News in English | January 04, 2019 | 166

កម្មវិធី​ប្រកួត​ប្រណាំង​ដ្រូន (Drone) នៅ​ប្រទេស​ចិន

 

ការប្រកួត​ប្រណាំង​ដ្រូន (Drone) កំពុងមាន​ប្រជាប្រិយភាពកាន់តែ​ច្រើននៅទូទាំង​ពិភពលោក ​ហើយកាលពីពេលថ្មីៗ​នេះក្រុង ណានជីង របស់ប្រទេស​ចិន បានរៀបចំការប្រកួត​លំដាប់អន្តរជាតិ​មួយ ដើម្បី​ទាក់ទាញចំណាប់​អារម្មណ៍មនុស្សឱ្យបាន​កាន់តែច្រើន​​។

 

 

 

 

ដ្រូន (Drone) ប្រណាំងទាំងនេះ មានបំពាក់​កាមេរ៉ានៅពីលើ ហើយកីឡាករ​ដែលជាអ្នកបញ្ជា ត្រូវពាក់​វ៉ែនតា VR ដើម្បីមើលថា​វាហោះទៅដល់ណាហើយ​។ ដោយហោះក្នុង​ល្បឿនជាង១៨០គីឡូម៉ែត​ក្នុង១​ម៉ោង​ ការប្រកួតនេះ​គឺជាឱកាសសម្រាប់ឱ្យកីឡាករ​ដែលស្នេហាវិស័យ​បច្ចេកវិទ្យា​ អាចបញ្ចេញសមត្ថភាព​របស់គេ លើការបញ្ជាដ្រូន​ (Drone) មហាស្រាល នៅក្នុងទីលាន​ប្រណាំងមួយដែល​គេបានរៀបចំ​។

 

 

 

 

 

 

លោក ចូវ ស៊ាំង កីឡាករប្រណាំងដ្រូនអាជីព និយាយ​ថា “ភាគច្រើន​គេនិយាយថា កីឡាករបរទេស ពូកែជាកីឡាករ​ចិន ដោយសារគេមាន​បទពិសោធន៍ច្រើនជាង ឬ ដោយសារគេ​ជក់ចិត្តនឹងកីឡា​នេះខ្លាំងជាង​។ ហើយគេក៏​និយាយថា កីឡាករចិន ហាក់ដូច​ជាហ្មត់ចត់ពេក និង ដាក់សម្ពាធ​លើខ្លួនឯងខ្លាំងជាងកីឡាករ​បរទេស​។”

 

 

ប្រ៊េដ ខូលីស គឺជាកីឡាករ​មក​ពីអង់គ្លេស​។ គាត់បាន​ប្រណាំងដ្រូន (Drone) តាំងពីពេលដែល​កីឡានេះបាន​ចាប់ផ្ដើមមានដំបូង កាលពី៤ឆ្នាំ​មុនមកម្ល៉េះ​។ លោក ប្រ៊េដ ខូលីស លើក​ឡើង​ថា “លើកនេះ គឺជាលើកទីបី​ហើយដែលខ្ញុំមកប្រកួត​នៅចិន​។ នៅទីនេះ គេសំបូរ​ថវិកាសម្រាប់រៀបចំកម្មវិធីជាង​នៅអង់គ្លេស ហើយការប្រកួត​ក៏មានលក្ខណៈផ្លូវការ​ និង ស្ដង់ដារ​ជាងដែរ។ បើនៅអង់គ្លេសឯណោះ ការប្រកួតគឺមាន​លក្ខណៈតូចតាច ដែល​មានមនុស្សតែប៉ុន្មាននាក់ មកប្រណាំង​គ្នានៅទីវាល ដែលគ្មានទីតាំង​ច្បាស់លាស់​។”

 

 

ជាកីឡាករជើង​ចាស់ម្នាក់ លោក ជិន ជឹង ធ្លាប់ធ្វើជាអ្នករៀប​ចំការប្រកួតនេះ​។ គាត់យល់​ឃើញថា ការប្រកួតប្រណាំង​ដ្រូន (Drone) នៅប្រទេសចិន នឹងមាន​អនាគតល្អ​។

 

 

លោក ជិន ជឹង ស្ថាបនិក កម្មវិធីប្រកួតដ្រូន X-fly “ខ្ញុំយល់ឃើញថាអនាគតនៃការប្រកួតនេះ គឺពិតជាល្អខ្លាំងណាស់។ បើទោះជាសព្វថ្ងៃ កីឡានេះជាប្រភេទកីឡាអ្នកមានក៏ដោយ ក៏យើងឃើញថា វាកំពុងរីកចម្រើនយ៉ាងលឿនមែនទែន។ ហើយដូចដែលយើងដឹងហើយ ថាប្រទេសចិនគឺជាប្រទេសផលិតដ្រូនច្រើនជាងគេបង្អស់ក្នុងពិភពលោក។ ដូច្នេះប្រហែល៥ទៅ១០ឆ្នាំខាងមុខ ខ្ញុំជឿជាក់ថាកីឡានេះ នឹងក្លាយជាកីឡាដែលគេនិយមលេងទូទៅតែម្ដង។”

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់