កម្សាន្ត | January 05, 2019 | 268

រឿង«និស្ស័យបងប្អូន»​ របស់ភីអិនអិន គឺបានរំលឹកនូវបង្ហាញប្រវតិ្ត ជីវិតតស៊ូដ៏ជូរចត់ក្នុងរបបខ្មែរក្រហម

 

ស្របពេលដែល​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​ខួប​ទី​៤០​នៃទិវា​ជ័យ​ជម្នះ​៧មករា ស្ថានីយទូរទស្សន៍​ភីអិនអិន ក៏បាន​ផលិត​ខ្សែ​ភាព​យន្តភាគ​ខ្មែរ​មួយ​រឿង​គឺ​រឿង «​និស្ស័យបងប្អូន» ដោយ​បាន​បង្ហាញ​ពី​អនុស្សាវរីយ៍​ជូរចត់​នៃ​ការ​បាត់​បង់ និង​បែក​បាក់​ក្រុម​គ្រួសារ​ក្នុង​សម័យ​បបរប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ហើយក៏​និយាយ​អំពី ការតស៊ូ​របស់​បងប្អូន​ពីរនាក់​ដែល​ធ្លាប់​ឆ្លង​កាត់រឿង​រ៉ាវ​ជាច្រើន​ក្នុង​របប​ប៉ុលពត។

 

 

រឿង «និស្ស័យបងប្អូន»ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​បាន​ប្រគល់​សិទ្ធ​ទៅ​អោយ​ផលិត​កម្ម ខ្មែរ​មេគង្គ ផលិត​ជា​៣១ភាគ  និង​មាន​តារា​សម្តែង​ចូលរួម​ទាំង​ចាស់ ​និង​ថ្មី​ជា​ច្រើននាក់​ដូចជា លោក សាវីន ហ្វីលីប សម្តែង​ជា ថារ៉ូ អ្នក​នាង ញឹម ចាន់ថន សម្តែង​ជា មន្ថា លោក ហេង ដារី សម្តែងជា ថារិទ្ធ លោក លីសុខ​គីម​សាន សម្តែង​ជា​ភារិន កញ្ញា ភិន សវណ្ណនីកា សម្តែងជា នីដា លោក ទ្រី តារាវុទ្ធ សម្តែងជា វិសុទ្ធ រួម​និងតារា​ជាច្រើន​រូប​ទៀត។

 

 

ខ្សែភាពយន្តភាគ​ខាង​លើរៀប​រាប់​ពីវាសនា​របស់​បងប្អូន​ប្រុស​ភ្លោះ​ពីរនាក់​គឺ ថារិទ្ធ និង​ថារ៉ូ​ ដែល​បាន​តស៊ូ​គ្រប់​បែប​យ៉ាង​ក្នុងរបប​ប៉ុលពត​បន្ទាប់​ពីម្តាយ​ឪពុក​របស់​ពួកគេ​ត្រូវបាន​របប​ប៉ុល​ពត​នាំយក​ទៅ​សំលាប់​ចោល​ដោយ​គ្មាន​កំហុស។​មុនពេល​ដែល​ពួក​គាត់​ស្លាប់​បាន​ប្រគល់​ត្បូងភ្លោះ​ពីរ​អោយ​ទៅ​ថារិទ្ធ និង​ថារ៉ូ។  វាសនា​អាក្រក់​ពួក​គេ​ក៏បាន​បែកគ្នា ដោយទាហ៊ានខ្មែរក្រហមជំលៀសថារិទ្ធទៅកាន់ភូមិផ្សេងមួយទៀត។ ចាប់តាំងពីពេលនោះមកថារ៉ូដែលជាប្អូនប្រុសបានគិតថាបងប្រុសរបស់ខ្លួនត្រូវបានគេសម្លាប់បាត់ទៅ​ហើយ។

 

 

បន្ទាប់​ពីថ្ងៃ​រំដោះ៧ មករា ១៩៧៩ មកពួក​គេក៏​មិន​ដែល​បាន​ជួប​គ្នាដែរ រហូត​មក​ដល់​ឆ្នាំ​២០១៧ ទាំង​ពីរនាក់​បងប្អូន​ក៏មាន​គ្រួសារ​រៀងៗ​ខ្លួន ថារិទ្ធ មាន​ប្រពន្ធ និង​កូនពីរនាក់ ប្រុស​ម្នាក់ និងស្រី​ម្នាក់ ចំណែក​ឯ​ថារ៉ូ ក៏មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់​ផងដែរ។​ ថារិទ្ធ និងថារ៉ូ មិនដែល​ប្រាប់​ទៅ​ប្រពន្ធ និង​កូនពី​រឿង​រ៉ាវរបស់​ពួកគេ​ឡើយ ដោយគ្រាន់​តែ​គិតថា​ម្នាក់ៗ​ពិត​ជាបាន​ស្លាប់​ក្នុង​ជំនាន់​ប៉ុលពត​ដូចគ្នា។ តែ​វាសនា​បាន​បណ្តាល​អោយ​ពួកគេ​ទាំងពីរ​នាក់​បាន​ជួប​គ្នាវិញ ហើយ​ថារ៉ូ​គឺជា​អ្នក​មើល​ថែ​បង​ប្រុស និងគ្រួសារ​គាត់​វិញ​ម្តង។

 

រឿង «​និស្ស័យបងប្អូន» នឹងត្រូវ​ចាក់ផ្សាយ​ឆាប់ៗ​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន បន្ទាប់​ពីរឿង «សមុទ្រទឹកភ្នែក»៕

ទស្សនាឈុតខ្លី៖

 

មតិយោបល់