កម្សាន្ត | December 31, 2018 | 325

ម៉េង ប៊ុនឡូ រំពឹង​ស្នាដៃ​ផលិត​ថ្មី​ទទួល​ការ​គាំទ្រ​ខ្លាំង

តារា​សម្ដែង និង​ជា​​តារា​​ចម្រៀង​​ទើប​​ចេញ​​ដឹក​នាំ​​រឿង​​​លោក ម៉េង ប៊ុនឡូ និយាយ​​​ថា​ស្នាដៃ​​ថ្មី​របស់​​ខ្លួន​គឺ​រឿង”ចិញ្ចៀន” លោក​​មាន​​ក្ដី​រំពឹង​​ខ្ពស់​​ថា​នឹង​​ទទួល​​ការ​គាំទ្រ​​ពី​​ទស្សនិកពេល​​បង្ហាញ​​វត្តមាន​​ផ្លូវការ​​តាម​​រោងភាព​យន្ត​​នានា។

 

 

លោក​បញ្ជាក់​​ដូច្នេះ​ ខណៈ​​ភាព​យន្ត​ថ្មី​របស់​​ខ្លួន​​បាន​​ចេញ​ Trailer ជា​ផ្លូវការ និង​​ត្រៀម​​ចាក់​​បញ្ចាំង​​នា​ដើម​​ឆ្នាំ​​២០១៩​​នេះ។​លោក​ ម៉េង ប៊ុនឡូ និយាយ​ថា៖”យើង​​រំពឹង​ព្រោះ​​តែ​រឿង​នេះ​​យើង​​បាន​​សម្រិត​សម្រាំង​​ទាំង​​បច្ចេក​​ទេស និង​​ប្លង់។ អ្វី​ដែល​​ពិសេស​​រឿង​នេះ​​គឺ​ឆ្លុះ​​បញ្ចាំ​ង​​ពី​ជីវិត​​រស់​នៅ​​របស់​​កុល​សម្ព័ន្ធក្នុង​​ប្រទេស​ កម្ពុជា​យើង”។

 

 

អតីត​តារា​​ចម្រៀង​​របស់​​ផលិត​កម្ម SSB បន្ត​ថា នេះជា​ខ្សែភាព​យន្តភ័យ​រន្ធត់ និងកំប្លែង ដែល​មាន​លក្ខណៈ​ផ្សង​ព្រេង​ហើយ​បង្កប់​រឿងរ៉ាវ​ស្នេហា​យ៉ាង​ជក់​ចិត្ត​និង​ជំនឿ​របស់​ជន​ជាតិ​ភាគ​តិច ដោយ​មាន​បញ្ចូល​នូវការ​អប់រំ​ជាច្រើន​ផង​ដែរ ក្រៅពី​ឈុត​ឆាក​កាច​សាហាវ​ស្នេហា​ជូរចត់ និង​កំប្លែង។​ចំពោះ​រឿង​រ៉ាវប្រវត្តិ​ស្នេហា​​យ៉ាងណា​របស់​តួ​ខ្មោច​ស្រីសម្តែង​ដោយ​អ្ននាង ញឹម ចាន់ថន មុន​ពេល​ក្លាយ​ជាខ្មោច​ដ៏សាហាវ​នោះ លោក​ស្នើឲ្យ​ទស្សនិក​ជន​ចូលរួម​គាំទ្រ និងចូល​ទស្សនា​ភាពយន្ត​នេះ​ដើម្បីជា​កម្លាំង​ចិត្ត​បន្ត​សម្រាប់ការផលិត​ភាពយន្ត​បន្ទាប់។

 

 

ភាពយន្តកំប្លែង និង​ភ័យ​រន្ធត់​គឺរឿង “ចិញ្ចៀន” ដែល​ដឹកនាំ​ផលិត​ដោយ​លោក ម៉េង ប៊ុនឡូ ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពីទស្សនិក​ជន​មុនថ្ងៃ​ចាក់​បញ្ចាំង។ ចាប់អារម្មណ៍​​ព្រោះតែ​ឈុត​ឆាកខ្លី (Trailer) នៃ​ភាពយន្ត​នេះ​បាន​បង្ហាញ​ពីឈុត​ឆាក​ភ័យ​រន្ធត់ និង​តំបន់​ព្រៃភ្នំទឹក​ជ្រោះ​ដ៏ស្រស់​ស្អាត នៅ​កម្ពុជា។​ភាពយន្ត​ខ្នាត​ធំរបស់​ផលិត​កម្មចក្រវាឡ​ពេជ្រ​ភាពយន្ត​ទទួល​បាន​សិទ្ធិដាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្តទំនើប​ទាំង​អស់​ចាប់​ពីនៅ​ថ្ងៃទី​៣ មករា​ឆ្នាំ២០១៩​ខាង​មុខនេះ។

 

មតិយោបល់