចដែលសន្និបាត​ការងារសេដ្ឋកិច្ចមជ្ឈឹម​បានចង្អុលបង្ហាញ​រួចហើយថា​ សេដ្ឋកិច្ច​ចិនត្រូវការរក្សា​ឱ្យបាននូវសន្ទុះ​កំណើនព្រមទាំងទប់​ស្កាត់ហានិភ័យ​ផងដែរ​។ ខ្ញុំយល់​ឃើញថា​ ធនាគារ​កណ្ដាលនឹង​តម្រូវឱ្យធនាគារ​ឯកជនតម្កល់​ប្រាក់កាន់តែតិច​ជាងមុនទៀត​នៅឆ្នាំក្រោយ​នេះ ដើម្បីឱ្យ​មានថវិកាកាន់​តែច្រើន វិលនៅក្នុង​សេដ្ឋកិច្ច​។ ប៉ុន្តែទង្វើនេះ ក៏នឹងមិនជះ​ឥទ្ធិពលអ្វីជាដុំ​កំផួនដល់កំណើន​សេដ្ឋកិច្ចជាតិដែរ​។ ដូច្នេះបើនិយាយ​ជារួមទៅ​ សម្រាប់ពេល​អនាគតកម្រិត​មធ្យមនិងកម្រិត​វែងឆ្ងាយ​ យើងមានគោល​ដៅចង់ឱ្យទីផ្សារ​ធ្វើជាអ្នកនាំមុខគេ​ ក្នុងការ​សម្រេចចិត្ត​ថាត្រូវរៀបចំ​ធនធានដោយ​របៀបណា និង ​ត្រូវដោះ​ស្រាយបញ្ហា​ចាត់ចែង​ថវិកាដោយ​វិធីណា​ឱ្យមានប្រសិទ្ធភាព​ខ្ពស់​។”

 


កាលពីឆ្នាំ​២០១៨ ធនាគារ​កណ្ដាលចិន​បានកាត់បន្ថយ​ចំនួនប្រាក់​តម្កល់របស់​ធនាគារ​ឯកជ​ន​ ចំនួន៤​លើករួចទៅហើយ ដែលបាន​ធ្វើឱ្យថវិកាជាង​២៩១ពាន់លាន​ដុល្លារអាមេរិក​ អាចហូរ​ចូលទៅក្នុងលំហូរ​សេដ្ឋកិច្ចជាតិ​។ ហើយកាល​ពីសប្តាហ៍មុន ធនាគារកណ្ដាល​ចិន បានបង្កើត​គ្រឹះស្ថាន​ថ្មីមួយ​ សម្រាប់ផ្ដល់ប្រាក់​កម្ចីដល់ធនាគារ​ក្នុងអត្រាការប្រាក់​ដែលកាន់តែទាប​ជាងមុន​ ដើម្បីជួយ​គាំទ្រដល់ក្រុមហ៊ុន​ខ្នាតតូចនិង​ក្រុមហ៊ុនឯកជន​។ ប៉ុន្តែវិធាន​ការនេះ​ ប្រហែលជាមិន​ជួយអ្វីច្រើនដល់​វិស័យឯកជននោះទេ​។ នេះបើយោង​តាមអ្នកជំនាញផ្នែកធនាគារ​ម្នាក់​។

 

 

លោក ចូវ ភីងជួរ អ្នកស្រាវជ្រាវ ធនាគារកណ្ដាលចិន មាន​ប្រសាសន៍​ថា “យើងគួរតែប្រើ​ប្រាក់កម្ចីនេះឱ្យបានល្អ​ជាងមុន​ ដើម្បីឱ្យយើង​អាចបង្កើនប្រសិទ្ធភាព​និងសមត្ថភាពនៃការ​បង្កើតអ្វីមួយដែលថ្មី​ ក៏ដូចជាការ​ផ្ដល់សេវាកម្មហិរញ្ញវត្ថុឱ្យ​កាន់តែល្អ ជូនដល់ក្រុមហ៊ុន​សំខាន់ៗផងដែរ​។”

 

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់